ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាជាតិនេះនាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានមានប្រសាសន៍ថា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំដំបូងនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២០នេះ ហើយផ្អែកលើសមិទ្ធផល មេរៀន បទពិសោធន៍នាពេល កន្លងមក និងបញ្ហាប្រឈមនានាដែលត្រូវបន្តដោះស្រាយ ព្រមទាំងក្នុងគោលបំណងបន្តជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ជាពិសេស ដើម្បីចូលរួមចំណែកសម្រេចបាននូវចក្ខុ វិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ រាជរដ្ឋាភិបាលចាំបាច់ត្រូវរៀបចំ និងដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិដំណាក់ កាលទី២សម្រាប់រយៈពេល១០ឆ្នាំបន្ថែមទៀត គឺចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០។ សម្តេចបានបន្ថែមថា ដើម្បីធានាដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ រយៈពេល១០ឆ្នាំខាងមុខនេះ យើងចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដូចនេះ ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល សាធារណៈ គឺជាកត្តាដ៏មានសារៈសំខាន់មួយក្នុងការចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យនេះ។ ក្នុងន័យនេះ កម្មវិធីជាតិដំណាក់កាលទី២នឹងត្រូវកំណត់ឱ្យបានច្បាស់លាស់នូវការទទួលខុសត្រូវ រវាងក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗ ដើម្បីចៀសវាងឱ្យបាននូវភាពមិនច្បាស់លាស់នៃការទទួលខុសត្រូវ និងភាពត្រួតស៊ីគ្នានៃ ការទទួលខុសត្រូវរវាងរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោម ជាតិនីមួយៗ។
ជារួម ក្នុងអំឡុងពេល១០ឆ្នាំខាងមុខនេះ គឺត្រូវធ្វើទំនើបកម្មរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ រួមជាមួយនឹងការកំណត់ឱ្យបានច្បាស់លាស់នូវសិទ្ធិអំណាច មុខងារ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់។
ពាក់ព័ន្ធនឹងកិច្ចការទាំងនេះ គ.ជ.អ.ប. បានចាត់ចែងឱ្យមានការសិក្សា និងរៀបចំសេចក្តី ព្រាងឯកសារទស្សនទានសម្រាប់ជាមូលដ្ឋានតម្រង់ទិសដល់ការរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ រយៈពេល១០ឆ្នាំដំណាក់កាលទី២ ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០។ សេចក្តីព្រាងឯកសារទស្សនទាននេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រអភិវឌ្ឍជាតិ គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ច្បាប់រៀបចំអង្គការ និងបញ្ហាប្រឈម នានាដែលត្រូវដោះស្រាយ ព្រមទាំងមេរៀន បទពិសោធន៍នៃការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិនៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងក្នុងពិភពលោក។ យើងបានប្រើប្រាស់ពេលវេលាជាង៦ខែ ដើម្បីសិក្សារៀបចំឯកសារទស្សនទាននេះ ដោយមានការពិភាក្សា និងពិគ្រោះយោបល់ជាមួយមន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធមួយចំនួន។
