កំពង់ចាម ១៨ កុម្ភៈ ២០១៣៖ អនុវត្តតាមស្មារតីនៃសេចក្ដីសម្រេចលេខ ៤៣២៩ សសរ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១២ របស់
ក្រសួងមហាផ្ទៃ ស្ដីពីការបង្កើតក្រុមសិក្សាវាយតម្លៃស្ថានភាពគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រតិភូនៃក្រសួងមហាផ្ទៃ សហការ
ជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប បានចុះធ្វើការសិក្សា វាយតម្លៃអំពីស្ថានភាពការគ្រប់គ្រង និងដំណើរការ ទូទៅរបស់រដ្ឋបាល
ខេត្តកំពង់ចាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ខែកុម្ភៈ ឆ្នាំ២០១៣។
នេះគឺជាការសិក្សាវាយតម្លៃដែលមានលក្ខណៈស៊ីជម្រៅដោយផ្ដោតសំខាន់លើរចនាសម្ព័ន្ធគ្រប់គ្រង ប្រព័ន្ធគណនេយ្យភាព
របៀបរបបការងារ ការអនុវត្តតួនាទីនិងភារកិច្ច ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងថវិកា ស្ថានភាពការិយាល័យធ្វើការងារ
និងបរិក្ខារការគាំទ្របច្ចេកទេស និងការរៀបចំអនុវត្តសកម្មភាពផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣)
នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ប្រតិភូដែលចុះធ្វើការសិក្សាវាយតម្លៃនេះដឹកនាំដោយ ឯកឧត្ដម លេង វី អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួង
មហាផ្ទៃ និងបានជួបជាមួយក្រុមប្រឹក្សាខេត្តកំពង់ចាម គណៈអភិបាលខេត្ត គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារ នាយករដ្ឋបាល និងទីចាត់ការទាំងប្រាំរបស់រដ្ឋបាលខេត្តកំពង់ចាម។
បន្ទាប់មកប្រតិភូបានចុះសិក្សាវាយតម្លៃរដ្ឋបាលស្រុកព្រៃឈរ ដោយបានចុះជួបសម្ភាសន៍ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក
គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារ នាយករដ្ឋបាល ប្រធានការិយាល័យ
និងមន្ត្រីការិយាល័យរបស់ស្រុកព្រៃឈរទាក់ទងនឹងការអនុវត្តការងាររបស់រដ្ឋបាលស្រុកនោះ។
ឯកឧត្ដម លេង វី អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បាន
ថ្លែងនៅក្នុងពិធីជួបជាមួយរដ្ឋបាលខេត្ត ថាការសិក្សាវាយតម្លៃនេះមានសារៈសំខាន់ណាស់ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាព នៃ
ការកែសម្រួល រចនាសម្ព័ន្ធស្ថាប័ន និងប្រព័ន្ធគ្រប់គ្រងការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្ទាប់ពីការបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងមក ដើម្បី
បម្រើឲ្យការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោម
ជាតិអនុវត្តបានត្រឹមត្រូវតាមច្បាប់គ្រប់គ្រងអង្គការ។
ឯកឧត្ដម លេង វី មានប្រសាសន៍បន្តថា៖« កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការគឺជាកំណែទម្រង់មួយដែលត្រូវតែមានភាព
សមស្របទៅតាមស្ថានភាពជាក់ស្ដែងនៃប្រទេស ឬតំបន់នីមួយៗដែលវាមិនមែនជារូបមន្តពីកន្លែងណាមួយយកមកអនុវត្ត
ដោយគ្មានការកែសម្រួល ឬសម្របសម្រួលទៅតាមស្ថានភាពជាក់ស្ដែងនោះឡើយ»។
គោលបំណងនៃការសិក្សាវាយតម្លៃនេះដើម្បី៖
១). ធ្វើការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងការងារនៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ រចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រង
និង របៀបរបបធ្វើការងារដែលរាជរដ្ឋាភិបាលបានកំណត់ដាក់ឲ្យដំណើរការអនុវត្តនិងប្រើប្រាស់ចាប់តាំងពីក្រោយការបោះឆ្នោត
ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លើកទី១ រហូតមកដល់ពេលនេះ នៅមិនទាន់បានធ្វើការសិក្សាវាយតម្លៃ
អំពីប្រសិទ្ធភាព ឬបញ្ហាប្រឈមនានានៅឡើយទេ។
២). ក្ដាប់ឲ្យបានអំពីតម្រូវការចាំបាច់នានា និងសំណូមពរផ្សេងៗ របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តការងារប្រចាំថ្ងៃ ក្នុង
នោះរួមមាន ក្រុមប្រឹក្សា គណៈ អភិបាល គណៈកម្មាធិការនានា នាយករដ្ឋបាល ទីចាត់ការ និងការិយាល័យផ្សេងៗចំណុះឲ្យ
រចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង សាលាស្រុក។ ដើម្បីធ្វើជាមូលដ្ឋានក្នុងការកែលម្អឡើងវិញនូវរាល់ចំណុចខ្វះខាតសំដៅ
ធ្វើឲ្យដំណើរការរដ្ឋបាលនៅថ្នាក់ក្រោមជាតិអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព។
៣). រៀបចំលិខិតបទដ្ឋានគតិយុត្តិសម្រាប់ទ្រទ្រង់ សំដៅឆ្លើយតបទៅនិងតម្រូវការជាក់ស្ដែងនាពេលខាងមុខដែល ថ្នាក់ជាតិ
នឹងធ្វើការផ្ទេរនូវមុខងារ និងធនធាន ក៏ដូចជាប្រគល់នូវសិទ្ធអំណាចកាន់តែច្រើននិងច្បាស់លាស់ជាងមុនដល់រដ្ឋបាល
ថ្នាក់ក្រោមជាតិដើម្បីអនុវត្តក្នុងនាមរាជរដ្ឋាភិបាល ។
គួរបញ្ជាក់ថា ការសិក្សាវាយតម្លៃនេះនឹងធ្វើនៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ ក្រុង ស្រុក
ខណ្ឌ ដែលនៅសល់នឹងបានត្រូវវាយតម្លៃដោយក្រុមការងារវាយតម្លៃរបស់សាលារាជធានី ខេត្តសាមី បន្ទាប់ពីក្រុមការងារ
សិក្សាវាយតម្លៃថ្នាក់ជាតិត្រូវបានបញ្ចប់៕