ព្រះវិហារ ១២ កុម្ភៈ ២០១៣៖ ប្រតិភូនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ សហការជាមួយលេខាធិការដ្ឋាន
គ.ជ.អ.ប បានចុះធ្វើការសិក្សាវាយតម្លៃអំពីស្ថានភាពការគ្រប់គ្រង និងដំណើរការទូទៅរបស់រដ្ឋបាលខេត្តព្រះវិហារ រយៈពេល៤ថ្ងៃ
ចាប់ពីថ្ងៃទី០៥-០៨ខែកុម្ភៈ ឆ្នាំ២០១៣។
នេះគឺជាការសិក្សាវាយតម្លៃដែលមានលក្ខណៈស៊ីជម្រៅដោយផ្ដោតសំខាន់លើរចនាសម្ព័ន្ធគ្រប់គ្រង ប្រព័ន្ធគណនេយ្យភាព
របៀបរបបការងារ ការអនុវត្តតួនាទីនិងភារកិច្ច ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងថវិកា ស្ថានភាពការិយាល័យធ្វើការងារ
និងបរិក្ខារ ការគាំទ្របច្ចេកទេស និងការអនុវត្តសកម្មភាពផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣)
នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
គណៈប្រតិភូដែលចុះធ្វើការសិក្សាវាយតម្លៃនេះដឹកនាំដោយ ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល
មូលដ្ឋានក្រសួងមហាផ្ទៃ សមាជិកក្រុមការងារនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន និងមន្ត្រីលេខាធិការដ្ឋានគ.ជ.អ.ប បានជួប
ជាមួយក្រុមប្រឹក្សាខេត្ត ព្រះវិហារ គណៈអភិបាលខេត្ត គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស គណៈកម្មាធិការពិគ្រោះ
យោបល់ស្ត្រីនិងកុមារ នាយករដ្ឋបាល និងទីចាត់ការទាំងប្រាំរបស់រដ្ឋបាលខេត្តព្រះវិហារ និងជ្រើសរើសយកក្រុងព្រះវិហារដើម្បី
ធ្វើការសម្ភាសន៍ទាក់ទងនឹងស្ថានភាពគ្រប់គ្រង និងការបំពេញតួនាទីភារកិច្ចរបស់រដ្ឋបាលក្រុងផងដែរ។
ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងពិធីជួបជាមួយរដ្ឋបាល
ខេត្ត និងក្រុងថា ការសិក្សាវាយតម្លៃនេះមានគោលបំណងដើម្បីពិនិត្យមើលឡើងវិញអំពីរចនាសម្ព័ន្ធគ្រប់គ្រងនិងរបៀបរបប
ធ្វើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលរចនាសម្ព័ន្ធគ្រប់គ្រងនិងរបៀបរបបធ្វើការងារថ្មីនេះ រាជរដ្ឋាភិបាលបានដាក់ឲ្យ
អនុវត្តចាប់តាំងពីក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឆ្នាំ២០០៩ កន្លងមក។
ឯកឧត្ដមបន្តថា៖ «ការសិក្សាវាយតម្លៃនេះដើម្បីស្វែងយល់ពីតម្រូវការ សំណូមពរផ្សេងៗរបស់រដ្ឋបាលខេត្ត ក្រុងដែលកំពុងអនុវត្ត
ការងារប្រចាំថ្ងៃ ដើម្បីពិនិត្យមើលនិងរៀបចំលិខិតបទដ្ឋានគតិយុត្តិសម្រាប់អនុវត្តនិងឆ្លើយតបតម្រូវការជាក់ស្ដែងនៅពេលខាង
មុខដែលថ្នាក់ជាតិនឹងធ្វើការផ្ទេរមុខងារក៏ដូចជាធនធាន ប្រគល់សិទ្ធិអំណាចជាបណ្ដើរដល់រដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តក្នុង
នាមរាជរដ្ឋាភិបាល»។
បន្ទាប់មកប្រតិភូបានចុះសិក្សាវាយតម្លៃរដ្ឋបាលក្រុងព្រះវិហារ ដោយបានចុះជួបសម្ភាសន៍ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង
គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារ នាយករដ្ឋបាល ប្រធានការិយាល័យ
និងមន្ត្រីការិយាល័យផែនការនិងគាំទ្រសង្កាត់ ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ និងការិយាល័យអភិវឌ្ឍក្រុងនៃក្រុងព្រះវិហារ
ទាក់ទងនឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលក្រុងនោះផងដែរ។
គួរបញ្ជាក់ថា ការសិក្សាវាយតម្លៃនេះនឹងធ្វើនៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ ក្រុង ស្រុក
ខណ្ឌ ដែលនៅសល់និងត្រូវវាយតម្លៃដោយក្រុមការងារវាយតម្លៃរបស់សាលារាជធានី ខេត្តសាមីបន្ទាប់ពីក្រុមការងារសិក្សា
វាយតម្លៃថ្នាក់ជាតិត្រូវបានបញ្ចប់៕