រដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​យក​ចិត្ត​ទុកដាក់​លើ​ វិមជ្ឈកា​រ និង​វិសហមជ្ឈការ​ តួនាទី​ មុខងារ​ អំណាច​ និង​ធនធាន​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​

ភ្នំពេញ ១០ ធ្នូ ២០១៣៖ តាមរយៈគម្រោងសម្រាប់កិច្ចអភិវឌ្ឍសមត្ថភាពក្នុងការអនុវត្តច្បាប់រៀបចំ អង្គការនៅថ្នាក់រាជធានី ខេត្ត (PILAC2) សិក្ខាសាលាមន្រ្តីរដ្ឋបាលជាន់ខ្ពស់ក្រោមប្រធានបទ វិមជ្ឈការ និងភាពជាអ្នកដឹកនាំដើម្បីឆ្លើយតបនឹងតម្រូវការមូលដ្ឋាន…

 ភ្នំពេញ ១០ ធ្នូ ២០១៣៖ តាមរយៈគម្រោងសម្រាប់កិច្ចអភិវឌ្ឍសមត្ថភាពក្នុងការអនុវត្តច្បាប់រៀបចំអង្គការនៅថ្នាក់រាជធានី ខេត្ត (PILAC2) សិក្ខាសាលាមន្រ្តីរដ្ឋបាលជាន់ខ្ពស់ក្រោមប្រធានបទ វិមជ្ឈការ និងភាពជាអ្នកដឹកនាំដើម្បីឆ្លើយតបនឹងតម្រូវការមូលដ្ឋាន និងការប្រែប្រួលក្នុងសង្គម ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាង គ.ជ.អ.ប ក្រសួងមហាផ្ទៃ និងភ្នាក់ងារកិច្ច សហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា នៅសណ្ឋាគារអ៊ីនធើខនធីណិនថល នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣។

សិក្ខាសាលាដែលមានរយៈពេលពេញមួយថ្ងៃនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួង មុខងារសាធារណៈ ក្នុងពិធីបើក និងឯកឧត្តម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងពិធីបិទ ក្រៅពីនេះដែរ សិក្ខាសាលានេះមានការចូលរួមដោយឯកឧត្តម សក់ សេដ្ឋា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្តម KUMAMARU Yuji ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សាស្រ្តាចារ្យមកពីប្រទេសជប៉ុន ប្រទេសហ្វីលីពីន និងប្រទេសថៃ រួមទាំងមានការចូលរួម ពីតំណាងគ្រប់ក្រសួងស្ថាប័នរាជរដ្ឋាភិបាល ក្រុមប្រឹក្សា អភិបាល អភិបាលរងរាជធានី ខេត្ត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងដៃគូអភិវឌ្ឍន៍ ដែលសរុបមានចំនួន១៧៥នាក់ ក្នុងនោះមានស្រ្តីចំនួន៧រូប។

មានប្រសាសន៍ក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្តម ពេជ្រ ប៊ុនធិន  រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងពីគោលបំណងក្នុងការរៀបចំសិក្ខាសាលានេះថា ដើម្បីចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការអនុវត្តកំណែទម្រង់វិមជ្ឈការនៅក្នុងប្រទេសទាំង៣គឺជប៉ុន ថៃ និងហ្វីលីពីន ដល់មន្រ្តីរដ្ឋបាលជាន់ខ្ពស់កម្ពុជាសម្រាប់ជាប្រទីបនៅក្នុងការបំពេញតួនាទី ភារកិច្ចនៅតាមស្ថាប័នរៀងៗខ្លួន។

ឯកឧត្តមក៏បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត និងលិខិតបទដ្ឋានផ្សេងៗ ក្នុងនោះកំណែទម្រង់រដ្ឋបាលសាធារណៈ គឺជារបៀបវារៈគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

បញ្ជាក់លើនេះដែរ ឯកឧត្តមបន្ថែមថា៖« កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់រដ្ឋបាល និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះនឹងមិនទទួលបានជោគជ័យនោះទេ ប្រសិនបើរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់នៅកម្ពុជាដែលបានធ្វើវិមជ្ឈការរួមហើយនោះមិនទទួលបាននូវមុខងារ រួមទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ សម្រាប់ការបំពេញការងាររបស់ខ្លួនប្រចាំថ្ងៃ»។

