ខេត្តបាត់ដំបង៖ អាជ្ញាធរស្រុក និងឃុំបានប្តេជ្ញានឹងចេញវិធានបង្ការ និងការពារប្រជាពលរដ្ឋពីគ្រោះមហន្តរាយដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ពួកគេបានសន្យានឹងបញ្ចូលយុទ្ធសាស្ត្របន្សាំនឹងការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីផែនការអភិវឌ្ឍមូលដ្ឋានរបស់គេរៀងៗខ្លួន ដើម្បីធានាបញ្ជៀសប្រជាពលរដ្ឋរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ពិសេសគឺធានាការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យមាននិរន្តរភាព។
មន្ត្រីរដ្ឋបាលស្រុក និងឃុំសរុបប្រមាណ ១៣៥នាក់ បានចូលរួមស្វែងយល់ពីយុទ្ធសាស្ត្រសម្រាប់បន្សាំនឹងការប្រែប្រួលអាកាសធាតុក្រោមការសម្របសម្រួលពីមន្ត្រីជំនាញនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងសាលប្រជុំស្រុករុក្ខគិរី និងស្រុកមោងឬស្សី។ មន្ត្រីរដ្ឋបាលថ្នាក់មូលដ្ឋានទាំងនោះ រួមមាន លោក លោកស្រីមន្ត្រីជំនាញរដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរដ្ឋបាលស្រុក មន្ត្រីការិយាល័យជំនាញជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយឃុំ។
ពួកគេបានយល់ជ្រួតជ្រៀបពីសារៈសំខាន់នៃទំនាក់ទំនងរវាងជីវិត និងបរិស្ថាន កត្តាដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ ក្រៅពីស្វែងយល់បញ្ហាប្រឈម មន្ត្រីថ្នាក់មូលដ្ឋានក៏បានយល់ដឹងពីការការពារបរិស្ថានផងដែរ ក្នុងនោះមានការដាំដុះ និងការការពារព្រៃឈើការកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលដើម្បីអភិវឌ្ឍមូលដ្ឋានការបញ្ជ្រៀបយេនឌ័រ ព្រមទាំងការស្វែងយល់ពីកិច្ចសហការជាមួយគម្រោងអភិវឌ្ឍដទៃទៀតដែរ។
មន្ត្រីរដ្ឋបាលស្រុក ឃុំដែលមានវត្តមានសុទ្ធតែបង្ហាញទឹកមុខញញឹមរីករាយ និងសម្លឹងមុខមន្ត្រីជំនាញដែលកំពុងចង្អុលផ្ទាំងបដាបទបង្ហាញចំពោះមុខពួកគេយ៉ាងយកចិត្តទុកដាក់បំផុត។ អ្នកខ្លះស្តាប់បណ្តើរ គិតបណ្តើរ សួរបណ្តើរ ហើយកត់ត្រាចំណុចសំខាន់ៗដែលអ្នកសម្របសម្រួលសង្កត់ធ្ងន់រក្សាទុកក្នុងសៀវភៅសម្រាប់ធ្វើផែនការជាប្រយោជន៍មូលដ្ឋានពួកគេបន្ថែមទៀត។
ក្រោយបញ្ចប់សិក្ខាសាលាពេញមួយថ្ងៃ លោកស្រី សេង រ័ត្នមុនី មេឃុំជ្រៃ ស្រុកមោងឬស្សី កាន់តែយល់ច្បាស់ពីការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ ដើម្បីបង្ការទប់ស្កាត់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ តំណាងមន្ត្រីចូលរួមសិក្ខាសាលាស្ត្រីវ័យ៤៥ឆ្នាំរូបនេះ បានសន្យាថា លោកស្រីនឹងបញ្ជូលខ្លឹមសារដែលទទួលបានពីការផ្សព្វផ្សាយរបស់អ្នកជំនាញ ទៅក្នុងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ។
លោកស្រី សេង រ័ត្នមុនី ដែលឱ្យតម្លៃលើបរិស្ថានស្អាតមានប្រសាសន៍ប្តេជ្ញាទាំងទឹកមុខញញឹមថា “ខ្ញុំនឹងកសាងផែនការចុះបញ្ជ្រៀបយុទ្ធសាស្ត្របន្សាំនឹងការប្រែប្រួលអាកាសធាតុ ដូចជា ការជីកស្រះរក្សាទឹក ការចុះអប់រំអំពីបរិស្ថានស្អាតក្នុងសហគមន៍ និងការប្រើប្រាស់ពបច្ចេកទេសកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍ។ បរិស្ថានស្អាត គឺជាកិត្តិយសរបស់ពលរដ្ឋក្នុងមូលដ្ឋានខ្ញុំ និងខ្ញុំផ្ទាល់។ កាលណា បរិស្ថានស្អាតនោះ យើងមានសុខភាពល្អ ហើយអារម្មណ៍យើងក៏ស្រស់ថ្លាដែរ”។
ក្រឡេកចេញពីមេឃុំស្ត្រីសម្បុរសណ្តែកបាយ សមាជិកក្រុមប្រឹក្សាឃុំមោងឬស្សី លោក ម៉ៅ ស៊ីណា បានចាត់ទុកការបញ្ជ្រៀបយុទ្ធសាស្ត្របន្សាំនឹងការប្រែប្រួលអាកាសធាតុពិតជាសំខាន់ ដោយលោកអះអាងថា វាគឺជាវិធានការឆ្លើយតបនឹងការអភិវឌ្ឍឲ្យមាននិរន្តរភាពយូរអង្វែង។
បុរសរាងស្តើងសម្បុរខ្មៅស្រអែមវ័យ៣៣រូបនេះបានមានប្រសាសន៍ថា ប្រសិនបើប្រជាជនមិនយល់ពីការបន្សាំខ្លួននឹងការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ និងរញ្ជួយដី ជាដើមនោះទេ ពួកគេនឹងអាចប្រឈមបាត់បង់ទីជម្រក ចំណីអាហារ និងការអភិវឌ្ឍនានា។
មិនខុសគ្នាពីលោកស្រីមេឃុំដែរ ដើម្បីបញ្ជ្រៀប និងបញ្ជៀសពលរដ្ឋចេញពីការប្រែប្រួលអាកាសធាតុ សមាជិកក្រុមប្រឹក្សាដែលមានមូលដ្ឋានក្នុងតំបន់ងាយរងគ្រោះដោយសារភាពរាំងស្ងួតរូបនេះ មានប្រសាសន៍ប្តេជ្ញាយ៉ាងមុតមាំថា ”ខ្ញុំនឹងធ្វើផែនការយុទ្ធសាស្ត្រតាមរយៈការសិក្សានេះដាក់ចូលទៅក្នុងកម្មវិធីអភិវឌ្ឍរបស់ឃុំ ហើយខ្ញុំនឹងចលនាពលរដ្ឋឱ្យចេះស្រលាញ់បរិស្ថានតាមរយៈការចុះអប់រំផ្សព្វផ្សាយតាមសហគមន៍ និងសាលារៀន។ បើសហគមន៍ខ្ញុំមានបរិស្ថានល្អស្អាតនោះ ពលរដ្ឋប្រាកដជាទទួលបានសុខភាពល្អដែរ”។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តគម្រោងជំនួយបច្ចេកទេសការបញ្ជ្រៀបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍដល់រដ្ឋបាលថ្នាក់ស្រុក និងឃុំ (SPCR) លោក ឡុង វិសិដ្ឋ អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីនៃលេខាធិការដ្ឋាន គ.ជ.អ.ប និងជាប្រធានសម្របសម្រួលគម្រោង SPCR បានចាត់ទុកគម្រោងនេះគឺជាជំនួយបច្ចេកទេសដែលជួយរដ្ឋបាលថ្នាក់ស្រុក និងឃុំ សង្កាត់ចេះរៀបចំ និងវាយតម្លៃផែនការច្បាស់លាស់ ដើម្បីអភិវឌ្ឍមូលដ្ឋានពួកគេឲ្យមាននិរន្តរភាព។
