រាជធានីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិសម្រាប់ការភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)

រាជធានីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិសម្រាប់ការភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នៅព្រឹកថ្ងៃសុក្រ ៦រោច ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាជាតិនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំដំបូង គិតចាប់ពីឆ្នាំ២០១០មករហូតមកដល់ចុងឆ្នាំ២០២០នេះបានប្រើប្រាស់ពេលវេលាអស់១០ឆ្នាំហើយ។ ក្នុងនោះសមិទ្ធផលសំខាន់ៗដែលកំណែទម្រង់នេះសម្រេចបានរួមមាន៖
១. ការរៀបចំក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត
ក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌគោលនយោបាយសំខាន់ៗសម្រាប់ផ្តល់ជាមូលដ្ឋានគតិយុត្ត សម្រាប់ការរៀបចំប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំ អនុម័ត និងដាក់ឱ្យអនុវត្តទៅតាមដំណាក់កាលនីមួយៗជាអាទិ៍រួមមាន៖ ច្បាប់រៀបចំអង្គការ ចំនួន០៤ រួមមាន ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ត្រូវបានរៀបចំ និងអនុម័តនាឆ្នាំ២០០១ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុម ប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌត្រូវបានរៀបចំ និងអនុម័តនាឆ្នាំ២០០៨ ព្រមទាំងក្របខ័ណ្ឌយុទ្ធសាស្រ្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការត្រូវបានរៀបចំ និងអនុម័តនាឆ្នាំ២០០៥ដែលជាឯកសារគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់កំណត់នូវ ចក្ខុវិស័យ និងគោលការណ៍គ្រឹះសម្រាប់រៀបចំដំណើរការកែទម្រង់អភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ។ ដើម្បីធានាដល់ការអនុវត្តនូវក្របខ័ណ្ឌច្បាប់ និងគោលនយោបាយខាងលើនេះ បណ្តាលិខិតបទដ្ឋានគតិយុត្តដែលតម្រូវដោយច្បាប់រៀបចំអង្គការ និងឯកសារណែនាំបច្ចេកទេសនានាប្រមាណ ជាង៤០០ប្រភេទត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង មុខងារ ធនធាន ផែនការ របៀបរបបការងារ គោលការណ៍ នីតិវិធី និងស្តង់ដានៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។
២. ការរៀបចំស្ថាប័ននៅថ្នាក់ក្រោមជាតិ
មូលដ្ឋានគ្រឹះសំខាន់ៗសម្រាប់ធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវាសាធារណៈ និងការបង្កើនល្បឿននៃការអភិវឌ្ឍមូលដ្ឋាន ស្របតាម គោលការណ៍ប្រជាធិបតេយ្យ និងវិមជ្ឈការត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្ត ក្នុងនោះរួមមាន៖
• ការបង្កើតឡើងនូវក្រុមប្រឹក្សាតាមប្រភេទនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ តាមរយៈ ការបោះឆ្នោតសកល និងអសកលដែលបានចាប់ផ្តើមជាដំបូងដោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេសនាឆ្នាំ២០០២ និងការចាប់ផ្តើមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសនាឆ្នាំ២០០៩។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាទាំងនេះ ត្រូវបានធ្វើឡើងជាទៀងទាត់ស្របតាមអាណត្តិនីមួយៗដែលកំណត់ក្នុងច្បាប់។កិច្ចការនេះចាត់ទុកថាជាសមិទ្ធផលជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងជាការចាក់ឬសគល់ដ៏រឹងមាំនៃគោលការណ៍ប្រជាធិបតេយ្យ និងវិមជ្ឈការក្នុងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្រោម គោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា។
• ការរៀបចំឡើងវិញជាបណ្តើរៗនូវរចនាសម្ព័ន្ធ មុខងារ ធនធានតាមគោលការណ៍នៃរដ្ឋបាលឯកភាព និងទៅតាមចរិតលក្ខណៈនៃប្រភេទរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ព្រមទំាងការរៀបចំនូវនីតិវិធីអនុវត្តការងារ រួមមាន នីតិវិធីរៀបចំកិច្ចប្រជុំ និងការធ្វើសេចក្តីសម្រេចចិត្ត នីតិវិធីនៃការរៀបចំវេទិកាពិគ្រោះយោបល់សាធារណៈរបស់ក្រុមប្រឹក្សា និងនីតិវិធីនៃការគ្រប់គ្រងកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ ដើម្បីបង្កលក្ខណៈឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពក្នុងការផ្តល់ សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌។