ដើម្បីឱ្យឯកសារទស្សនទាននេះទទួលបាននូវធាតុចូលបន្ថែមទៀត ជាពិសេស ការមូលមតិ ឯកភាពគ្នាលើចក្ខុវិស័យ និងគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ការរៀបចំប្រព័ន្ធអភិបាល កិច្ចមូលដ្ឋានតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យរៀបចំសិក្ខាសាលាជាតិនាពេលនេះ ហើយឆ្លៀតក្នុងឱកាសនោះ សម្តេចបានគូសបញ្ជាក់ជូននូវចក្ខុវិស័យជាគន្លឹះៗមួយចំនួន សម្រាប់រយៈពេល១០ឆ្នាំខាងមុខដូចខាងក្រោម៖
ទីមួយ៖ ការពិនិត្យឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធគ្រប់គ្រងនៃរដ្ឋបាលសាធារណៈ
ការបែងចែកសិទ្ធិ អំណាច មុខងារ និងការទទួលខុសត្រូវរវាងរដ្ឋបាលតាមថ្នាក់នីមួយៗត្រូវ ផ្អែកលើគោលការណ៍ដែលកំណត់ថា សេវាសាធារណៈនានាត្រូវផ្តល់ដោយរដ្ឋបាលថ្នាក់ណាដែល អាចមានប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងសង្គមខ្ពស់បំផុត ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ និងឆាប់រហ័សជាងគេ។
ផ្អែកលើគោលការណ៍នេះ រចនាសម្ព័ន្ធ មុខងារ ការទទួលខុសត្រូវ និងប្រព័ន្ធទំនាក់ទំនង អន្តរស្ថាប័នរវាងរដ្ឋបាលតាមថ្នាក់នីមួយៗនឹងត្រូវពិនិត្យ និងកែសម្រួលឡើងវិញដូចតទៅ៖
• ក្រសួង ស្ថាប័នថ្នាក់ជាតិ៖ នឹងមានមុខងារស្នូលសំខាន់ៗមួយចំនួនដូចជា ១). ការសិក្សា ស្រាវជ្រាវដើម្បីជំរុញការអភិវឌ្ឍ និងនវានុវត្តន៍តាមវិស័យជំនាញនីមួយៗ ២). ការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ច្បាប់ លិខិតបទដ្ឋានគតិយុត្ត បទដ្ឋានបច្ចេកទេសសម្រាប់កំណត់ស្តង់ដាសេវានានា ៣). គាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លើការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង៤). ការអនុវត្ត មុខងារជាយុទ្ធសាស្ត្រធំៗមួយចំនួន។
• រដ្ឋបាលរាជធានី៖ រាជធានីភ្នំពេញនឹងរៀបចំឱ្យក្លាយទៅជារដ្ឋបាលទីក្រុងមេត្រូប៉ូលីតែន (Metropolitan) ដែលមានប្រព័ន្ធគ្រប់គ្រងដោយឡែកពីរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ដទៃទៀត។ ប្រព័ន្ធគ្រប់គ្រងរាជធានីភ្នំពេញ (ទីក្រុងមេត្រូប៉ូលីតែន) នឹងត្រូវរៀបចំ ស្របតាមគោលការណ៍នៃរដ្ឋបាលឯកភាព ដែលអាចរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធី វិនិយោគមានលក្ខណៈជាយុទ្ធសាស្រ្ត អាចអនុវត្តគម្រោងវិនិយោគធំៗ ព្រមទាំងអាច សម្របសម្រួលបាននូវការផ្តល់សេវាសាធារណៈនានានៅទូទាំងដែនដីនៃរដ្ឋបាលរាជធានី ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ រចនាសម្ព័ន្ធ មុខងារ សិទ្ធិអំណាច និងរបៀបរបបការងារ ព្រមទាំងខ្សែគណនេយ្យភាពរបស់ទីក្រុងមេត្រូប៉ូលីតែននឹងត្រូវធ្វើការសិក្សាយ៉ាងល្អិតល្អន់ ដោយដកស្រង់នូវមេរៀន បទពិសោធន៍នានា និងផ្អែកលើ បរិបទ ជាក់ស្តែងរបស់កម្ពុជា នៅក្នុងដំណាក់កាលនៃការអនុវត្តកម្មវិធីជាតិ១០ឆ្នាំខាងមុខនេះ។
• រដ្ឋបាលខេត្ត៖ នឹងរៀបចំប្រែក្លាយទៅជារដ្ឋបាលដែលមានរចនាសម្ព័ន្ធគ្រប់គ្រង និងចរិត លក្ខណៈជារដ្ឋបាលតំបន់ តាមគោលការណ៍នៃរដ្ឋបាលឯកភាព។ រដ្ឋបាលតំបន់មាន មុខងារសំខាន់ៗមួយចំនួនដូចជា ១). បំពេញមុខងារជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តមុខងារនានា ដែលរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នធ្វើប្រតិភូកម្មឱ្យ ២). បំពេញមុខងារនានាពាក់ព័ន្ធនឹងការគាំទ្របច្ចេកទេស ការអភិវឌ្ឍសមត្ថភាព ការសម្របសម្រួល ការត្រួតពិនិត្យនីត្យានុកូលភាព ការតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃលើការបំពេញការងាររបស់រដ្ឋបាលមូលដ្ឋាន និង៣). អនុវត្តមុខងារ ឬគម្រោងក្នុងវិស័យសាធារណៈសំខាន់ៗមួយចំនួនដែលមានលក្ខណៈបច្ចេកទេសខ្ពស់ និងឬមានវិសាលភាពគ្របដណ្តប់លើភូមិសាស្រ្តទូទាំងខេត្តដែលរដ្ឋបាលក្រុង ស្រុកពុំអាចអនុវត្តបាន។
• រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់៖ នឹងប្រែក្លាយទៅជារដ្ឋបាលមូលដ្ឋានដែលមានស្វ័យភាព និងការទទួលខុសត្រូវជាសំខាន់លើការផ្តល់សេវាសាធារណៈចាំបាច់ជាមូលដ្ឋានដោយផ្ទាល់ជូនប្រជាពលរដ្ឋ។ រដ្ឋបាលមូលដ្ឋានទាំងនេះនឹងត្រូវរៀបចំឱ្យមាន រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងផ្សេងៗគ្នា ស្របតាមសក្តានុពល និងស្ថានភាពនៃតម្រូវការផ្សេងៗគ្នារវាងតំបន់ទីប្រជុំជន និងតំបន់ជនបទ។ រដ្ឋបាលមូលដ្ឋានទាំងនេះនឹងមានមុខងារសំខាន់ៗចំនួន៣គឺ ១). កំណត់តម្រូវការ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន តាមរយៈដំណើរការកសាងផែនការដោយមានការចូលរួមដោយផ្ទាល់ពីប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ២). រៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋាន និងផ្តល់សេវាចាំបាច់ជាមូលដ្ឋាននានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមបទដ្ឋាន បច្ចេកទេស និងស្តង់ដាសេវាដែលបានកំណត់ ដើម្បីឆ្លើយបតទៅនឹងតម្រូវការ និង ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលមានលក្ខណៈផ្សេងៗគ្នានៅតាមមូល ដ្ឋាននីមួយៗ និង៣). រៀបចំ និងអនុវត្តការងារគណនេយ្យភាពជាមួយប្រជាពលរដ្ឋ តាមរយៈក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រុមជាតិនីមួយៗ។
ទីពីរ៖ ការរៀបចំធនធាន និងកិច្ចការពាក់ព័ន្ធចាំបាច់នានា៖
ជារួម ការពិនិត្យ និងការកែសម្រួលឡើងវិញនូវមុខងារ រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ គឺជាកិច្ចការស្នូលនៃកម្មវិធីជាតិដំណាក់កាលទី២សម្រាប់អនុវត្តរយៈពេល១០ឆ្នាំខាងមុខ។ កិច្ចការស្នូលទាំងនេះនឹងពាក់ព័ន្ធទៅនឹងតម្រូវការចាំបាច់នៃការពិនិត្យ និងការរៀបចំឡើងវិញនូវច្បាប់ លិខិតបទដ្ឋានគតិយុត្តឱ្យបានច្បាស់លាស់ ការពិនិត្យ និងរៀបចំឡើងវិញ នូវធនធានមនុស្ស និងធនធានហិរញ្ញវត្ថុឱ្យបានសមស្របទៅនឹងមុខងារ និងការទទួលខុសត្រូវរបស់រដ្ឋបាលសាធារណៈតាមថ្នាក់នីមួយៗ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានភាពជាម្ចាស់ និងមាន លទ្ធភាពធ្វើការអភិវឌ្ឍមូលដ្ឋាន និងផ្តល់សេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយ បញ្ហាប្រឈមនានានៅតាមមូលដ្ឋានរបស់ខ្លួន។
ទីបី៖ អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក៖
ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ គឺជាកិច្ចការអាទិភាពមួយដែលយើង ត្រូវរៀបចំ និងជំរុញការអនុវត្តនៅគ្រប់កម្រិតថ្នាក់នៃរដ្ឋបាលសាធារណៈរបស់យើង ដើម្បីបង្កើន ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើនយ៉ាងឆាប់រហ័សនូវបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជា។ អាស្រ័យហេតុនេះ យើងត្រូវជំរុញការរៀបចំ និងអនុវត្តប្រព័ន្ធអេឡិចត្រូនិកក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាបណ្តើរៗលើកិច្ចការសំខាន់នានាដូចជា ទំនាក់ទំនងការងាររវាងរដ្ឋបាលនិងរដ្ឋបាល ទំនាក់ទំនង ការងាររវាងរដ្ឋបាលនិងប្រជាពលរដ្ឋ ការផ្តល់សេវាធារណៈ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍ សមត្ថភាពជាដើម។
