បាត់ដំបង ៥ វិច្ឆិកា ២០១៣៖ អង្គការផេក សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប
កាលពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៣ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី
ប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សា…
បាត់ដំបង ៥ វិច្ឆិកា ២០១៣៖ អង្គការផេក សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប
កាលពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៣ បានបើកវគ្គបណ្ដុះបណ្ដាល
ស្ដីពីប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សានៅខេត្តបាត់ដំបង
ដោយមានការចូលរួមពីអង្គការអមរា និងអង្គការអនាគតកុមារនិងប្រធានក្រុមប្រឹក្សា
គណៈអភិបាលខេត្ត បាត់ដំបង និងខេត្តពោធិ៍សាត់ តំណាងអង្គការសហគមន៍
មូលដ្ឋាននិងអ្នកពាក់ព័ន្ធមានចំនួនសរុប២៣នាក់។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាលរួមមាន៖ (១). បង្ហាញពីគោលគំនិត ដំណើរការ និងរបៀបដាក់ពិន្ទុលើបញ្ជីសំណួរនៃប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងារ និងសេវារបស់ក្រុមប្រឹក្សាក្រុង (២). សម្របសម្រួលវគ្គបណ្ដុះបណ្ដាលបន្ត និងដំណើរការប័ណ្ណដាក់ពិន្ទុសហគមន៍ដល់ក្រុមប្រឹក្សាក្រុង និងអង្គការសហគមន៍មូលដ្ឋាន។
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានឆន្ទៈមោះមុតក្នុងកិច្ចដំណើរការកំណែទម្រង់អភិបាលកិច្ចល្អនៅមូលដ្ឋានសំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ តាមរយៈការអនុវត្តកម្មវិធីជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងពង្រឹងគណនេយ្យភាពរបស់ក្រុមប្រឹក្សាគ្រប់ប្រភេទចំពោះប្រជាពលរដ្ឋទៅលើគ្រប់សកម្មភាពអភិវឌ្ឍរបស់ក្រុមប្រឹក្សា។
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះលោកស្រី អ៊ឹង យក់ឃន នាយិកាអង្គការអមរាបានលើកឡើងពីគោលបំណង និងសារៈសំខាន់នៃប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សា ដែលនឹងក្លាយជាឧបករណ៍ឆ្លុះបញ្ចាំងការអនុវត្តតួនាទី ភារកិច្ច របស់ក្រុមប្រឹក្សាក្រុង ស្រុក ដោយប្រៀបធៀបការអនុវត្តបច្ចុប្បន្នទៅនិងច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលការណ៍ទាំងប្រាំនៃអភិបាលកិច្ចល្អ ដើម្បីរកឱ្យឃើញចំណុចខ្លាំងសម្រាប់ចងក្រងបទពិសោធន៍ដើម្បីអភិវឌ្ឍមុខងារ តួនាទី និងភារកិច្ចឲ្យកាន់តែមានគុណភាព។
ឯកឧត្ដមជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋានគ.ជ.អ.ប
បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់ក្នុងការរួមសហការគ្នាមិនអាចខ្វះបានរវាងអង្គការ
សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកំណែទម្រង់តាមបែបវិមជ្ឈការ
និងវិសហមជ្ឈការ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ឯកឧត្ដមជាម ប៉េអា មានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការជាតិ
សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) បានគាំទ្រដល់ដំណើរការ
រៀបចំ និងការអនុវត្តផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍ
តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់បំពេញបន្ថែមលើគណនេយ្យភាពតាមបែប
ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ឯកឧត្ដមជាម ប៉េអាបានមានសំណូមពរដល់អ្នកចូលរួមដែលជាតំណាងស្ថាប័ន អង្គការសង្គមស៊ីវិលត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋ
ប្រកបដោយតម្លាភាពនិងត្រូវប្រកាន់នូវគោលការណ៍ទាំង៧ចំណុចដែលមានក្នុងផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គម
សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរួមមាន៖(១). អាទិភាពរបស់ប្រជាពលរដ្ឋ (២). កម្រិតមូលដ្ឋាន (៣).
ការចូលរួមក្នុងន័យស្ថាបនា (៤). ការតាំងចិត្ត (៥). ភាពជាដៃគូ (៦). ការដាក់បញ្ចូលនូវតម្រូវការនានា (៧). ការខិតខំលុបបំបាត់នូវគម្លាត។
ខ្លឹមសារវគ្គបណ្ដុះបណ្ដាលរួមមាន៖ (១). ការណែនាំអំពីវគ្គបណ្ដុះបណ្ដាល (២). ដំណើរការប័ណ្ណដាក់ពិន្ទុសហគមន៍ (៣). សិទ្ធិនិងតួនាទីរបស់ប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពក្រុមប្រឹក្សាក្រុង (៤). តួនាទី ភារកិច្ច និងការផ្ដល់សេវារបស់ក្រុមប្រឹក្សាក្រុង(៥).
ការដាក់ពិន្ទុ បូកសរុបពិន្ទុ និងការចាត់អាទិភាពបញ្ហា (៦). កិច្ចពិគ្រោះយោបល់និងរៀបចំផែនការសកម្មភាព ការរៀបចំកាលវិភាគ និងការទទួលខុសត្រូវក្នុងការអនុវត្តប័ណ្ណដាក់ពិន្ទុសហគមន៍។
បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលរយៈពេល១ថ្ងៃ ដែលសម្របសម្រួលដោយអង្គការ ផេក ដល់មន្ត្រីបង្គោលអង្គការដៃគូមក នៅថ្ងៃបន្ទាប់អង្គការដៃគូមានអង្គការអមរា បានបើកវគ្គបណ្ដុះបណ្ដាលបន្តដល់តំណាងអង្គការសហគមន៍មូលដ្ឋាន (CBO) ក្រុមប្រឹក្សា គណៈអភិបាល ក្រុងបាត់ដំបង ហើយនៅថ្ងៃទី៣សិក្ខាកាមទាំងអស់ដែលបានមកចូលរួមវគ្គបណ្ដុះបណ្ដាលមានធ្វើការបែងចែកជា១០ក្រុម ចុះទៅតាមសង្កាត់ទាំង១០ នៅក្រុងបាត់ដំបងជួបជាមួយប្រជាពលរដ្ឋដើម្បីអនុវត្តសាកល្បងប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សា។ ជាលទ្ធផលចុងបញ្ចប់ក្រុមប្រឹក្សាក្រុង ជួបជាមួយអង្គការសហគមន៍មូលដ្ឋានផ្ទៀងផ្ទាត់លទ្ធផលនិងរៀបចំផែនការសកម្មភាព កាលវិភាគ និងការទទួលខុសត្រូវអនុវត្តបញ្ហាអាទិភាពទាំង៨ចំនុច៕