រាជធានីភ្នំពេញ ១៦ មករា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី១១ខែមករា ឆ្នាំ២០១៣ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១២ និងទិសដៅបន្ត…
រាជធានីភ្នំពេញ ១៦ មករា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី១១ខែមករា ឆ្នាំ២០១៣ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១២ និងទិសដៅបន្តរបស់លេខាធិការដ្ឋាន គ.ជ.អ.បនៅសាលប្រជុំក្រសួងមហាផ្ទៃ។
កិច្ចប្រជុំប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការចូលរួមពីបុគ្គលិក និងទីប្រឹក្សាជាតិនិងអន្តរជាតិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានចំនួនសរុបប្រមាណ ១០០នាក់ (ស្រ្តី៣០នាក់)។
កិច្ចប្រជុំនេះមានគោលបំណង (១). ជួបប្រជុំរវាងថ្នាក់ដឹកនាំជាមួយមន្ត្រីលេខាធិការដ្ឋានគ.ជ.អ.ប (២). ឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១២ (៣). លើកឡើងអំពីបញ្ហាប្រឈមសំខាន់ៗសម្រាប់កែលំអនិងស្វែងរកដំណោះស្រាយ (៤). លើកកម្ពស់ការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៣។
មានមតិស្វាគមន៍ បើកកិច្ចប្រជុំ ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានសំដែងនូវអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់មន្ត្រី និងទីប្រឹក្សានៃលេខាធិការដ្ឋានដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដែលជាការចូលរួមចំណែកដ៏មានសារៈសំខាន់ក្នុងការធ្វើឲ្យសម្រេចបាននូវសមិទ្ធផលគួរជាទីមោទននៃការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ឯកឧត្ដម ង៉ាន់ ចំរើន មានប្រសាសន៍ថា៖ « គោលបំណងសំខាន់នៃកិច្ចប្រជុំនាថ្ងៃនេះ គឺការកំណត់ឲ្យបាននូវបញ្ហាប្រឈមសំខាន់ៗ ដែលត្រូវយកមកពិនិត្យពិភាក្សាដើម្បីស្វែងរកដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាពសម្រាប់អនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៣ ដែលជាឆ្នាំចុងក្រោយនៃផែនការអនុវត្តរយៈពេលបីដំបូង ២០១១–២០១៣ (ផអ៣) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០–២០១៩)សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលយើងត្រូវធានាឲ្យបាននូវការរៀបចំបញ្ចប់នូវកិច្ចការសំខាន់ៗនានាដែលនៅសេសសល់ពីឆ្នាំ២០១២ និងសកម្មភាពជាអាទិភាពថ្មីៗចាំបាច់ផ្សេងទៀតដែលត្រូវអនុវត្តក្នុងឆ្នាំ២០១៣ ”។
កិច្ចប្រជុំមានរបៀបវារៈសំខាន់ៗរួមមាន៖ (១). បទបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ (២). បទបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី (៣). បទបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ (៤). បទបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន (៥). បទបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃក្រុមសវនកម្មផ្ទៃក្នុង។
តាមរយៈបទបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានារបស់អង្គភាពទាំងបួននិងក្រុមសវនកម្មផ្ទៃក្នុងនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានលើកឡើងនូវបញ្ហាប្រឈមជាគន្លឹះនានាដើម្បីស្នើសុំគោលការណ៍ណែនាំបន្ថែមពីថ្នាក់ដឹកនាំលេខាធិការដ្ឋាន ដូចជា៖
-
បញ្ហាប្រឈមដែលតម្រូវឲ្យមានការឯកភាពផ្នែកនយោបាយ
-
បញ្ហាប្រឈមពាក់ព័ន្ធនឹងស្ថានភាពគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ
-
បញ្ហាប្រឈមពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពក្រុង ស្រុក
-
បញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តតួនាទីរបស់លេខាធិការដ្ឋាន គ.ជ.អ.ប
មានមតិសំណេះសំណាល និងបិទកិច្ចប្រជុំ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានផ្ដល់អនុសាសន៍ និងសំណូមពរមួយចំនួនដូចខាងក្រោម៖
-
ស្នើឲ្យបង្កើតនូវអង្គការលេខ ដើម្បីស្វែងរករបៀបទំនាក់ទំនង និងដោះស្រាយបញ្ហាខ្លះៗរវាងអង្គភាពចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប អនុកម្មវិធីនានានៃផអ៣ និងថ្នាក់រាជធានី ខេត្ត។
-
ការជ្រើសរើសបុគ្គលិកបន្ថែមៈ (១). ស្នើឲ្យមានការជ្រើសរើសបុគ្គលិកបន្ថែមដែលមានសមត្ថភាពខ្ពស់ទៅតាមអង្គភាពផ្សេងៗដែលជាមន្ត្រីរដ្ឋាភិបាល (២). ស្នើឯកឧត្ដមអនុប្រធានប្រតិបត្តិ សហការជាមួយអនុកម្មវិធីដទៃទៀត ជាពិសេសរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ឬក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល ដើម្បីអាចមានថ្នាក់សម្រាប់មន្ត្រីរាជការ (៣). ចលនាមន្ត្រីពីក្រសួង ស្ថាប័នផ្សេងៗដើម្បីឲ្យចូលរួមបំពេញការងារ។
-
ការផ្សព្វផ្សាយព័ត៌មានៈ (១). ត្រូវបន្តខិតខំលើកកម្ពស់សមត្ថភាព និងគុណភាពនៃការផ្សព្វផ្សាយព័ត៌មានបន្ថែមទៀត (២). ជំរុញឲ្យមានការបង្កើតព្រឹត្តិបត្រព័ត៌មានទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសនៅថ្នាក់រាជធានី ខេត្ត។ សហការជាមួយអនុកម្មវិធីទី២ (ក្រសួងមហាផ្ទៃ) ទាក់ទងនឹងក្រុមទទួលបន្ទុកព័ត៌មានថ្នាក់រាជធានី ខេត្ត ដើម្បីទទួលបានព័ត៌មានទាក់ទងនិងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (៣). សហការរៀបចំវេទិកាតុមូលស្ដីពីវិមជ្ឈការ និងវិសហមជ្ឈការ (៤). ស្នើឲ្យមានវេទិកាផ្សេងៗជាមួយអ្នកនយោបាយជាពិសេសជាមួយរដ្ឋសភា និងព្រឹទ្ធសភាទាក់ទងនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
-
ត្រូវបន្តពង្រឹង និងលើកកម្ពស់សមត្ថភាព និងគុណភាពទាក់ទងនឹងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ។
-
ការធ្វើសវនកម្មផ្ទៃក្នុងត្រូវឲ្យមានភាពច្បាស់លាស់ រួមទាំងផ្ដល់យោបល់ដល់អ្នកគ្រប់គ្រងឲ្យបានច្បាស់លាស់។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រសរសើរដល់មន្ត្រី ទីប្រឹក្សា និងបុគ្គលិកបើកបរ ចំនួន០៤រូប ដែលជាបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០១២ របស់លេខាធិការដ្ឋានគ.ជ.អ.ប៕