រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំផថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនយ្យភាពសង្គម (គ.គ.អ.ស) បានអញ្ជើញជាគណៈអធិបតីដឹកនាំប្រជុំលើកទី១០ របស់ គ.គ.អ.ស. និងវិធីសម្ភោធដាក់អោយអនុវត្តគម្រោងគាំទ្រដល់ផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី០២ ក្រោមជំនួយថវិការបស់រាជរដ្ឋាភិបាលអូស្ត្រាលី។ក្រោមកិច្ចសហការរវាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ធនាគារពិភពលោក និងអង្គការទស្សនពិភពលោក មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គ.គ.អ.ស អ្នកអង្កេតការណ៍ជាដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានាសរុបចំនួន ៥៦រូប(ស្រ្តី២១រូប)។ កិច្ចប្រជុំបានប្រព្រឹត្តទៅស្របតាមរបៀបវារៈដែលបានគ្រោងទុករួមមាន៖ (១) បទបង្ហាញរបាយការណ៍លទ្ធផលនៃបេសកកម្មគាំទ្រការអនុវត្តលើកទី៦ របស់ធនាគារពិភពលោក (២) បទបង្ហាញអំពីវឌ្ឍនភាព បញ្ហាប្រឈម និងផែនការបន្ទាប់របស់ផ្នែកផ្គត់ផ្គង់និងផ្នែកតម្រូវការ និង (៣) បទបង្ហាញស្តីពីវឌ្ឍនភាពនៃផែនការសម្រាប់និរន្តរភាពរួមទាំងឧបករណ៍ឌីជីថលពាក់ព័ន្ធ។ ឆ្លងតាមការធ្វើបទបង្ហាញ ពិភាក្សាពិគ្រោះយោបល់យ៉ាងផុសផុល កិច្ចប្រជុំទទួលបាននូវលទ្ធផលសំខាន់ៗដែលត្រូវយកចិត្តទុកដាក់បន្តអនុវត្តដូចខាងក្រោម៖
- តាមរយៈការធ្វើបទបង្ហាញដោយលោក Benjamin Burckhart តំណាងធនាគាពិភពលោក ឃើញថាការអនុវត្តការងារគណនេយ្យភាពសង្គមមានលទ្ធផលល្អប្រសើរឡើងៗ បើប្រៀបធៀបទៅនឹងបេសកកម្មគាំទ្រគម្រោងនាពេលកន្លងមក។ ក្រុមការងារបន្តយកចិត្តទុកដាក់សហការជាមួយធនាគារពិភពលោកក្នុងការបញ្ចប់ឯកសារជំនួយស្មារតីស្តីពីលទ្ធផលបេសកកម្មនេះ ដើម្បីអនុវត្តនូវចំណុចដែលបានឯកភាពគ្នា (Agreed Actions) ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
- ចំពោះបទបង្ហាញអំពីវឌ្ឍនភាព បញ្ហាប្រឈម និងផែនការបន្ទាប់របស់ផ្នែកផ្គត់ផ្គង់និងផ្នែកតម្រូវការ ដូចគ្នាផងដែរឃើញថាមានលទ្ធផលល្អ ការអនុវត្តការងារគណនេយ្យភាពសង្គមបានពង្រីកទូទាំងប្រទេសគិតមកដល់ឆ្នាំ២០២៣នេះ ក៏ប៉ុន្តែក៏យើងនៅបន្តជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដូចនេះក្រុមការងារ ជាពិសេសក្រុមការងារបច្ចេកទេសនឹងធ្វើការពិភាក្សាគ្នារិះរកដំណោះស្រាយល្អៗ ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្ត និងទុកជាមេរៀនបទពិសោធន៍បន្តទៀតក្នុងការអនុវត្តគម្រោងដំណាក់កាលទី២ ក្រោមការគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី អោយបានកាន់តែល្អបន្ថែមទៀត។
- ចំពោះការពិភាក្សាគ្នាលើការងារពាក់ព័ន្ធទៅនឹងឧបករណ៍ឌីជីថល ដូចជាកម្មវិធីទូរស័ព្ទដៃរបស់ I-SAF ក្រុមការងារបន្តពិភាក្សានិងស្វែងរកចំណុចគន្លឹះក្នុងការដាក់បញ្ជូលព័ត៌មានបន្ថែម ឆ្លើយតបជាពិសេសទៅនឹងការកំណត់អាទិភាពលើវិស័យអប់រំក្រោមការណែនាំរបស់ សម្តេចបវធិបតី ដូចដែលលោកជំទាវអនុរដ្ឋលេខាធិការក្រសួងអប់រំបានគូសបញ្ជាក់រួមមានដូចជា ការពង្រឹងអភិបាលកិច្ចសាលារៀន ការរៀបចំកម្មវិធីសិក្សាឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ធនធានមនុស្ស ការយកចិត្តទុកដាក់សុខមាលភាពសិស្ស និងការលើកទឹកចិត្តការចូលរួមពីសហគមន៍។
- ការងារផែនការនិរន្តរភាពដែលបានពិភាក្សាគ្នានៅក្នុងកម្មវិធីវិប្បសនា ដែលសម្របសម្រួលដោយធនាគារពិភពលោកកន្លងទៅនេះ ឃើញថាយើងសម្រេចបាននូវសកម្មភាពមួយចំនួនហើយ ដោយនៅសេសសល់មួយចំនួនទៀតត្រូវយកចិត្តទុកដាក់អនុវត្តបន្ត។ ដូចនេះសូមក្រុមការងារសហការគ្នាពិនិត្យឡើងវិញបន្ថែមទៀតថាតើអ្វីខ្លះដែលត្រូវយកចិត្តទុកដាក់អនុវត្តបន្ទាន់ ឬ អាចឈានទៅដល់ការពិភាក្សាគ្នាក្នុងកម្រិតក្រុមបច្ចេកទេសដើម្បីអនុវត្តឱ្យបានទាន់ពេលវេលា និងមានការទទួលខុសត្រូវច្បាស់លាស់ ជាក់ស្តែងដូចជាការពង្រឹងលើការប្រើប្រាស់ប្រព័ន្ធឌីជីថល ។ល។
ទន្ទឹមនឹងលទ្ធផលខាងលើនេះ ឯកឧត្តមប្រធាន គ.គ.អ.ស. បានផ្តល់អនុសាសន៍សំខាន់ៗបន្ថែមដល់ក្រុមការងារ ក៏ដូចជាជំហានបន្តសម្រាប់យកចិត្តទុកដាក់អនុវត្តដូចខាងក្រោម៖
១) លើកទឹកចិត្តក្រុមការងារបន្តខិតខំយកចិត្តទុកដាក់អនុវត្តការងារគណនេយ្យភាពសង្គមឱ្យបានទូទាំងប្រទេសដូចដែលបានកំណត់នៅក្នុងផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ ក៏ដូចជាកម្មវិធីជាតិដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលផងដែរ។
២) ការពង្រីកការងារគណនេយ្យភាពសង្គមនៅកម្រិតថ្នាក់ក្រុង ស្រុក ខ័ណ្ឌ សូមគាំទ្រក្នុងការផ្តោតសំខាន់ទៅលើការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋដូចដែលបានលើកឡើងក្នុងលទ្ធផលបេសកម្មគាំទ្រគម្រោងលើកទី៦នាពេលថ្មីៗនេះ។ ដូចនេះសូមក្រុមការងារបន្តពិភាក្សាជាមួយធនាគារពិភពលោក ក្នុងការរៀបចំផែនការ ក៏ដូចជាថវិកាក្នុងការ អនុវត្តកិច្ចការងារនេះនៅពេលខាងមុខ។
៣) ចំពោះក្រុមការងារបច្ចេកទេសដែលបានរៀបចំឡើង សូមរៀបចំនូវកិច្ចប្រជុំរួមគ្នាដំបូងឡើងដើម្បីពិនិត្យលើកិច្ចការបច្ចេកទេសពាក់ព័ន្ធនានាសំដៅធានាដល់ការគាំទ្រការងារគណនេយ្យភាពសង្គមរបស់យើងអោយមានដំណើរការទៅមុខបានល្អបន្ថែមទៀត។
៤) ស្នើរសូមអោយដៃគូរអភិវឌ្ឃន៍បន្តគាំទ្រការងារគណនេយ្យភាពសង្គមបន្ថែមទៀតដើម្បីបន្តពង្រីកការអនុវត្តអោយបានទូទាំងប្រទេសដូចដែលបានលើកឡើងខាងដើម ជាពិសេសធ្វើឱ្យការអនុវត្តមានភាពរឹងមាំ និងអាចដាក់បញ្ចូលអោយបានពេញលេញទៅក្នុងប្រព័ន្ធការងាររបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីអោយមាននិរន្តរភាពនៅពេលខាងមុខ។
៥) ដូចដែលបានលើកឡើងកន្លងទៅ និងបានឃើញក្នុងផែនការបន្ត នៃលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៦នេះផងដែរ សូមក្រុមការងារសហការគ្នាក្នុងការរៀបចំរបាយការណ៍សង្ខេបរួមមួយអំពីលទ្ធផលការងារគណនេយ្យភាពសង្គម ដើម្បីជាឯកសារដើម្បីចែករំលែក។
៦) ចំពោះការរៀបចំយុទ្ធសាស្ត្រទំនាក់ទំនងសម្រាប់ការងារគណនេយ្យភាពសង្គម សូមគាំទ្រ និងលើកទឹកចិត្តដល់ក្រុមការងារធនាគារពិភពលោក លេខាធិការដ្ឋាន គ.ជ.អ.ប. និងអង្គការទស្សនពិភពលោក ក៏ដូចជាអង្គការពាក់ព័ន្ធផ្សេងៗទៀតបន្តពិភាក្សា និងស្វែងយល់លើឯកសារយុទ្ធសាស្ត្រទំនាក់ទំនងដែលមានស្រាប់នានា ដូចជាយុទ្ធសាស្ត្រទំនាក់ទំនងរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. សំដៅធ្វើយ៉ាងណាអោយមានលក្ខណៈស្របគ្នា និងឆ្លើយតបគ្នាទៅវិញទៅមក។
៧) ក្រុមការងារបន្តពិគ្រោះយោបល់ រវាងគារពិភពលោក សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប. និងអង្គការទស្សនៈពិភពលោកត្រៀមរៀបចំវេទិកាផ្សព្វផ្សាយការងារគណនេយ្យភាពសង្គម (I-SAF Fair/Event) នៅចន្លោះដំណាច់ខែមករា និងខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។
៨) ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. សហការគ្នារៀបចំរបាយការណ៍លទ្ធផលកិច្ចប្រជុំនេះ ដូចដែលបានរៀបចំយ៉ាងល្អកាលពីកិច្ចប្រជុំលើកទី៩ កន្លងទៅ និងធ្វើការចែករំលែកដល់សមាជិក គ.គ.អ.ស ក៏ដូចជាអ្នកពាក់ព័ន្ធ។
២. លទ្ធផលកម្មវិធីសម្ភោធដាក់ឱ្យអនុវត្តគម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២៖
កម្មវិធីសម្ភោធដាក់អោយអនុវត្តគម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គ.គ.អ.ស អ្នកអង្កេតការណ៍ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានាសរុបចំនួន ១៦៣រូប (ស្រ្តី៤៦រូប)។ គម្រោងដែលសម្ភោធដាក់ឱ្យអនុវត្តមានចំនួន០២គម្រោង ក្នុងនោះគម្រោងក្រោមការដឹកនាំអនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប. មានឈ្មោះថា “គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដំណាក់កាលទី២” និងដោយឡែកគម្រោងក្រោមការអនុវត្តដោយអង្គការទស្សពិភពលោកមានឈ្មោះថា “ការផ្សារភ្ជាប់ប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈគណនេយ្យភាពសង្គម” ។
កម្មវិធីសម្ភោធដាក់អោយអនុវត្តគម្រោងនេះមានដំណើរការដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក រួមមាន ១).មតិចាប់អារម្មណ៍របស់តំណាងធនាគារពិភពលោកប្រចាំនៅកម្ពុជា ២). មតិចាប់អារម្មណ៍របស់ឯកឧត្តមអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ៣).បទបង្ហាញអំពីគម្រោងដោយតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងតំណាងអង្គការទស្សនពិភពលោក និង ៤).មតិចាប់អារម្មណ៍ និងប្រកាសដាក់ឱ្យអនុវត្តគម្រោងដោយ ឯកឧត្តម ងី ចន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស. ។
តំណាងធនាគារពិភលោក និងឯកឧត្តមអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានកោតសរសើរ និងគូសបញ្ជាក់នូវកិច្ចសហការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូរអភិវឌ្ឍន៍ ជាពិសេសការអនុវត្តនូវគម្រោងនានា និងគម្រោងគាំទ្រដល់ការងារគណនេយ្យភាពសង្គមដែលបាននឹងកំពុងអនុវត្ត ទទួលបានលទ្ធផលយ៉ាងល្អនាពេលបច្ចុប្បន្ននេះ។ លទ្ធផល និងបទពិសោធន៍ពីការអនុវត្តគម្រោងទាំងនេះ គឺជាមូលដ្ឋានដ៏រឹងមាំក្នុងការអនុវត្តគម្រោងដំណាក់កាលទី២ និងមានជំនឿរយ៉ាងមុតមាំថា លេខាធិការដ្ឋាន គ.ជ.អ.ប. និងអង្គការទស្សនពិភពលោកនឹងបន្តកិច្ចសហការល្អ ផ្តល់ការគាំទ្រគ្នាទៅវិញទៅមកតាមការទទួលខុសត្រូវរៀងៗខ្លួនលើផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ។