ទីបួន៖ កិច្ចការអន្តរវិស័យ៖
កម្មវិធីជាតិដំណាក់កាលទី២នឹងបន្តផ្តោតទៅលើការលើកកម្ពស់ការងារអន្តរវិស័យចាំបាច់នានា រួមមាន ការងារយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ តាមរយៈការបញ្ជ្រាបកិច្ចការអន្តរវិស័យទាំងនេះទៅក្នុងរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង របស់រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗមាន លទ្ធភាពពេញលេញក្នុងការគ្រប់គ្រងធនធានមនុស្ស ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ មូលដ្ឋានដោយគ្មានការរើសអើង ការប្រកាន់ជាតិសាសន៍ សាសនា ភេទ ក្រុមជនងាយរងគ្រោះផ្សេងទៀត ព្រមទាំងអាចសិក្សាវាយតម្លៃ និងឆ្លើយតបទៅនឹងភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយនានា ដើម្បីជួយគាំទ្រដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន។
សិក្ខាសាលាជាតិនាថ្ងៃនេះ មានគោលបំណងផ្តល់ឱកាសជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលក្នុងការពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើចក្ខុវិស័យសម្រាប់កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពីការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម សំដៅចូលរួមចំណែកសម្រេចឱ្យបាននូវគោលបំណងរួមនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០។
ពាក់ព័ន្ធនឹងចក្ខុវិស័យទាំងនេះ និងផ្អែកលើមេរៀន បទពិសោធន៍នៃការអនុវត្តជាក់ស្តែង នាពេលកន្លងមក ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបានគូសបញ្ជាក់ថា យើងចាំបាច់ត្រូវទទួលស្គាល់នូវសារៈសំខាន់នៃភាពម្ចាស់ការ និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិលើការផ្តល់សេវាសាធារណៈចាំបាច់ជាមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព។
ក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល២ទសវត្សរ៍កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការរៀបចំ និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តខ្នាតតូច គម្រោងផ្តល់សេវាសង្គមយ៉ាងច្រើន ព្រមទាំងការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ក្នុងឆ្នាំ២០២០នេះ រដ្ឋបាលថ្នាក់ក្រោមជាតិបានចូលរួមប្រកបដោយភាពម្ចាស់ការក្នុង ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដ៏កាចសាហាវ ស្របតាមគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលយ៉ាងមានប្រសិទ្ធភាព និងការចាត់វិធានការ និងកៀរគរការគាំទ្រពីស្ថាប័នពាក់ព័ន្ធនានា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់យ៉ាងទាន់ពេលវេលា ស្របទៅតាមស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់មូលដ្ឋាននីមួយៗ។ ក្នុងន័យនេះ យើងមិន ត្រូវមានភាពស្ទាក់ស្ទើរក្នុងការផ្ទេរសិទ្ធិ អំណាច មុខងារ ធនធាន និងការទទួលខុសត្រូវទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែង និងមានលក្ខណៈ ផ្សេងៗគ្នានៅតាមមូលដ្ឋាននីមួយៗនោះឡើយ។