សេចក្តីប្រកាសព័ត៌មាន
កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីការពង្រីកសកម្មភាពអាកាសធាតុ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងឆ្លើយតបនឹងការងារយេនឌ័រ នៅប្រទេសកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤
លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) សហការជាមួយធនាគារពិភពលោកប្រចាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍សំខាន់មួយ នាថ្ងៃទី១៨ ខែតុលា
ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីការពង្រីកសកម្មភាពអាកាសធាតុ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងឆ្លើយតបនឹងការងារយេនឌ័រ នៅប្រទេសកម្ពុជា។
ព្រឹត្តិការណ៍នេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងលោក Ingo Wiederhofer ប្រធានប្រតិបត្តិផ្នែកអភិវឌ្ឍន៍សង្គម នៃធនាគារពិភពលោក។ បន្ទាប់មកឈានដល់កម្មវិធីចាប់ផ្តើម លោក Abidah Billah Setyowati អ្នកឯកទេសជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍សង្គមនៃធនាគារពិភពលោក នឹងធ្វើបទបង្ហាញស្ដីពីលទ្ធផលសំខាន់ៗនៃរបាយការណ៍ទាំងពីរ ដោយគូសបញ្ជាក់អំពីសារៈសំខាន់នៃការបញ្ចូលវិធីសាស្រ្តឆ្លើយតបការងារយេនឌ័រក្នុងសកម្មភាពអាកាសធាតុ។
ព្រឹត្តិការណ៍នេះ ក៍មានកិច្ចពិភាក្សា ដែលមានការចូលរួមពីវាគ្មិនដែលមកពីក្រសួងបរិស្ថាន លេខាធិការដ្ឋាន
គ.ជ.អ.ប. អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្តល់ទស្សនៈអំពីគំនិតផ្តួចផ្តើមដែលជំរុញភាពធន់របស់កម្ពុជាចំពោះបញ្ហាអាកាសធាតុ។ វាគ្មិនរួមមាន លោកជំទាវបណ្ឌិត ងិន លីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងកញ្ញា វន ថារី នាយិកាប្រតិបត្តិ នៃអង្គការ SudRAIN និងវាគ្មិនសំខាន់ៗផ្សេងទៀត។ កិច្ចពិភាក្សានេះនឹងសម្របសម្រួលដោយ លោកស្រី Susan Shen ទីប្រឹក្សាផ្នែកអភិវឌ្ឍន៍សង្គមធនាគារពិភពលោក។
ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងកម្មវិធីបិទកិច្ចប្រជុំផ្សព្វផ្សាយ។
ព្រឹត្តិការណ៍នេះនឹងផ្តល់ឱកាសដល់ដៃគូទាំងអស់ក្នុងការស្វែងរក អំពីកិច្ចសហការបន្ថែមដើម្បីឆ្ពោះទៅរកភាពធន់នឹងអាកាសធាតុ ដែលផ្តោតលើសមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំមូលដ្ឋាន។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តនៅសណ្ឋាគារ Novotel ដោយមានអាហារថ្ងៃត្រង់សម្រាប់កសាងទំនាក់ទំនង។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
ប្រាក់ ម៉ាលី ជំនួយការកម្មវិធី ធនាគារពិភពលោក – អ៊ីមែល៖ mprak@worldbank.org
តំណភ្ជាប់ប្រព័ន្ធហ៊្សូមៈ https://us02web.zoom.us/j/82032731578?pwd=7RZG1XNhzUOF3mIG8F7aQmfBRlUYvK.1
Meeting ID: 820 3273 1578 Passcode: 482970
តំណភ្ជាប់ហ្វេសប៊ុក: https://www.facebook.com/WorldBankCambodia