រាជធានីភ្នំពេញ ២០ ធ្នូ ២០១៧៖ អង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានសហការជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិលដោយទទួលបានការគាំទ្រថវិកាពីអង្គការ UNICEF បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងថ្នាក់ជាតិ ដើម្បីពិនិត្យ និងពិភាក្សាលើការងារបិទផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ នៃការអនុវត្តការងារគណនេយ្យភាពសង្គម ។
សិក្ខាសាលាបានរៀបចំឡើងរយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ក្នុងសាលប្រជុំក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានានៅថ្នាក់ជាតិ មន្ត្រីទទួលបន្ទុកគណនេយ្យភាពថ្នាក់ខេត្ត និងថ្នាក់ស្រុក ព្រមទាំងអង្គការសង្គមស៊ីវិលនិងដៃគូអភិវឌ្ឍន៍សរុបប្រមាណ ១២០នាក់។ ។
ក្នុងឱកាសបើកសិក្ខាសាលានេះ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងសុន្ទរកថាបើកសិក្ខាសាលាគូសបញ្ជាក់ឡើងវិញពីការអនុវត្តកម្មវិធីជាតិ១០ឆ្នាំ(ពីឆ្នាំ២០១០-២០២០) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ចំពោះផែនការអនុវត្ត៣ឆ្នាំដំណាក់កាលទីបី(ផ.អ.៣ទី៣)ពីឆ្នាំ២០១៨-២០២០) ឯកឧត្តមអនុរដ្ឋលេខាធិការបានបង្ហាញទិសដៅ និងទស្សនៈទានទៅអនាគតក្នុងការ (១) បន្តអភិវឌ្ឍរដ្ឋបាលក្រុង ស្រុកឱ្យក្លាយទៅជារដ្ឋបាលមូលដ្ឋានយ៉ាងពិតប្រាកដក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (២) ការបែងចែកឱ្យបានច្បាស់លាស់នូវមុខងារ និងតួនាទីរវាងរដ្ឋបាលថ្នាក់ក្រោមជាតិទាំង៣គឺរដ្ឋបាលរាជធានីខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ (៣) បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការផ្ទេរមុខងារពីក្រសួង ស្ថាប័ន និងការផ្ទេរមុខងារសេវាទីប្រជុំជនពីរដ្ឋបាលខេត្តទៅឱ្យរដ្ឋបាលក្រុង ស្រុក ដែលការផ្ទេរមុខងារទាំងនេះចាំបាច់ត្រូវផ្ទេរភ្ជាប់ទៅជាមួយនូវធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងធនធានចាំបាច់ផ្សេងៗទៀត។
ទន្ទឹមនេះដែរ ឯកឧត្តមក៏បានកោតសរសើរមន្ត្រីដែលបំពេញការងារអនុវត្តការងារគណនេយ្យភាពសង្គម អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលចូលរួមអនុវត្តការងារគណនេយ្យភាពសង្គមដែលជាផ្នែកមួយនៃសមាសភាពទី២ របស់ ផ.អ.៣ទី៣របស់កម្មវិធីជាតិបានយ៉ាងល្អប្រសើរនាពេលកន្លងមក។ ឯកឧត្តមមានប្រសាសន៍ថា” ការងារគណនេយ្យភាពសង្គមនេះជាផ្នែកមួយសំខាន់ណាស់នៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការរបស់យើងដែលផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនង ការប្រាស្រ័យទាក់ទងរវាងរដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋរបស់យើង”។
ឯកឧត្តមបានបន្ថែមថា ឯកឧត្តមជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកសមាជិកា និងតំណាងក្រុងស្រុកគោលដៅទាំង៩៨ នឹងបន្តខិតខំពង្រឹងកិច្ចការការងារសំខាន់ៗនៃការងារគណនេយ្យភាពសង្គមបន្ថែមទៀត ដើម្បីប្រែក្លាយជារដ្ឋបាលមូលដ្ឋានដែលមានតួនាទីច្បាស់លាស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា អង្គសិក្ខាសាលាបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការបិទផ្សព្វផ្សាយព័ត៌មានទិន្នន័យលទ្ធផលបំពេញការងាររបស់រដ្ឋបាលឃុំសាលាបឋមសិក្សា និងមណ្ឌលសុខភាព ដោយផ្តោតការយកចិត្តទុកដាក់លើសូចនាករទាំង ៦ របស់អង្គភាពផ្តល់សេវាទាំង ៣ (រដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) ធៀបនឹងស្តង់ដារកំណត់របស់ជាតិ និងសំណូមពរដល់អង្គសិក្ខាសាលាទាំងមូល ជួយរៀបចំប្រមូល ចងក្រងមេរៀនបទពិសោធន៍ល្អដើម្បីធ្វើការផ្សព្វផ្សាយ។ សិក្ខាកាមក្នុងអង្គសិក្ខាបានស្តាប់នូវបទបង្ហាញនានារួមមាន១)បទបង្ហាញស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ២០១៧ ដោយផ្អែកលើការបិទផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋរបស់ថ្នាក់ជាតិ។ ២)បទបង្ហាញស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ២០១៧ របស់ថ្នាក់ក្រោមជាតិដោយផ្អែកលើការបិទផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ។ ៣)គោលការណ៍ណែនាំបច្ចេកទេសស្តីពី របៀបបំពេញលើទម្រង់ប្រមូលការបញ្ចូលទិន្នន័យ (Post-on)និងការបិទផ្សព្វផ្សាយ និង៤) ការធ្វើផែនការសម្រាប់អនុវត្តការងារគណនេយ្យភាពសង្គម ឆ្នាំ២០១៨ ព្រមទាំងស្វែងយល់ដឹងអំពីបញ្ហាប្រឈមនានា និងដំណោះស្រាយនានាដែលត្រូវអនុវត្តនាពេលខាងមុខផងដែរ៕