លោកបានមានរៀបរាប់ប្រសាសន៍ថា មូលហេតុដែលនាំឱ្យគម្រោងអនុវត្តក្នុងថ្នាក់រដ្ឋបាលថ្នាក់ស្រុក ឃុំ ដោយសារពួកគេស្ថិតនៅកៀកជិតពលរដ្ឋ និងដឹងពីតម្រូវការចាំបាច់ដែលឆ្លើយតបនឹងបញ្ហាប្រឈមច្បាស់លាស់។
មន្ត្រីជំនាញរូបនេះ មានប្រសាសន៍បញ្ជាក់ដូច្នេះ “រដ្ឋបាលស្រុកជាកន្លែងច្រកចេញចូលតែមួយ និងជាកន្លែងដែលជួយឃុំជិតជាងគេបំផុតហើយយល់ដឹងពីតម្រូវការអភិវឌ្ឍរបស់ប្រជាជនច្បាស់ជាងគេ។ រដ្ឋបាលស្រុក និងឃុំ សង្កាត់ដឹងច្បាស់ជាងគេ ធៀបនឹងរដ្ឋបាលថ្នាក់ខេត្ត និងថ្នាក់ជាតិពីតម្រូវការអភិវឌ្ឍនៅមូលដ្ឋានឲ្យមាននិរន្តរភាព”។ លើសពីនេះទៀត លោកបានបន្ថែមថា យុទ្ធសាស្ត្រនឹងក្លាយជាធាតុចូលសម្រាប់ការរៀបចំកម្មវិធីយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនៅឆ្នាំ ២០១៩ ដល់២០២៣ផងដែរ។
ជាមួយគ្នាដែរ លោក ពេជ្រ ម៉ាឡៃ អភិបាលស្រុកមោងឬស្សី បានកត់សម្គាល់ថា ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ គឺជាកម្មវត្ថុដ៏សំខាន់បំផុតដែលពិភពលោកកំពុងគ្រោងផែនការសកម្មភាព ដោយលោកបានតាមដានឃើញថា ពួកគេបានបង្កើត និងស្វែងរកមូលនិធិថវិកាសម្រាប់ជួយប្រជាពលរដ្ឋលើពិភពលោកឱ្យចេះបន្សាំនឹងការប្រែប្រួលអាកាសធាតុ។
លោកអភិបាលស្រុកសង្ឃឹមជឿជាក់ថា រដ្ឋបាលស្រុក និងឃុំ សង្កាត់នឹងយល់ដឹងពីការបង្កើនសមត្ថភាពស្ថាប័ន និងបច្ចេកទេសការបញ្ជ្រៀបភាពនឹងការប្រែប្រួលអាកាសធាតុបន្ថែមទៀត ដើម្បីពួកគេពិនិត្យតាមដាន និងធ្វើរបាយការណ៍ វាយតម្លៃភាពបន្សាំដាក់ក្នុងកម្មវិធីវិនិយោគរបស់រដ្ឋបាលរៀងៗខ្លួន។
បើតាមប្រសាសន៍លោក ឡុង វិសិដ្ឋ គម្រោងជំនួយបច្ចេកទេសការបញ្ជ្រៀបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍដល់រដ្ឋបាលថ្នាក់ស្រុក និងឃុំ (SPCR) មានរយៈពេលអនុវត្តចំនួន ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ស្ថិតក្រោមមូលនិធិថវិកាពីធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រមាណ ៥០ម៉ឺនដុល្លារ។ ប្រជាពលរដ្ឋប្រមាណ ៥ម៉ឺននាក់ដែលកំពុងរស់នៅតំបន់គោលដៅនឹងទទួលផលប្រយោជន៍តាមរយៈគម្រោង។ គម្រោងមានលទ្ធផលរំពឹងទុកសំខាន់ៗចំនួនបី ក្នុងនោះ រួមមាន លទ្ធផលទី១) សមត្ថភាពដើម្បីបញ្ជ្រៀបភាពធន់នឹងអាកាសធាតុនៅថ្នាក់ក្រោមជាតិត្រូវបានលើកកម្ពស់ លទ្ធផលទី២) សមត្ថភាពស្ថាប័ន និងបច្ចេកទេសដើម្បីធ្វើសមាហរណកម្មការព្រួយបារម្ភអំពីយេនឌ័រទៅក្នុងការផ្តួចផ្តើមការប្រែប្រួលអាកាសធាតុត្រូវបានលើកកម្ពស់ និងលទ្ធផលទី៣) សមត្ថភាពស្ថាប័ន និងបច្ចេកទេសសម្រាប់ការតាមដាន ការធ្វើរបាយការណ៍ និងការវាយតម្លៃវិនិយោគការបន្ស៊ាំអាកាសធាតុ ត្រូវបានលើកកម្ពស់៕