អភិបាល​ខេត្ត​កំពង់ឆ្នាំង​ អញ្ជើញ​សាក​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ និង​ត្រួត​ពិនិត្យ​ការសាងសង់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​អាចាំង

កំពង់ឆ្នាំង ២១ វិច្ឆិកា ២០១៤៖ ឯកឧត្ដមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៥០០នាក់ មកពីឃុំអញ្ចាញរូង ឃុំពេជចង្វារ និងឃុំពពេល នៃស្រុកបរិបូណ៌ ដើម្បីពន្យល់បកស្រាយនូវបញ្ហាចម្ងល់ទាំងឡាយដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រអាចាំង ក្នុងស្រុកបរិបូណ៌ដែលជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន។

កំពង់ឆ្នាំង ២១ វិច្ឆិកា ២០១៤៖ ឯកឧត្ដមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ បានចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៥០០នាក់ មកពីឃុំអញ្ចាញរូង ឃុំពេជចង្វារ និងឃុំពពេល នៃស្រុកបរិបូណ៌ ដើម្បីពន្យល់បកស្រាយនូវបញ្ហាចម្ងល់ទាំងឡាយដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រអាចាំង ក្នុងស្រុកបរិបូណ៌ដែលជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន។

 

ពិធីមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត លោកព្រះរាជអាជ្ញា តំណាងក្រុមហ៊ុនទទួលអនុវត្តគម្រោង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំង៣ អាជ្ញាធរស្រុក ឃុំ ភូមិ ដែលជាប់ពាក់ព័ន្ធ។

 

ឯកឧត្ដមអភិបាលខេត្ត បានពន្យល់ប្រាប់ប្រជាពលរដ្ឋឲ្យយល់ច្បាស់អំពីសារៈសំខាន់របស់គម្រោង ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការបន្តជំរុញសាងសង់ប្រព័ន្ធធារាសាស្ត្រចែកចាយទឹកសម្រាប់ការងារបង្កបង្កើនផល និងបម្រើឲ្យការរស់នៅប្រចាំថ្ងៃ។

 

ឯកឧត្ដមក៏បានបញ្ជាក់ច្បាស់ អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដោយឈរលើមូលដ្ឋានសមស្របអាចទទួលយកបានទាំងអស់គ្នា។ ឯកឧត្ដមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយគម្រោង ចៀសវាងចាញ់បោកឧបាយកលឃោសនារបស់មជ្ឈដ្ឋានមួយចំនួនដែលតែងតែញុះញង់ អុចអាល ដើរបំផុសឲ្យប្រជាពលរដ្ឋតវ៉ាគ្រប់សកម្មភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

 

បន្ទាប់មកឯកឧត្ដមអភិបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធបានបន្តដំណើរទៅប្រជុំពិភាក្សាការងារនៅការិយាល័យក្រុមហ៊ុនដែលទទួលអនុវត្តគម្រោង និងចុះពិនិត្យទីតាំងមួយចំនួនរបស់គម្រោង។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រអាចាំង គ្រោងនឹងសាងសង់ទំនប់ស្ទាក់ទឹកធំមួយនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងបន្តដោយប្រឡាយមេ១ខ្សែ ប្រវែង១៩.៥០០ម៉ែត្រ និងមានប្រឡាយរងសរុប១០ខ្សែ ប្រវែងសរុប ៤៩.៦៨០ម៉ែត្រ ស្ថិតក្នុងឃុំចំនួន៨នៃឃុំទាំង១១ របស់ស្រុកបរិបូណ៌ ត្រូវសាងសង់សំណង់សិល្បការ ២២៤កន្លែង ដែលមានលទ្ធភាពស្រោចស្រពផ្ទៃដីកសិកម្មសរុបចំនួន១០០.៣០០ហិកតា៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពង់ឆ្នាំង៖ http://administration.kch.ncdd.gov.kh/?p=2157

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់