ខេត្តក្រចេះ៖ ប្រជាពលរដ្ឋរស់នៅឃុំគោលាប់អះអាងថា ពួកគាត់ឈប់លំបាកធ្វើដំណើរលើផ្លូវរដិបរដុប ក្រោយពីរដ្ឋបាលឃុំបានប្រគល់ផ្លូវលំដីក្រួសធម្មជាតិចំនួន ២ខ្សែ ប្រវែងសរុប ១,១៥០ម៉ែត្រតាមរយៈការប្រើប្រាស់មូលនិធិឃុំ សង្កាត់ ដែលជាគម្រោងផ្នែកអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់។
ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋានសុទ្ធតែអះអាងដូចគ្នាថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមរយៈមូលនិធិឃុំបានឆ្លើយតបនឹងតម្រូវការដោយបានរួមចំណែកលើកកម្ពស់ជីវភាពរបស់ពួកគាត់។ ថ្លែងក្នុងពិធីប្រកាសប្រគល់ និងទទួលផ្លូវលំឃុំគោលាប់ ស្ថិតក្នុងស្រុកចិត្របុរី ខេត្តក្រចេះកន្លងមក តំណាងប្រជាពលរដ្ឋលោកស្រី យ៉ែន អាន បានលើកឡើងថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបាន ជួយលើកកម្ពស់ជីវភាពគ្រួសារលោកស្រី ដ្បិតវាបានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន កសិផលរបស់លោកស្រីរហ័ស និងសន្សំថវិកាជាងមុន។
លោកស្រី យ៉ែន អាន មានប្រសាសន៍ទាំងទឹកមុខញញឹមថា”ខ្ញុំចំណាយវេលាតែជាង ២ម៉ោងប៉ុណ្ណោះដើម្បីដឹកបន្លែកសិផលពីផ្ទះទៅលក់លើទីផ្សារទាន់ពេលវេលាលើចម្ងាយផ្លូវប្រមាណ ២០គីឡូម៉ែត្រ”។ នៅពេលទទួលបានផ្លូវងាយស្រួលជាងមុន ស្ត្រីរាងស្តើងសម្បុរខ្មៅស្រអែមមានកូន ៤នាក់រូបនេះ បញ្ជាក់ថា លោកស្រីចំណេញពេលជាង ២ម៉ោង ធៀបនឹងពេលលោកស្រីជិះកង់ដឹកបន្លែលើផ្លូវរដិបរដុប កាលពីឆ្នាំមុនៗ។
មិនខុសគ្នាដែរ លោក អ៊ុន ប៊ុនធៀប ប្រជាកសិករដែលមានកូនបង្កើត ៥ នាក់រស់នៅក្នុងឃុំគោលាប់បានសាទរនឹងសមិទ្ធផលផ្លូវលំលើកដំបូងដែលត្រូវបានស្ថាបនាដោយការប្រើប្រាស់មូលនិធិឃុំ សង្កាត់។ បុរសសម្បុរខ្មៅស្រអែមវ័យ ៦៣ឆ្នាំកំពុងឈរកណ្តាលផ្លូវលំពត់ពេនដូចពស់សស្គុស បាននិយាយ ទាំងញញឹមថា“ផ្លូវទើបសាងសង់លើកដំបូងឆ្នាំនេះ។ កាលពីផ្លូវមិនទាន់បានសង់ ពលរដ្ឋពិបាកធ្វើដំណើរ ពិសេសពេលភ្លៀងតែម្តង។ យើងមិនអាចបើកបរគោយន្ត ម៉ូតូនិងជិះកង់លើផ្លូវនេះបាននោះទេ ព្រោះវាផុងជាប់”។
ទន្ទឹមគ្នាដែរ តំណាងពលរដ្ឋខាងលើបានអំពាវនាវអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធចុះជួយសាងសង់ផ្លូវជាច្រើនខ្សែទៀត និងបណ្តុះបណ្តាលពួកគាត់ពីបច្ចេកទេសដាំដុះដំណាំកសិកម្មបន្ថែម ដើម្បីលើកស្ទួយកម្រិតជីវភាពពួកគាត់។
