ខេត្តក្រចេះ៖ អាជ្ញាធររដ្ឋបាលឃុំឆ្លូង និងប្រជាពលរដ្ឋទាំងអស់សុទ្ធតែបង្ហាញទឹកមុខញញឹមនៅពេលពួកគាត់បានទទួលផ្លូវលំថ្មីប្រវែង ១៤៨៥ម៉ែត្រដែលបានជួយសម្រួលដល់ការធ្វើដំណើរទៅមកក្នុងមូលដ្ឋានរបស់ពួកគាត់។
តំណាងប្រជាកសិករក្នុងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ លោក ធឹម អេង បានសាទរនឹងសមិទ្ធផលផ្លូវលំមួយខ្សែថ្មីជាលើកដំបូង ដ្បិតលោកអាចធ្វើដំណើរដឹកកសិផលពីស្រែចំការទៅគេហដ្ឋានលោកងាយស្រួលជាងមុន។
បុរសសម្បុរខ្មៅស្រអែមមាឌក្រអាញវ័យ៦៣ឆ្នាំដែលមានកូនប្រុសស្រីចំនួន៦នាក់រស់នៅភូមិកោះកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះរូបនេះបានមានប្រសាសន៍ទាំងមុខញញឹមថា “…ពេលកសិករបើកបរដល់ព្រែកនេះពីមុន ពួកគេត្រូវចំណាយពេល ២ ទៅ៣ម៉ោងរែកផ្ទេរកសិផល ដូចជា ស្រូវ ចេក និងអំពៅនឹងស្មា ឆ្លងស្ពានត្នោតសិន មុននឹងបន្តដំណើរតាមគោយន្ត និងម៉ូតូផ្សេងទៀត។ តែឥឡូវ គេមិនចាំបាច់ចំណាយផ្ទេរកសិផលឆ្លងស្ពានទេ គឺពួកគេអាចបើកបរដឹកកសិផលដល់ផ្ទះ ឬទីផ្សារតែម្តង”។
ថ្លែងទាំងទឹកមុខញញឹមប្រហាក់ប្រហែលគ្នានឹងកសិករខាងលើដែរ លោក មុត សុភាព ដែលជាកសិកររស់នៅក្នុងភូមិ ឃុំ ស្រុក និងខេត្តខាងលើផងនោះ បានឱ្យដឹងថា គម្រោងសង់ផ្លូវលំនេះពិតជាឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋទាំងអស់ក្នុងតំបន់របស់លោក។ បុរសវ័យ៣៣ឆ្នាំរូបនេះ មានប្រសាសន៍ទាំងត្រេកអរថា “នៅពេលមានផ្លូវស្អាត ពួកយើងអាចដឹកកសិផលទៅលក់ដល់ទីផ្សារទាន់ពេល។ កូនចៅធ្វើដំណើរទៅសាលារៀនងាយស្រួល។ ពិសេសគឺទៅមណ្ឌលសុខភាពទាន់ពេល នៅពេលឈឺថ្កាត់យប់ព្រលប់”។
តំណាងកសិករទាំងពីរូបបានអំពាវនាវដល់រាជរដ្ឋាភិបាល អាជ្ញាធរ និងសប្បុរសជននានាជួយសង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រក្នុងមូលដ្ឋានលោកថែមទៀត ដើម្បីឱ្យពលរដ្ឋងាយស្រួលធ្វើដំណើរ និងបង្កបង្កើនផលកសិកម្មច្រើនជាងមុន។ ពួកគាត់ហ៊ានអះអាងថា ប្រសិនបើពួកគាត់មានបច្ចេកទេសដាំដុះ និងទឹកស្រោចស្រពគ្រប់គ្រាន់នោះ ពួកគាត់នឹងអាចធ្វើស្រែបានបីដងក្នុងមួយឆ្នាំ។
មេឃុំឆ្លូង លោក សេង គឹមចាំង បានឱ្យដឹងថា គម្រោងផ្លូវបានជួយប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានប្រមាណ ១ពាន់គ្រួសារ ស្មើនឹងជាង ៧ពាន់នាក់ប្រើប្រាស់ជាប្រយោជន៍ពួកគាត់រៀងៗខ្លួន។
ជាមួយគ្នានេះដែរ លោក មាស គុមន្នី អភិបាលរងស្រុកឆ្លូងបានសំណូមពរប្រជាពលរដ្ឋទាំងអស់ជួយថែរក្សាផ្លូវលំទាំងអស់គ្នា ដើម្បីឱ្យផ្លូវនេះបម្រើផលប្រយោជន៍ដល់ពួកគាត់យូរអង្វែង។ លោកបានមានប្រសាសន៍ទៅកាន់ពលរដ្ឋថា “យើងត្រូវចូលរួមថែរក្សាផ្លូវឱ្យបានគង់វង្សយូរអង្វែង ព្រោះផ្លូវនេះបម្រើផលប្រយោជន៍ដល់យើងទាំងអស់គ្នា”។
តាមប្រសាសន៍របស់លោកមេឃុំឆ្លូង ផ្លូវលំដីក្រួសធម្មជាតិថ្មី ១ខ្សែដែលទើបបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៧នេះមានប្រវែង ១៤៨៥ម៉ែត្រ និងដាក់លូ២កន្លែង ដោយចំណាយថវិកាសរុបចំនួន ៩០.១៦៦.៤៧០រៀល ក្នុងនោះ មូលនិធិឃុំចំនួន ៥៩.៩៦៦.៤៧០រៀល មូលនិធិកម្មវិធី ASPIREចំនួន ៣០.០០០.០០០រៀល និងបដិភាគប្រជាពលរដ្ឋចំនួន ២០០.០០០រៀល។
សូមបញ្ជាក់ថា មូលនិធិឃុំ សង្កាត់ គឺជាកញ្ចប់ថវិកាមួយដែលរាជរដ្ឋាភិបាលត្រូវផ្ទេរទៅឱ្យឃុំ សង្កាត់។ មូលនិធិនេះរួមមានចំណូលពីចំណែកដ៏ជាក់លាក់នៃចំណូលចរន្តនៃថវិការដ្ឋប្រចាំឆ្នាំ និងពីការចូលរួមរបស់ដៃគូអភិវឌ្ឍន៍នានា។ មូលនិធិនេះមានពីរផ្នែកសំខាន់ៗ គឺផ្នែករដ្ឋបាលទូទៅ និងផ្នែកអភិវឌ្ឍន៍មូលដ្ឋាន។រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតមូលនិធិឃុំ សង្កាត់ឡើងនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០០២ ក្រោយពីព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០០១។ ការអនុវត្តមូលនិធិនេះមានកំណត់ក្នុងសៀវភៅណែនាំស្តីពី ការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ (Commune/Sangkat Fund Project Implementation Manual) ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៩៕