បាត់ដំបង ៣១ ឧសភា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់
ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានការគាំទ្រ
ពីកម្មវិធីសហភាពអឺរ៉ុបដើម្បីលើកកម្ពស់ការបំពេញការងារគណនេយ្យភាព…
បាត់ដំបង ៣១ ឧសភា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
(គ.ជ.អ.ប) ដោយមានការគាំទ្រពីកម្មវិធីសហភាពអឺរ៉ុបដើម្បីលើកកម្ពស់ការបំពេញការងារគណនេយ្យភាពនិងការចូលរួមរបស់ប្រជាពលរដ្ឋ
(EU- SPACE) កាលពីថ្ងៃទី ១៦-១៧ ខែ ឧសភា ឆ្នាំ២០១៣ បានរៀបចំសិក្ខាសាលាស្ដីពីការពង្រឹងទំនាក់ទំនងរវាងក្រុមប្រឹក្សាជាស្ត្រី
នៅខេត្តបាត់ដំបង។
សិក្ខាសាលានេះមានការចូលរួមពីក្រុមប្រឹក្សាជាស្ត្រី ខេត្តបាត់ដំបង
និងក្រុមប្រឹក្សាជាស្ត្រីខេត្តកំពង់ឆ្នាំង ក្រុមការងារកម្មវិធី EU-SPACE, GIZ
និងក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានវត្តមានសរុប
៤៦នាក់។
សិក្ខាសាលានេះមានគោលបំណងដើម្បី៖ (១). រៀនសូត្រពីបទ
ពិសោធន៍ល្អៗរបស់ក្រុមប្រឹក្សាជាស្ត្រីនៅក្នុងខេត្តបាត់ដំបង
និងខេត្តកំពង់ឆ្នាំង (២). យល់ដឹងអំពីរបៀបនៃការរៀបចំសំណើជាក់លាក់សម្រាប់ដាក់ជូនក្រុមប្រឹក្សា
នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា និងកិច្ចប្រជុំរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) និង (៣). ពង្រឹងទំនាក់ទំនង
រវាងក្រុមប្រឹក្សាជាស្ត្រីក្នុងខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង។
របៀបវារៈសំខាន់ៗក្នុងសិក្ខាសាលារួមមាន៖ (១). ការចែករំលែកបទពិសោធន៍របស់ក្រុមប្រឹក្សាជាស្ត្រី (២). បទបង្ហាញអំពីរបៀបនៃការរៀបចំ
សំណើដាក់ជូនក្រុមប្រឹក្សា ឬ គ.ក.ស.ក (៣). ការងារជាក្រុមលើការរៀបចំសំណើ (៤). ការពិភាក្សាអំពីបញ្ហាដែលជួបប្រទះ (៥).
បទបង្ហាញអំពីការរៀបចំសំណើ (៦). ការពិភាក្សាអំពីជំហានបន្ទាប់ដែលត្រូវធ្វើសម្រាប់សំណើដែលបានរៀបចំ។
បន្ទាប់ពីបានចូលរួមសិក្ខាសាលារយៈពេលមួយថ្ងៃកន្លះ ក្រុមប្រឹក្សាជាស្ត្រីមកពីខេត្តបាត់ដំបង និងក្រុមប្រឹក្សាជាស្ត្រីមកពីខេត្តកំពង់ឆ្នាំង បានយល់ដឹង
បន្ថែមទៀតនូវរបៀបសរសេរសំណើ ការចូលរួមធ្វើសេចក្ដីសម្រេច និងបានលើកឡើងនូវបញ្ហានានាដែលកើតមានឡើងនៅពេលបំពេញ
ការងារនៅមូលដ្ឋានដើម្បីស្វែងរកដំណោះស្រាយ ជាពិសេសបានចែករំលែកបទពិសោធន៍ល្អៗពីក្រុមប្រឹក្សាស្ត្រីដ៏ទៃទៀត និងធ្វើឲ្យក្រុមប្រឹក្សា
ជាស្រ្តីមានទំនាក់ទំនងល្អព្រមទាំងចេះស្វែងរកការគាំទ្រដើម្បីដោះស្រាយបញ្ហា។
ចុងបញ្ចប់នៃសិក្ខាសាលាក្រុមប្រឹក្សាជាស្ត្រីនៃខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំងបានសំណូមពរ ស្នើសុំឲ្យមានសិក្ខាសាលា ឬវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពលើផ្នែកពាក់ព័ន្ធបន្ថែមទៀតនៅពេលខាងមុខ៕