ក្នុងសិក្ខាសាលាដែលប្រកបដោយភាពជោគជ័យនេះ មានការធ្វើបទបង្ហាញពីបច្ចុប្បន្នភាពពីការបែងចែកតួនាទី និងមុខងាររវាង រដ្ឋបាលកណ្តាល និងរដ្ឋបាលមូលដ្ឋានក្នុងបណ្តាប្រទេសទាំងអស់ដែលបានចូលរួមដូចជាប្រទេសថៃ ប្រទេសហ្វីលីពីន ប្រទេសជប៉ុន និងប្រទេសកម្ពុជាផងដែរដើម្បីចែករំលែកបទពិសោធន៍ពីការធ្វើកំណែទម្រង់ ក្នុងនោះដែរក៏មានការពិភាក្សាគ្នា និងចោទសួរ ទៅវិញទៅមកផងដែរ។

ក្នុងឱកាសបិទអង្គសិក្ខាសាលាឯកឧត្តម ស ខេង មានប្រសាសន៍អបអរ ដែលសិក្ខាសាលាត្រូវបានរៀបចំឡើងស្របពេលដែលប្រជាជាតិកម្ពុជា និងជប៉ុនកំពុងប្រារព្ធខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាងគ្នា និងគ្នា និងខួបលើកទី៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជប៉ុន។ 

ដើម្បីជាគន្លឺះទស្សនទានក្នុងការលើកកម្ពស់ការឆ្លើយតបតម្រូវការ នៅមូលដ្ឋាន និងការប្រែប្រួលនៅក្នុងសង្គមក្នុងបរិបទសកល ដោយផ្សារភ្ជាប់ជាមួយបរិបទនៅកម្ពុជា សម្រាប់ជាពុទ្ធិបន្ថែមដល់មន្រ្តី ដឹកនាំជាន់ខ្ពស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិថា នៅលើពិភព លោកយើងសព្វថ្ងៃមានទិដ្ឋភាពសំខាន់២ គឺសកលភាវូបនីយកម្ម និងមូលដ្ឋានភាពវូបនីយកម្ម ហើយអភិបាលកិច្ច ដែលជាដំណើរការ គ្រប់គ្រង់ដ៏សុំាញុំាដែលមានការពឹងផ្អែកគ្នាទៅវិញទៅមកនេះ វេទិកា ដ៏សំខាន់ដែលសកលភាវូបនីយកម្ម និងមូលដ្ឋានភាពវូបនីយកម្មមាន ទំនាក់ទំនងជាមួយគ្នា។

ឯកឧត្តមក៏បានមានប្រសាសន៍បន្ថែមផងដែរថា ដំណើរការប្រជាធិបតេយ្យនីយកម្ម និងការអភិវឌ្ឍឬក៏ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅកម្ពុជាគឺជាការវិនិយោគដ៏ច្បាស់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹង និងធ្វើអោយមានចីរភាព នូវមូលធនសង្គម និងមូលធននយោបាយក្នុងប្រទេសកម្ពុជា។ 

ការបោះឆ្នោតដែលជាយុទ្ធសាស្រ្តមួយក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ បានផ្សារភ្ជាប់ជាមួយដំណើរការនៃការ ធ្វើវិមជ្ឈការ និងវិសហមជ្ឈការ តួនាទី មុខងារ អំណាច និងធនធានទៅអោយស្ថាប័នអភិបាលកិច្ច ដែលនៅជាប់ផ្ទាល់ជាមួយ ប្រជាពលរដ្ឋ។

ឯកឧត្តម ស ខេង ក៏បានសំណូមពរដល់ស្ថាប័នរាជរដ្ឋាភិបាលដែលបានធ្វើការទាក់ទងនឹងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តួនាទី មុខងារ អំណាច និងធនធានដល់ថ្នាក់ក្រោមជាតិអោយព្យាយាមធ្វើការបែងចែកអំណាច និងផ្ទេរមុខងារតាមតួនាទីរៀងៗខ្លួន ដើម្បីអាចឆ្លើយតបដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋផ្ទាល់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់