កំពង់ធំ ២០ ធ្នូ ២០១២៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ខេត្តកំពង់ធំបានប្រារព្ធពិធីចាប់ឆ្នោតយកលេខឡូត៏ដីសម្បទានសង្គម កិច្ចទីពោតំបន់២សម្រាប់ប្រជាជនចំនួន៣០០គ្រួសារបន្ថែមទៀត…
កំពង់ធំ ២០ ធ្នូ ២០១២៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ខេត្តកំពង់ធំបានប្រារព្ធពិធីចាប់ឆ្នោតយកលេខឡូត៏ដីសម្បទានសង្គមកិច្ចទីពោតំបន់២សម្រាប់ប្រជាជនចំនួន៣០០គ្រួសារបន្ថែមទៀតបន្ទាប់ពីបានអនុវត្តតាមនីតិវិធីយ៉ាងខ្ជាប់ខ្ជួនក្នុងការជ្រើសរើសមុខសញ្ញាទទួលដី។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ឈុន ឈន់ ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការសម្បទានដីសង្គមកិច្ចថ្នាក់ខេត្ត និងមានការចូលរួមជាកិត្តិយសពីឯកឧត្ដម អុង ច័ន្ទ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដមបណ្ឌិត រេត បូរាមី នាយកគម្រោង LASED ថ្នាក់ជាតិក្រសួងដែនដី ឯកឧត្ដម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោង LASED ថ្នាក់ជាតិ ក្រសួងមហាផ្ទៃ និងតំណាងធនាគារពិភពលោក តំណាងអង្គការ GIZ ថ្នាក់ដឹកនាំគម្រោងថ្នាក់ខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្រុមការងារស្រុក ក្រុមការងារឃុំ និងប្រជាពលរដ្ឋសរុបចំនួន៦៥៨នាក់ (ស្រី ២៩២នាក់)។
ក្នុងឱកាសនោះលោក ពេជ សុធា អភិបាលស្រុកសន្ទុកបានឡើងធ្វើរបាយការណ៍សង្ខេបជូនគណៈអធិបតី និងអ្នកចូលរួមលើភាពរីកចម្រើនក្នុងការអនុវត្តគម្រោង LASED របស់ខេត្តកំពង់ធំ រួមមានទាំងការងារដីធ្លី និងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសហគមន៍ដែលគម្រោងសម្រេចបាននិងបានផ្ដល់ជូនប្រជាជនក្រីក្រចំនួន ៤៧៩គ្រួសារកន្លងមកនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចទីពោតំបន់ ១។ បន្ថែមពីនេះទៅទៀតក្រុមការងារបានសម្រេចលើការងារជ្រើសរើសមុខសញ្ញាទទួលដីបន្ថែមសម្រាប់ទីពោតំបន់២ មានចំនួន ៣០០គ្រួសារដែលនឹងធ្វើការចាប់ឆ្នោតយកលេខឡូត៏ដីលំនៅឋាន និងដីកសិកម្ម ក្នុងថ្ងៃនេះហើយគម្រោងនឹងបន្តផ្ដល់ការឧបត្ថម្ភគាំទ្រ និងការងារអភិវឌ្ឍដូចតំបន់ទី ១ផងដែរ។
ឯកឧត្ដម ឈុន ឈន់ គណៈអធិបតីបានមានប្រសាសន៍លើកសរសើរនូវការខិតខំប្រឹងប្រែងរបស់ក្រុមការងារនិងមានកិច្ចសហការល្អរវាងមន្ទីរវិស័យពាក់ព័ន្ធជុំវិញខេត្ត សម្រេចបាននូវលទ្ធផលជាច្រើនផ្ដល់ជូនដល់ប្រជាជនក្រីក្រក្នុងខេត្តកំពង់ធំ ដែលជាកិច្ចការមួយបានរួមចំណែកយ៉ាងធំក្នុងការរំដោះភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះទៅទៀត ឯកឧត្ដមក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋក្នុងការខិតខំប្រឹងប្រែងអនុវត្តតាមគោលការណ៍ណែនាំរបស់គម្រោង ជាពិសេសខិតខំប្រើប្រាស់ដីអោយបានសមស្របដើម្បីធ្វើការអភិវឌ្ឍជីវភាពរបស់ខ្លួនអោយដូចពាក្យថា ដីថ្មី ចិត្តថ្មី អារម្មណ៍ថ្មី និងកែប្រែជីវភាពអោយបានថ្មី។
តំណាងប្រជាពលរដ្ឋបានឡើងធ្វើចំណាប់អារម្មណ៍ ថ្លែងអំណរអរគុណដល់ក្រុមការងារ ជាពិសេសថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាជនក្រីក្រទូទាំងប្រទេស ជាក់ស្ដែង ប្រជាពលរដ្ឋក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានផ្ដល់នូវដីសម្បទានសង្គមកិច្ចក្នុងនោះមានទាំងដីលំនៅឋាន និងដីកសិកម្ម សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋអោយបានរីកចម្រើនជាលំដាប់។ ដើម្បីតបស្នងនឹងគុណបំណាច់នេះប្រជាពលរដ្ឋសូមប្ដេជ្ញានិងខិតខំប្រើប្រាស់ដីអោយបានលទ្ធផលខ្ពស់និងសមស្រប ក្នុងការបង្កបង្កើនផលដាំដំណាំ និងពង្រឹងសាមគ្គីភាពអោយបានកាន់តែខ្លាំងក្លាបន្ថែមទៀត។
បន្ទាប់មកឯកឧត្ដមគណៈអធិបតី ឯកឧត្ដមនាយកគម្រោងថ្នាក់ជាតិទាំងពីរក្រសួង និងតំណាងធនាគារពិភពលោកបានប្រារព្ធពិធីផ្ដល់ប័ណ្ណកម្មសិទ្ធិដីបណ្ដោះអាសន្នជានិមិត្តរូបដល់ប្រជាពលរដ្ឋ និងធ្វើការបើកវាំងននផែនទីដីសម្បទានសង្គមកិច្ចឃុំទីពោជាសក្ខីភាពនៃការអនុវត្តការងារបន្តចាប់ឆ្នោតយកលេខឡូត៏ដីដល់ប្រជាពលរដ្ឋក្រីក្រទាំង៣០០គ្រួសារ។ ជាលទ្ធផល បន្ទាប់ពីដំណើរការអង្គពិធីរួចរាល់ក្រុមការងារបានអនុវត្តនូវការងារចាប់ឆ្នោតយកលេខឡូត៏ដីលំនៅឋាន និងដីកសិកម្មជូនប្រជាពលរដ្ឋប្រកបដោយជោគជ័យ មានភាពរលូន ស្មើភាព និងតម្លាភាពស្របតាមការងារដែលបានគ្រោងទុក៕