ក្រចេះ ១១ កញ្ញា ឆ្នាំ២០១៣: វគ្គបណ្ដុះបណ្ដាលស្តីពី ការរៀបចំគម្រោង ក្រុង ស្រុក ដល់មន្ត្រីថ្នាក់ដឹកនាំក្រុង ស្រុក មកពីក្រុងក្រចេះ និងស្រុកចិត្របុរី ដើម្បីផ្ដល់ចំណេះដឹងថ្មីៗ …
ក្រចេះ ១១ កញ្ញា ឆ្នាំ២០១៣: វគ្គបណ្ដុះបណ្ដាលស្តីពី ការរៀបចំគម្រោង ក្រុង ស្រុក ដល់មន្ត្រីថ្នាក់ដឹកនាំក្រុង ស្រុក មកពីក្រុងក្រចេះ និងស្រុកចិត្របុរី ដើម្បីផ្ដល់ចំណេះដឹងថ្មីៗ ទាក់ទងនឹងការរៀបចំគម្រោងផ្សេងៗ និងសម្រាប់ជាមូលដ្ឋានក្នុងការណែនាំ សម្របសម្រួល តម្រង់ទិសក្នុងការអនុវត្តតួនាទី ភារកិច្ចប្រកបដោយតម្លាភាព និងគណនេយ្យភាព របស់រដ្ឋបាលក្រុង ស្រុក ដែលបានរៀបចំឡើងនៅ ថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៣។
ស្ថិតក្រោមការសម្របសម្រួលរបស់ក្រុមអភិវឌ្ឍន៍សមត្ថភាពថ្នាក់ខេត្ត និងទីប្រឹក្សា ផអ៣ វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមដ៏ខ្ពង់ខ្ពស់របស់ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និង នាយករដ្ឋបាលស្រុក មកពីស្រុកចិត្របុរី និងក្រុងក្រចេះ សរុបចំនួន ៣៤ នាក់ ក្នុងនោះស្រី ២នាក់។
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល លោកអភិបាលរងខេត្ត បានសង្ខេបពីប្រវត្តិនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដែលបានវិវឌ្ឍន៍ជឿនលឿនប្រកបដោយជោគជ័យ ដោយចាប់ផ្ដើមដំបូង នៅថ្នាក់ឃុំ សង្កាត់នាឆ្នាំ២០០២ និងបន្តពង្រីកវិសាលភាពរហូតដល់ផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង(២០១១-២០១៣) នៃកម្មវិធីជាតិ ដើម្បីជាព័ត៌មានបន្ថែមដល់អ្នកចូលរួមទាំងអស់។
លោកអភិបាលរងខេត្ត ក៏បានលើកទឹកចិត្តដល់សិក្ខាកាមអោយខិតខំស្វែងយល់ពីវគ្គបណ្ដុះបណ្ដាលនេះ ឲ្យបានស៊ីជម្រៅ ចំណែកអ្នកសម្របសម្រួល ត្រូវយកចិត្តទុកដាក់ពន្យល់បង្ហាញ ឲ្យបានច្បាស់លាស់ អំពីខ្លឹមសារមេរៀន ជូនដល់អ្នកចូលរួមទាំងអស់ ដោយប្រើប្រាស់វិធីសាស្ត្រសមស្របនានា ដើម្បីផ្ទេរចំណេះដឹងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងយកចំណេះដឹងទាំងនេះ ទៅអនុវត្តជាក់ស្តែង ក្នុងដំណើរការរៀបចំគម្រោងក្រុង ស្រុកនាពេលខាងមុខ។
ដោយលោក ចាន់ សុខារិទ្ឋ ទីប្រឹក្សាស្រុក ចិត្របុរី