អនុប្រធានភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី លោក សាក់ សែ អាយុ ៥៨ឆ្នាំជឿជាក់ថា ពលរដ្ឋកំពុងរស់នៅក្នុងភូមិលោកជាង២០០គ្រួសារនឹងមានជីវភាពកាន់តែប្រសើរនៅពេលផ្លូវលំថ្មីសង់រួចរាល់។ លោកមានប្រសាសន៍ថា “វាជួយច្រើនមែន ពិសេសគឺពេលពលរដ្ឋត្រូវធ្វើដំណើរទៅមណ្ឌលសុខភាព ពេលយប់ព្រលប់។ ពេលខ្លះ ពួកគេត្រូវជាប់ផុងនឹងផ្លូវក៏មាន”។
ថ្លែងក្នុងពិធីវាយតម្លៃប្រគល់ និងទទួលផ្លូវលំពីក្រុមហ៊ុនវិនិយោគឯកជនដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ឈុំ ឆូយមេឃុំគោលាប់បានលើកឡើងថា ផ្លូវលំថ្មីពីរខ្សែនេះពិតជាបានឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋមូលដ្ឋាន ដោយលោកអះអាងថា គម្រោងនេះសាងសង់ឡើងតាមរយៈសំណូមពររបស់ពលរដ្ឋជាអាទិភាព។ លោកមេឃុំសម្បុរខ្មៅស្រអែមរាងស្តើងវ័យប្រមាណ ៦០ឆ្នាំ បានមានប្រសាសន៍អំពីនីតិវិធីការកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងកម្មវិធីវិនិយោគឃុំ សង្កាត់ថា “អាជ្ញាធរបានដាក់បញ្ជូនសំណើ និងសំណូមពររបស់ពលរដ្ឋ។ យើងបានគិតគូរគ្រប់ជ្រុងជ្រោយទៅលើយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងហេដ្ឋារចនាសម្ព័ន្ធអរូបវន្ត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាព”។
ជាមួយគ្នាដែរ លោក អួង សម្បត្តិ អភិបាលរងស្រុកចិត្របុរី ជឿជាក់ថា ផ្លូវនេះនឹងជួយបម្រើផលប្រយោជន៍ឱ្យប្រជាពលរដ្ឋនៅក្នុងឃុំគោលាប់ និងឃុំដទៃបានឆ្លងកាត់ទៅផ្សារ សាលារៀន មណ្ឌលសុខភាព ជាដើម។ ម្យ៉ាងទៀត លោកថា ផ្លូវដែលបានស្ថាបនារួចនេះក៏បានតភ្ជាប់ទៅកាន់ផ្លូវនានាទៅ កាន់ឃុំ ស្រុក និងខេត្តផងដែរ។
តាមប្រសាសន៍លោក ឈុំ ឆូយ មេឃុំគោលាប់ គម្រោងផ្លូវលំដីក្រួសធម្មជាតិ២ខ្សែនេះមានតម្លៃថវិកាសរុបចំនួន ៤៥.៤០២.៥០០ រៀល ក្នុងនោះ មូលនិធិឃុំមានចំនួន៤៥.៣០២.៥០០រៀល និងបដិភាគប្រជាពលរដ្ឋមានចំនួន ១០០.០០០រៀល។
សូមបញ្ជាក់ថា មូលនិធិឃុំ សង្កាត់ គឺជាកញ្ចប់ថវិកាមួយដែលរាជរដ្ឋាភិបាលត្រូវផ្ទេរទៅឱ្យឃុំ សង្កាត់។ មូលនិធិនេះរួមមានចំណូលពីចំណែកដ៏ជាក់លាក់នៃចំណូលចរន្តនៃថវិការដ្ឋប្រចាំឆ្នាំ និងពីការចូលរួមរបស់ដៃគូអភិវឌ្ឍន៍នានា។ មូលនិធិនេះមានពីរផ្នែកសំខាន់ៗ គឺផ្នែករដ្ឋបាលទូទៅ និងផ្នែកអភិវឌ្ឍន៍មូលដ្ឋាន។ រាជរដ្ឋាភិបាលបានបង្កើតអនុក្រឹត្យស្តីពី មូលនិធិឃុំ សង្កាត់ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០២ ក្រោយពីព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០០១៕