សេចក្តីប្រកាសព័ត៌មាន
ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប
ប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) លើកទី២១
ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦
ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានរៀបចំកិច្ចប្រជុំលើកទី២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការជាសមាជិក គ.ជ.អ.ប. និងឯកឧត្តម លោកជំទាវរដ្ឋមន្រ្តី រដ្ឋលេខាធិការតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ថ្នាក់ដឹកនាំនៃ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស តាមរយៈការចូលរួមដោយផ្ទាល់ និងការចូលរួមប្រជុំពីចម្ងាយតាមប្រព័ន្ធ Zoom សរុបចំនួន ៦០៦រូប។
កិច្ចប្រជុំលើកទី២១ របស់ គ.ជ.អ.ប. នេះ បានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១. ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលនៃការសិក្សាវាយតម្លៃមុខងារអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ
ក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានសម្រេចផ្ទេរមុខងារក្នុងអនុវិស័យចំនួន៦ក្នុងវិស័យអប់រំទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស តាមទិដ្ឋភាពពីរយ៉ាង ពោលគឺ៖ ទី១– ការប្រគល់តាមបែបវិមជ្ឈការនូវមុខងារចំនួន៣ គឺការគ្រប់គ្រងការអប់រំកុមារតូច ការគ្រប់គ្រងការអប់រំបឋមសិក្សា និងការគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ និងការធ្វើប្រតិភូកម្មតាមបែបវិសហមជ្ឈការនូវមុខងារចំនួន៣ទៀតគឺ ការងាររដ្ឋបាលគាំទ្រគ្រឹះស្ថានមធ្យមសិក្សា ការងារយុវជន និងអប់រំកាយ កីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុកទាំង១៤នៃខេត្តបាត់ដំបង និងទី២– ការធ្វើប្រតិភូកម្មនូវមុខងារទាំង៦រួមមាន ការគ្រប់គ្រងការអប់រំកុមារតូច ការគ្រប់គ្រងការអប់រំបឋមសិក្សា និងការគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ ការងាររដ្ឋបាលគាំទ្រគ្រឹះស្ថានមធ្យមសិក្សា ការងារយុវជន និងអប់រំកាយ កីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌដទៃទៀតក្រៅពីក្រុង ស្រុកនៃខេត្តបាត់ដំបង។
កិច្ចប្រជុំគ.ជ.អ.ប. បានពិនិត្យ ពិភាក្សាទៅលើសេចក្តីព្រាងរបាយការណ៍សិក្សាវាយតម្លៃការអនុវត្តមុខងារអប់រំទាំង៦ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការវាយតម្លៃនេះត្រូវបានធ្វើឡើងដោយក្រុមការងារអន្តរក្រសួង។ ការសិក្សាវាយតម្លៃនេះបានបង្ហាញឲ្យឃើញថា ការប្រគល់មុខងារតាមបែបវិមជ្ឈការទៅឲ្យរដ្ឋបាលក្រុង ស្រុកនៃខេត្តបាត់ដំបង គឺបានផ្តល់នូវភាពម្ចាស់ការ និងការទទួលខុសត្រូវច្បាស់លាស់ដល់រដ្ឋបាលក្រុង ស្រុកដែលធ្វើឲ្យការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំទាំងនេះមានលក្ខណៈល្អប្រសើរ និងការពេញចិត្តរបស់អ្នកពាក់ព័ន្ធនានាមានកម្រិតខ្ពស់ជាងការធ្វើប្រតិភូកម្មមុខងារទាំងនេះទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌដទៃទៀតក្រៅពីខេត្តបាត់ដំបង។ ផ្អែកលើលទ្ធនៃការវាយតម្លៃនេះ កិច្ចប្រជុំ គ.ជ.អ.ប. បានពិនិត្យ និងពិភាក្សាយ៉ាងហ្មត់ចត់ និងបានសម្រេចជាឯកច្ឆ័នក្នុងការពង្រីកការប្រគល់មុខងារអប់រំដូចដែលបានអនុវត្តក្នុងក្រុង ស្រុកទាំង១៤នៃខេត្តបាត់ដំបង ទៅអនុវត្តនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។ គ.ជ.អ.ប. នឹងធ្វើសេចក្តីរាយការណ៍ និងស្នើសុំគោលការណ៍សម្រេចពីសម្តេចតេជោ នាយករដ្ឋមន្ត្រី លើការពង្រីកការប្រគល់មុខងារវិស័យអប់រំនេះ។