ក្រោយពីបទបង្ហាញអំពីគម្រោង របស់លេខាធិការដ្ឋាន គ.ជ.អ.ប. និងអង្គការទស្សនពិភពលោកបានបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស បានធ្វើចំណាប់អារម្មណ៍និងប្រកាសដាក់អោយអនុវត្តគម្រោងចាប់ពីពេលនេះតទៅ ក្នុងនោះឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ដៃគូរអភិវឌ្ឍន៍ដែលបានបន្តគាំទ្រដល់ការងារកំណែរទម្រង់វិមជ្ឍការ និងវិសហមជ្ឍការរបស់រាជរដ្ឋាភិបាលនាអណត្តិទី៧នេះ។ ការសហការ និងការគាំទ្រទាំងនេះពិតជាមានសារៈសំខាន់និងផ្តល់ឱកាសដល់ក្រុមការងារ ជាពិសេសលេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងការពង្រឹងអភិបាលកិច្ចនៅមូលដ្ឋានដើម្បីឈានទៅសម្រេចនូវលទ្ធផលរំពឹងទុកដូចដែលបានដាក់ចេញក្នុងកម្មវិធីជាតិដំណាក់កាលទី២ រយៈពេល១០ឆ្នាំ (២០២១-២០៣០)។ ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់នូវយោបល់ដឹកនាំសំខាន់ៗបន្ថែមដល់ក្រុមការងារគម្រោងដូចខាងក្រោម៖
១) ក្រុមការងារគម្រោងត្រូវខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំផែនការសកម្មភាព និងងថវិកាអនុវត្តគម្រោងឱ្យបានទាន់ពេលវេលា មានលទ្ធផលល្អ និងសម្រេចបាននូវរាល់សូចនាករដែលបានឯកភាព។
២) បន្តកិច្ចសហការល្អ និងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងដំណើរការអនុវត្តគម្រោង សំដៅធ្វើយ៉ាងណាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបានយល់ច្បាស់អំពីកិច្ចការដែលត្រូវអនុវត្ត និងការគ្រប់គ្រងថវិកា ក៏ដូចជាការតាមដានត្រួតពិនិត្យវាយតម្លៃ។
៣) រាល់បញ្ហាប្រឈមនានាពីការអនុវត្តគម្រោង ត្រូវធ្វើការពិភាក្សាគ្នាក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសគម្រោងស្វែងរកដំណោះស្រាយ និងលើកជាទល្ហីករច្បាស់លាស់សម្រាប់រាយការណ៍ និងដាក់ជូន គ.គ.អ.ស. ដើម្បីពិនិត្យ និងផ្តល់ការអនុម័តសម្រាប់អនុវត្ត។
៤) បន្តកិច្ចប្រជុំ គ.គ.អ.ស. ឱ្យបានទៀតទាត់ ដើម្បីផ្លាស់ប្តូយោបល់ ផ្តល់ការអនុម័តលើឯកសារពាក់ព័ន្ធនានា និងតម្រង់ទិសការអនុវត្តឱ្យបានកាន់តែមានប្រសិទ្ធភាព។
៥) ក្រុមការងារត្រូវខិតខំធ្វើការតាមដានត្រួតពិនិត្យការអនុវត្តគម្រោង ផ្ទៀតផ្ទាត់លទ្ធផលជាមួយសូចនាករដែលបានកំណត់អោយបានហ្មត់ចត់ និងរៀបចំជារបាយការណ៍គម្រោងឱ្យបានទៀតទាត់សម្រាប់ដាក់ជូនថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប. និងដាក់ជូនធនាគារពិភពលោកស្របទៅតាមកិច្ចព្រមព្រៀងគម្រោង។
ជាចុងបញ្ជប់ ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធាន គ.គ.អ.ស. បានប្រកាសចាប់ផ្តើមដាក់អោយដំណើរការអនុវត្តគម្រោងចាប់ពីពេលនេះតទៅ និងប្រកាសបិទកម្មវិធី។ អ្នកចូលរួមទាំងអស់ត្រូវបានអញ្ញើញចូលរួមពិសារអាហារពេលល្ងាចរួមគ្នាប្រកបដោយបរិយាកាសសោមនស្សរីករាយក្រៃលែង៕