បាត់ដំបង ០១ កញ្ញា ២០១៣៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម)…
បាត់ដំបង ០១ កញ្ញា ២០១៣៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម)ដោយមានការគាំទ្រមូលនិធិដោយអង្គការ យូនេសេហ្វ កាលពីថ្ងៃទី ២៨-២៩ ខែសីហា ឆ្នាំ ២០១៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេចក្ដីណែនាំ បច្ចេកទេសសម្រាប់ការរៀបចំកសាងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ននៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅសណ្ឋាគាររស្មីបាត់ដំបង ខេត្តបាត់ដំបង។
សិក្ខាសាលានេះមានគោលបំណងដើម្បីផ្សព្វផ្សាយដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យយល់ដឹងពីឯកសារបច្ចេកទេសស្ដីពីគោលការណ៍ណែនាំ
សម្រាប់ការរៀបចំកសាងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន នៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងជាផែនទីបង្ហាញផ្លូវក្នុងការត្រៀមបម្រុងការកាត់បន្ថយគ្រោះមហន្តរាយ។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតេយ្យភាពឯកឧត្ដម ប៉ុន ណារិទ្ធិ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ដោយមានការចូលរួមពីមន្ត្រីរាជការសាលាខេត្តបាត់ដំបង តំណាងអង្គការ UNICEF អភិបាលរងខេត្ត (ដែលទទួលបន្ទុកការងារគ្រោះមហន្តរាយ) ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់រាជធានី ខេត្ត មន្ត្រីបច្ចេកទេសនៃលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានាដែលមានចំនួនសរុប១៥២នាក់(ស្រី ២៤នាក់)។
ក្នុងសុន្ទរកថាសំណេះសំណាលបើកសិក្ខាសាលា ឯកឧត្ដម ប៉ុន ណារិទ្ធិ អគ្គលេខាធិការនៃ គ.ជ.គ.ម បាន ផ្ដល់នូវទស្សនៈទានសំខាន់ៗស្ដីពីការងារគ្រប់គ្រងគ្រោះមហន្តរាយ ការកាត់បន្ថយហានិភ័យ នៃគ្រោះ មហន្តរាយ និងបានបង្ហាញពីយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ។
ឯកឧត្ដម ប៉ុន ណារិទ្ធិ អគ្គលេខាធិការនៃ គ.ជ.គ.ម បានមានមតិផ្ដាំផ្ញើដល់អង្គពិធីទាំងមូលត្រូវធ្វើការសហការគ្នាដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយតាមរយៈយន្តការមួយដ៏រឹងមាំសមស្រប ជាពិសេសភាពជាដៃគូដើម្បីសម្រេចទស្សនវិស័យក្នុងការកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្តរាយ ដោយត្រូវធ្វើយ៉ាងណា កសាងសហគមន៍ឱ្យមានភាពធននិងគ្រោះមហន្តរាយដោយធម្មជាតិនិងការអភិវឌ្ឍមួយប្រកបដោយនិរន្តរភាព។
ប្រធានបទដែលបានលើកយកមកបង្ហាញនៅក្នុងសិក្ខាសាលានេះរួមមាន៖ (១). សេចក្ដីណែនាំបច្ចេកទេសសម្រាប់ការរៀបចំកសាងផែនការត្រៀបបម្រុងឆ្លើយតបគ្រោះអាសន្ននៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (២). សេចក្ដីផ្ដើម និងបរិបទរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (៣). ប្រព័ន្ធផ្ដល់ព័ត៌មានជាមុន និងយន្តការ រចនាសម្ព័ន្ធ និងសកម្មភាពយុទ្ធសាស្ត្ររបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ (៤). ផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន (សេណារីយ៉ូដែលទំនងកើតឡើងបំផុត ផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន) (៥). ធនធាន។
គួរបញ្ជាក់ថា សេចក្ដីណែនាំបច្ចេកទេសសម្រាប់ការរៀបចំកសាងផែនការត្រៀមបម្រុង ឆ្លើយតបគ្រោះអាសន្ននៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានបង្កើតឡើងក្រោមការណែនាំរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការចូលរួមជាគំនិតយោបល់ និងទស្សនៈពីអ្នកពាក់ព័ន្ធជាច្រើននៅឆ្នាំ២០១២ ក្រោមកិច្ចសហប្រតិបត្តិការរៀបចំសម្របសម្រួល និងគាំទ្រផ្នែកបច្ចេកទេសដោយមន្ត្រីជំនាញរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ត្រីជំនាញលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ព្រមទាំងក្រុមការងារបច្ចេកទេសរបស់អង្គការ UNICEF និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតដែលអនុវត្តគម្រោងកម្មវិធីគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការបន្សាំការប្រែប្រួលអាកាសធាតុ៕