៣. ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ប្រព័ន្ធគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្ត ដើម្បីធានា ដល់ការផ្តល់សិទ្ធិអំណាចពេញលេញដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់បុគ្គលិករបស់ខ្លួនស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន (សិទ្ធិអំណាចទាំងនេះ រួមមានតាំងពីការរៀបចំផែនការបុគ្គលិក ការជ្រើសរើសបុគ្គលិក ការផ្ទេរ ការតែងតាំង ការដំឡើងថ្នាក់ ឋានន្តរស័ក្កិរហូតដល់ការចូលនិវត្តន៍)។ មកទល់ពេលនេះ បុគ្គលិកចំនួនប្រមាណជាង៤០.០០០នាក់ ដែលរួមមានទាំងបុគ្គលិកផ្នែករដ្ឋបាល និងបុគ្គលិកជំនាញត្រូវបានផ្ទេរទៅស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការអភិវឌ្ឍសមត្ថភាពដល់បុគ្គលិកទាំងនោះលើការទទួលខុសត្រូវ តួនាទី ភារកិច្ច និងនីតិវិធីអនុវត្តការងារក៏ត្រូវបានផ្តល់តាមរយៈវគ្គបណ្តុះបណ្តាលខ្លីៗ សិក្ខាសាលា និងការហ្វឹកហាត់ការងារជាក់ស្តែង។ ទន្ទឹមនោះ សាលាជាតិរដ្ឋបាលមូលដ្ឋានក៏ត្រូវបានបង្កើតឡើង និងកំពុងដំណើរការជាជំហានៗ ដើម្បីផ្តល់សេវាអភិវឌ្ឍ សមត្ថភាពដល់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
៤. ការផ្ទេរមុខងារ និងការផ្តល់សេវារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
រដ្ឋបាលថ្នាក់ក្រោមជាតិមានតួនាទីបំពេញមុខងារជាអាណត្តិទូទៅ និងមុខងារជាកាតព្វកិច្ច។ មុខងារជាអាណត្តិទូទៅត្រូវបានផ្តល់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយច្បាប់រៀបចំអង្គការពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ មុខងារជាកាតព្វកិច្ចត្រូវបានផ្តល់ជូនតាមរយៈការផ្ទេរមុខងារពីរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអាជ្ញាធរសាធារណៈនានា ដែលមកទល់បច្ចុប្បន្ននេះ មានមុខងារក្នុងវិស័យសង្គមកិច្ច និងសុខាភិបាលត្រូវបានប្រគល់ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត និងមុខងារចំនួន៥៥ក្នុងវិស័យចំនួន២០ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ព្រមទាំងមុខងារមួយចំនួនពាក់ព័ន្ធនឹងមត្តេយ្យ សិក្សាសហគមន៍ ការងារអប់រំបរិស្ថាន និងសង្គមកិច្ចត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលឃុំ សង្កាត់ ដើម្បី បង្ខិតការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកៀកជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និង ឆ្លើយតបបានទាន់ពេល វេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ យន្តការច្រកចេញចូលតែមួយត្រូវបានបង្កើតឡើងនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវារដ្ឋបាលនានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
តាមរយៈការអនុវត្តនូវមុខងារទាំងនេះ រដ្ឋបាលថ្នាក់ក្រោមជាតិបាន និងកំពុងផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយចំនួនប្រមាណជាង៦០០ប្រភេទសេវាលើវិស័យ និងកិច្ចការអាទិភាពនានា ព្រមទាំងបានរៀបចំ និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងគម្រោងផ្តល់សេវាសង្គមនានាប្រមាណជាង២.០០០គម្រោងក្នុងមួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន ដែលជាការរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង។
៥. វិមជ្ឈការហិរញ្ញវត្ថុ
ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមគោលការណ៍វិមជ្ឈការហិរញ្ញវត្ថុ ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្ត ដែលរួមមានដូចជា ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់ និង ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រុង ស្រុក។ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុនេះ បានផ្តល់ឆន្ទានុសិទ្ធិដល់ រដ្ឋបាលទាំងនេះក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានហិរញ្ញវត្ថុ ផ្អែកតាមគោលការណ៍ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់មូលដ្ឋាន នីមួយៗ។
ប្រព័ន្ធផ្ទេរធនធានហិរញ្ញវត្ថុទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក៏ត្រូវបានបង្កើតឡើង ដែលរួម មាន ប្រព័ន្ធផ្ទេរធនធានហិរញ្ញវត្ថុគ្មានភ្ជាប់លក្ខខណ្ឌ ដូចជា មូលនិធិឃុំ សង្កាត់ មូលនិធិក្រុង ស្រុក និងប្រព័ន្ធផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ ដូចជា ប្រព័ន្ធផ្ទេរមូលនិធិវិនិយោគសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រព័ន្ធផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌសម្រាប់អនុវត្តមុខងារ ដែលបានផ្ទេរ ព្រមទាំងប្រព័ន្ធចែករំលែកចំណូលសារពើពន្ធរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាល ថ្នាក់ក្រោមជាតិ។
ក្នុងក្របខ័ណ្ឌនៃការធ្វើវិមជ្ឈការហិរញ្ញវត្ថុរហូតមកដល់ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានផ្ទេរថវិការដ្ឋសរុបចំនួនប្រមាណ៣.៨០០លានដុល្លារ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ដើម្បីផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានក្នុងដែន សមត្ថកិច្ចរបស់ខ្លួន។
៦. ការៀបចំប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ប្រព័ន្ធកសាងផែនការរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានដូចជា ផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តនៅគ្រប់ប្រភេទរដ្ឋបាលថ្នាក់ ក្រោមជាតិនីមួយៗ។ ប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាប្រព័ន្ធកសាងផែនការ ដែលមានលក្ខណៈបើកចំហ មានតម្លាភាព មានការពិគ្រោះយោបល់ មានការចូលរួម និងស្របទៅ តាមចរិតលក្ខណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធានាដល់ការប្រើប្រាស់ធនធាននានា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅតាម មូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌។
៧. ការពង្រឹងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
យន្តការគណនេយ្យភាពតាមបែបប្រជាធិតេយ្យត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្ត រួមមានដូចជា ទី១-ការបង្កើតការិយាល័យប្រជាពលរដ្ឋនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំង ប្រទេស ដើម្បីទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានាក្រៅប្រព័ន្ធតុលាការពាក់ព័ន្ធ នឹងការបំពេញមុខងារ និងការផ្តល់សេវារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទី២-ការបង្កើតយន្តការសម្រុះសម្រួលនិងដោះស្រាយវិវាទនៅមូលដ្ឋានរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ដើម្បីផ្តល់សេវា ពិគ្រោះយោបល់ផ្នែកផ្លូវច្បាប់ និងការជួយសម្រុះសម្រួលដោះស្រាយវិវាទនានានៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ និងទី៣-ការបង្កើតក្របខ័ណ្ឌការងារគណនេយ្យភាពសង្គមក្នុងភាពជាដៃគូជាមួយអង្គការសង្គម ស៊ីវិល ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋទទួលបាននូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាឃុំ សង្កាត់ និងអង្គភាពជំនាញនានានៅតាមមូលដ្ឋាន ព្រមទាំងដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការចូលរួមតាមដាន ត្រួតពិនិត្យ និងផ្តល់យោបល់កែលម្អលើការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងការផ្តល់សេវារបស់អង្គភាពផ្តល់សេវាសាធារណៈ នៅមូលដ្ឋានមួយចំនួនផងដែរ។
 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់