សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំលើកទី២២ របស់ គ.ជ.អ.ប.

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលនៃ​កិច្ចប្រជុំលើកទី២២ របស់ គ.ជ.អ.ប.

ថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧

ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤

នាពេលរសៀលថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅ​ទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានរៀបចំកិច្ចប្រជុំលើកទី២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ដោយមានការចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ រដ្ឋ​​លេខាធិការដែលជាសមាជិក សមាជិកានៃ គ.ជ.អ.ប. រដ្ឋមន្រ្តី រដ្ឋលេខាធិការតំណាងក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី​ ខេត្ត ដែលមានចំនួនសរុបប្រមាណ១៥០រូប។

កិច្ចប្រជុំលើកទី២២ របស់ គ.ជ.អ.ប. នេះ បានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖

១.  របាយការណ៍អនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣ របស់ គ.ជ.អ.ប.​

បន្ទាប់ពីការធ្វើបទបង្ហាញ ការពិនិត្យ និងពិភាក្សា អង្គប្រជុំបានអនុម័តលើរបាយការណ៍នៃការអនុវត្ត ផែន​ការ​សកម្មភាព និងថវិកាឆ្នាំ២០២៣របស់ គ.ជ.អ.ប. ដែលបានសម្រេចលទ្ធផលប្រមាណ៨៥%នៃលទ្ធផលរំពឹងទុក  និងសកម្មភាពនៅសេសសល់មួយចំនួនត្រូវលើកយកមកអនុវត្តនៅឆ្នាំ២០២៤។

ជា​មួយ​គ្នានេះ អង្គប្រជុំក៏បានឯកភាពឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តពង្រឹងភាពម្ចាស់ការ និងការទទួលខុសត្រូវលើការអនុវត្តផែនការសកម្ម​ភាព និងថវិកាឆ្នាំ២០២៤របស់ គ.ជ.អ.ប.​ឱ្យសម្រេច បានលទ្ធផលតាមការរំពឹងទុក។

២. សេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៤ របស់ គ.ជ.អ.ប.

ផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់ គ.ជ.អ.ប. គឺជាផែនការឆ្នាំទី៤នៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដំណាក់កាលទី២ ដែលបានបន្តផ្តោតលើការពង្រឹងរដ្ឋបាល ថ្នាក់ក្រោមជាតិឱ្យកាន់តែមានភាពរឹងមាំ ស្អាតស្អំ មានសមត្ថភាព លទ្ធភាព និងការទទួលខុសត្រូវច្បាស់​លាស់ក្នុងការអនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការធ្វើទំនើបកម្មយន្តការនិងនីតិវិធីនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ជារួម បន្ទាប់ពីការពិនិត្យពិភាក្សា អង្គប្រជុំបានអនុម័តលើផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤របស់ គ.ជ.អ.ប. ដែលមានលទ្ធផលរំពឹងទុកចំនួន៣៤ សកម្មភាពជាអាទិភាពចំនួន៨៧ និងសូចនាករចំនួន១៣៩ ក្រោមថវិកាប៉ាន់ស្មានប្រមាណជិត១.៨០០លានដុល្លារ។

៣. សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការនានារបស់ គ.ជ.អ.ប.

ពាក់ព័ន្ធនឹងរបៀបវារៈនេះ ដើម្បីធានាលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំ ការសម្របសម្រួល និងការសម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អង្គប្រជុំបានសម្រេចលើការស្នើ
កែសម្រួលអនុគណៈកម្មាធិការនៃ គ.ជ.អ.ប. ដែលមានចំនួន៥ មករក្សាទុកត្រឹមចំនួន៣ គឺ ១. អនុគណៈ
កម្មាធិការមុខងារនិងធនធាន ២.អនុគណៈកម្មាធិការកិច្ចការសារពើពន្ធ និង៣.អនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដោយស្នើលុបចោលអនុគណៈកម្មាធិការចំនួន២ គឺអនុគណៈកម្មាធិការផែនការរដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុគណៈកម្មាធិការសេវាយុត្តិធម៌។ តួនាទី ភារកិច្ចរបស់អនុគណៈ
កម្មាធិការដែលបានលុបចោលទាំងនេះ ត្រូវបានដាក់បញ្ចូលក្នុងតួនាទីរបស់អនុគណៈកម្មាធិការមុខងារ និងធនធាន និងអនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។

៤. របៀបវារៈផ្សេងៗ៖

ក្រៅពីរបៀបវារៈខាងលើ អង្គប្រជុំក៏បានពិនិត្យ ពិភាក្សាលើរបៀបវារៈផ្សេងៗចំនួន៣ទៀតដែលពាក់ព័ន្ធនឹង៖

  • ការជំរុញ និងពង្រឹងការគ្រប់គ្រងការវិនិយោគនៅរដ្ឋបាលរាជធានី ខេត្ត ដោយអង្គប្រជុំបានស្នើឱ្យក្រសួង ស្ថាប័នថ្នាក់ជាតិពន្លឿនការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យមន្ទីរ អង្គភាពខ្សែបណ្តោយរបស់ខ្លួន ដើម្បីធ្វើជាសេនាធិការឱ្យអនុគណៈកម្មាធិការវិនិយោគនៅរដ្ឋបាលរាជធានី ខេត្តក្នុងការពិនិត្យ និងសម្រេចលើគម្រោងវិនិយោគដែលមានទុនសមមូល៥លានដុល្លារចុះក្រោម យ៉ាងយូរត្រឹមត្រីមាសទី១នៃឆ្នាំ២០២៤នេះ
  • ស្ថានភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម ដែលមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយបានពង្រឹង និងពង្រីកវិសាលភាពនៃការអនុវត្តជាបន្តបន្ទាប់គ្របដណ្តប់ទាំងថ្នាក់ឃុំ សង្កាត់ និងក្រុង ស្រុក ខណ្ឌក្នុងគោលបំណងពង្រឹងការប្រាស្រ័យទាក់ទងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ និងការជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការតាមដាន ត្រួតពិនិត្យ និងការផ្តល់យោបល់កែលម្អលើការបំពេញការងារ និងការផ្តល់សេវានៅតាមមូលដ្ឋាន។
  • ការពន្លឿនការផ្ទេរធនធានហិរញ្ញវត្ថុទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យរដ្ឋបាល​ក្រុង ស្រុក ខណ្ឌមានលទ្ធភាពអនុវត្តមុខងារតាមវិស័យនានាដែលបានផ្ទេរឱ្យ។

ជារួម កិច្ចប្រជុំ គ.ជ.អ.ប. លើកទី២២នេះ បានបញ្ចប់នៅវេលាម៉ោង​១៨ និង០០នាទី នាថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសរីករាយ។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់