ខេត្តបាត់ដំបង៖ មន្ត្រីជំនាញនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានចុះផ្សព្វផ្សាយយុទ្ធសាស្ត្រសម្រាប់ភាពស៊ាំនឹងការប្រែប្រួលអាកាសធាតុដល់រដ្ឋបាលថ្នាក់ស្រុកចំនួន ២ គឺស្រុករុក្ខគិរី និងស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលជាស្រុកងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យរដ្ឋបាលស្រុក និងឃុំ សង្កាត់ យល់ដឹងពីការបញ្ជ្រៀបភាពស៊ាំនៃការប្រែប្រួលអាកាសធាតុទៅក្នុងដំណើរការកសាងផែនការអភិវឌ្ឍ និងគម្រោងវិនិយោគរបស់រដ្ឋបាលស្រុក និងឃុំ សង្កាត់ឱ្យមាននិរន្តរភាព។
ការចុះបញ្ជ្រៀបផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងសាលប្រជុំស្រុករុក្ខគិរី និងស្រុកមោងឬស្សី ដោយមានការដឹកនាំសម្របសម្រួលពីសំណាក់មន្ត្រីជំនាញរបស់ក្រុមការងារអនុវត្តគម្រោងនៃលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការអញ្ជើញចូលរួម សិក្ខាសាលានេះពីសំណាក់លោក លោកស្រីមន្ត្រីជំនាញរដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរដ្ឋបាលស្រុក មន្ត្រីការិយាល័យជំនាញជុំវិញស្រុក ក្រុមប្រឹក្សាឃុំ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយឃុំសរុបប្រមាណ ១៣៥នាក់។
សិក្ខាកាមទាំងអស់បានស្វែងយល់ពីមូលហេតុដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុជាសកល ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន ការកសាងផែនការអភិវឌ្ឍ និងការបញ្ជ្រៀបយេនឌ័រ ព្រមទាំងការស្វែងយល់ពីកិច្ចសហការជាមួយគម្រោងដទៃទៀតផង។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តគម្រោងជំនួយបច្ចេកទេសការបញ្ជ្រៀបការ ប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍដល់រដ្ឋបាលថ្នាក់ស្រុក និងឃុំ (SPCR) លោក ឡុង វិសិដ្ឋ អនុប្រធានអង្គភាពគ្រប់គ្រងនិងគាំទ្រកម្មវិធីនៃលេខាធិការដ្ឋាន គ.ជ.អ.ប និងជាប្រធានសម្របសម្រួលគម្រោង SPCR បានចាត់ទុកគម្រោងនេះ គឺជាជំនួយបច្ចេកទេសដែលជួយរដ្ឋបាលថ្នាក់ស្រុក និងឃុំ សង្កាត់ចេះរៀបចំ និងវាយតម្លៃផែនការច្បាស់លាស់ ដើម្បីអភិវឌ្ឍមូលដ្ឋានពួកគេឱ្យមាននិរន្តរភាព។
លោក ឡុង វិសិដ្ឋ មានប្រសាសន៍ថា “រដ្ឋបាលស្រុកជាកន្លែងច្រកចេញចូលតែមួយ និងជាកន្លែងដែល ជួយឃុំជិតជាងគេបំផុតហើយយល់ដឹងពីតម្រូវការអភិវឌ្ឍរបស់ប្រជាជនច្បាស់ជាងគេ។ រដ្ឋបាលស្រុក និងឃុំ សង្កាត់ដឹងច្បាស់ជាងគេ ធៀបនឹងរដ្ឋបាលថ្នាក់ខេត្ត និងថ្នាក់ជាតិពីតម្រូវការអភិវឌ្ឍនៅមូលដ្ឋាន ឱ្យមាននិរន្តរភាព”។ លោកបានបន្ថែមថា យុទ្ធសាស្ត្រនឹងក្លាយជាធាតុចូលសម្រាប់ការរៀបចំ កម្មវិធីយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនៅឆ្នាំ ២០១៩ ដល់២០២៣ទៀតផង។
ជាមួយគ្នាដែរ លោក ពេជ្រ ម៉ាឡៃ អភិបាលស្រុកមោងឬស្សី បានកត់សម្គាល់ថា ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ គឺជាកម្មវត្ថុដ៏សំខាន់បំផុតដែលពិភពលោកកំពុងគ្រោងផែនការសកម្មភាព ពិសេសមូលនិធិថវិកាសម្រាប់ជួយប្រជាពលរដ្ឋលើពិភពលោកឱ្យចេះបន្សាំ ចេះប្រែប្រួលនឹងស្ថានការណ៍បម្រែបម្រួលអាកាសធាតុ។ លោកបានពន្យល់សិក្ខាកាមថា មូលហេតុដែលនាំឱ្យកើតមានការប្រែប្រួលអាកាសធាតុ ដោយសារការដកហូតប្រើប្រាស់ធនធានបរិស្ថានលើសពីការផ្គត់ផ្គង់ ក្នុងនោះ រួមមាន បរិស្ថានមនុស្ស បរិស្ថានធម្មជាតិ និងបរិស្ថានសង្គមវប្បធម៌។
លោក ពេជ្រ ម៉ាឡៃ មានប្រសាសន៍ថា “ប្រសិនបើយើងបានគិតគូអំពីស្ថិរភាពរបស់វាបានច្បាស់លាស់ គឺនិយមន័យបរិស្ថានទាំងបីទាំងមានការប្រាស្រ័យទាក់ទងគ្នា ឬមានអន្តរអំពើរវាងគ្នានឹងគ្នាទៅវិញទៅមកនោះ យើងនឹងធានាជីវិតរស់រាននៅលើភពផែនដីល្អប្រសើរ។ បើយើងចេះដកហូតយើងចេះបង្កើតវិញ។ បើយើងយកទៅប្រើប្រាស់ យើងចេះដាំដុះឡើងវិញនោះ វានឹងធានានិរន្តរភាព”។
លោក ពេជ្រ ម៉ាឡៃ ក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមដែលចូលរួមក្នុងអង្គសិក្ខាសាលាយកចិត្តទុកដាក់លើការណែនាំគម្រោងការប្រែប្រួលអាកាសធាតុ ដើម្បីមានសមត្ថភាពពេញលេញក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងមូលដ្ឋាន។ លោកអភិបាលស្រុកសង្ឃឹមថា រដ្ឋបាលស្រុក និងឃុំ សង្កាត់នឹងយល់ដឹងពីការបង្កើនសមត្ថភាពស្ថាប័ន និងបច្ចេកទេសការបញ្ជ្រៀបភាពស៊ាំនឹងការប្រែប្រួលអាកាសធាតុបន្ថែមទៀត ដើម្បីពួកគេពិនិត្យតាមដាន និងធ្វើរបាយការណ៍ វាយតម្លៃភាពស៊ាំដាក់ក្នុងកម្មវិធីវិនិយោគរបស់រដ្ឋបាលខ្លួនតាមតួនាទីមុខងារក្នុងមូលដ្ឋានខ្លួន។
បើតាមប្រសាសន៍របស់លោក ឡុង វិសិដ្ឋ គម្រោងជំនួយបច្ចេកទេសការបញ្ជ្រៀបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍដល់រដ្ឋបាលថ្នាក់ស្រុក និងឃុំ (SPCR) មានរយៈពេលអនុវត្តចំនួន ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ស្ថិតក្រោមមូលនិធិថវិកាពីធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រមាណ ៥០ម៉ឺនដុល្លារ៕