វេទិកា​ផ្សព្វផ្សាយ ​និង​ពិគ្រោះ​យោបល់​លើក​ទី​១​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់​ឆ្នាំង​ អាណត្តិ​ទី​១​

កំពង់ឆ្នាំង ថ្ងៃទី១២ ធ្នូ ២០១៣៖ ខេត្តកំពង់ឆ្នាំងបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ជាលើកដំបូង ក្នុងអាណត្តិទី១ របស់ខ្លួនកាលពី ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៣  ក្រោមអធិបតីភាពឯកឧត្តម  សៀត គឹមលៀង  អភិបាលរង ខេត្តកំពង់ឆ្នាំង…

 

កំពង់ឆ្នាំង ថ្ងៃទី១២ ធ្នូ ២០១៣៖ ខេត្តកំពង់ឆ្នាំងបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ជាលើកដំបូង ក្នុងអាណត្តិទី១ របស់ខ្លួនកាលពី ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៣  ក្រោមអធិបតីភាពឯកឧត្តម  សៀត គឹមលៀង  អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត ស្នងការនគរបាលខេត្ត  ប្រធានមន្ទីរជុំវិញខេត្ត  អង្គការមិនមែនរដ្ឋាភិបាល អភិបាលស្រុក មេឃុំ មេភូមិ និង ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។

ឯកឧត្តម  ម៉ែន ធឿន  ប្រធានក្រុមប្រឹក្សាខេត្តបានមានមតិថា ផែនការបីឆ្នាំរំកិលរបស់ខេត្តកំពង់ឆ្នាំង(២០១៣-២០១៥) គឺបានអនុវត្ត គម្រោងសកម្មភាពដែលជាតម្រូវការអាទិភាពនានា សំដៅឲ្យទៅសម្រេចបានគោលដៅ  គោលបំណងសូចនាករ និងចំណុចដៅ សំខាន់ៗក្នុងផែនការអភិវឌ្ឍន៍ខេត្ត រយៈពេល ៥ឆ្នាំ(២០១១-២០១៥)របស់ក្រុប្រឹក្សាខេត្តអាណត្តិទី១ ដែលមាន ចក្ខុវិស័យធ្វើការ អភិវឌ្ឍកសាងសង្គមមួយដែលមានឯកភាព ពិតប្រាកដ  មានសមគ្គីភាពរឹងមាំ មូលដ្ឋានវប្បធម៌ជាតិត្រូវបាន ពង្រឹង និងពង្រីក ជាប្រចាំ ការកាត់បន្ថយអនក្ខរភាព ឲ្យស្ថិតក្នុង កម្រិតអប្បបរមា សុខុមាលភាពរបស់ប្រជាជនល្អប្រសើរ កាត់បន្ថយភាពក្រីក្រ លើកកម្ពស់សមធម៌យេនឌ័រ និងសិទ្ធិ អំណាចរបស់ស្រ្តី  ធានានិរន្តរភាព  បរិស្ថានធម្មជាតិ និងបង្កើនភាពជាដៃគូទូទៅដើម្បី ការអភិវឌ្ឍ ។

 

ឯកឧត្តមបានបន្ថែមថា ការរៀបចំវេទិការនេះមានគោលបំណង ដើម្បីផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផល ដែលរដ្ឋបាល ខេត្តសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានាផងដែរ ។ គម្រោងសកម្មភាពជាអាទិភាពនៃការអភិវឌ្ឍរបស់រដ្ឋបាលខេត្តសម្រាប់ ឆ្នាំមុន ដើម្បីពិភាក្សាលើកិច្ចការទៅរបស់រដ្ឋបាលខេត្ត ទទួលយកនូវអនុសាសន៍សម្រេចរបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងធ្វើការ ឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់។

 

ឯកឧត្តម សៀត គឹមលាង អភិបាលរងខេត្តកំពង់ឆ្នាំង បានបន្ថែម ថា បងប្អូនប្រជាពលរដ្ឋ និងនាក់ចូលរួមលើកឡើងនូវសំណួរ និងសំណូមពរផ្សេងៗទាក់ទងនឹងប្រធានបទជាអាទិភាពចំនួន ៣ចំណុចរួមមានបញ្ហា ភូមិ ឃុំ មានសុវត្ថិភាពបញ្ហាអភិវឌ្ឍន៍ មូលដ្ឋាន និងការផ្ដល់សេវាសាធារណៈរបស់អាជ្ញាធរជូន ប្រជាពលរដ្ឋ និងបញ្ហាសុខភាពអប់រំ បរិស្ថាននៅក្នុងមូលដ្ឋាន ផងដែរ។

 

ឯកឧត្តមបានបញ្ជាក់បន្ថែមថា រដ្ឋបាលកម្ពុជាបានចាត់ទុក អភិបាលកិច្ចល្អថាជាផ្នែក មួយដ៏សំខាន់នៃយុទ្ធសាស្រ្ត ចតុកោណក្នុងការ សម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍។ សិទ្ធិទទួលបានព័ត៌មាន គឺជាកូនសោគន្លឹះ ដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អ និងការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ។

 សិទ្ធិនេះអាចជួយឲ្យប្រជាជនទទួលព័ត៌មាននានាទាក់ទងទៅនឹងសកម្មភាព និងការសម្រេចចិត្តរបស់ រាជរដ្ឋាភិបាល ហើយជួយដល់រាជរដ្ឋាភិបាលក្នុងការធ្វើសកម្មភាពប្រកបដោយតម្លាភាព សុចរិតភាព គណនេយ្យភាព ការចូលរួម និងបង្កើតទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលក្នុងដំណើរការអភិវឌ្ឍ ដើម្បីបានទៅរកវឌ្ឍនភាព និងនិរន្តរភាព ដូច្នេះរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋត្រូវការយល់ដឹងពីសិទ្ធិទទួលបានព័ត៌មាន និងសារសំខាន់នៃសិទ្ធិនេះ៕

ដកស្រង់ចេញពីវែបសាយ AKP ចុះផ្សាយថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់