២. ការពិនិត្យ ពិភាក្សាលើគោលការណ៍ផ្ទេរធនធានថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំសង្កាត់ (២០២៤-២០២៨)
កិច្ចប្រជុំ គ.ជ.អ.ប. បានពិនិត្យ ពិភាក្សាលើគោលការណ៍សំខាន់ៗពាក់ព័ន្ធនឹងការផ្ទេរធនធានថវិការដ្ឋជូនមូលនិធិក្រុង ស្រុក ការផ្ទេរធនធានថវិការដ្ឋជូនមូលនិធិឃុំ សង្កាត់ សម្រាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ និងការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋានពីឆ្នាំ ២០២៤-២០២៨។ ជាលទ្ធផល គ.ជ.អ.ប. បានពិនិត្យ និងឯកភាពដូចខាងក្រោម៖
- សម្រាប់មូលនិធិក្រុង ស្រុក៖ (១)បង្កើនអត្រានៃការផ្ទេរពីថវិការដ្ឋជូនមូលនិធិក្រុង ស្រុក ពី ១,៥%(ឆ្នាំ២០២៣) ទៅ ១,៦% នៃចំណូលចរន្តថវិការដ្ឋចាប់ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៨ (២)បន្តការបែងចែកចំណូលសារពើពន្ធពីរដ្ឋបាលខេត្តចំនួន៤% ជូនរដ្ឋបាលក្រុង ស្រុក។ ផ្អែកតាមការបែងចែកខាងលើ រដ្ឋបាលក្រុង ស្រុកនីមួយៗនឹងទទួលបានថវិកាចំណាយអភិវឌ្ឍន៍មូលដ្ឋានជាមធ្យមប្រមាណជាង ២១០.០០០ដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ និងកើនដល់ប្រមាណជិត ៣៧០.០០០ ដុល្លារអាមេរិកនៅឆ្នាំ២០២៨។
- សម្រាប់មូលនិធិឃុំ សង្កាត់៖ (១)បង្កើនអត្រានៃការផ្ទេរពីថវិការដ្ឋជូនមូលនិធិឃុំ សង្កាត់ ពី ៣,៤% (ឆ្នាំ២០២៣) ទៅ ៣,៥% នៃចំណូលចរន្តថវិការដ្ឋចាប់ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៨ (២)បន្តការផ្ទេរធនធានបន្ថែមពីថវិការដ្ឋក្នុងអត្រា១% នៃចំណូលចរន្តថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋានពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ (៣)បន្តការបែងចែកចំណូលសារពើពន្ធពីរដ្ឋបាលខេត្តក្នុងអត្រា ៦% ជូនរដ្ឋបាលឃុំ សង្កាត់។ ផ្អែកតាមការបែងចែកខាងលើនេះ រដ្ឋបាលឃុំ សង្កាត់នីមួយៗ អាចទទួលបានថវិកាចំណាយអភិវឌ្ឍន៍មូលដ្ឋានជាមធ្យមប្រមាណ ១០០.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅឆ្នាំ២០២៤ និងកើនដល់ប្រមាណជាង ១៤០.០០០ ដុល្លារអាមេរិកនៅឆ្នាំ២០២៨ ។
៣. របៀបវារៈផ្សេងៗ៖
កិច្ចប្រជុំ គ.ជ.អ.ប. ក៏បានស្តាប់នូវសេចក្តីរាយការណ៍អំពីវឌ្ឍនភាពនៃការពិនិត្យ និងផ្តល់យោបល់លើមាត្រា និងជំពូកនានាដែលពាក់ព័ន្ធនឹងទោសប្បញ្ញតិនៃសេចក្តីព្រាងច្បាប់ស្តីពីជលផល និងសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ។ គ.ជ.អ.ប. បានជំរុញឲ្យបន្ដការពិនិត្យ និងបញ្ចប់សេចក្តីព្រាងច្បាប់ទាំងពីរយ៉ាងយូរត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីដាក់ឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី និងដាក់ឆ្លងសភាជាតិមុនការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ។
កិច្ចប្រជុំ(គ.ជ.អ.ប.) លើកទី២១នេះ បានបញ្ចប់នៅវេលាម៉ោង១៤ និង០០នាទី នាថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសរីករាយ។