រាជធានីភ្នំពេញ ០៤ មករា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៣ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសមត្ថភាពសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម
ជាតិ (គ.ជ.អ.ប) នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប (អនុកម្មវិធីទី១ [ផអ៣] នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ) ក្រសួងមហាផ្ទៃ ( អនុកម្មវិធីទី២ [ផអ៣]) រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ (អនុកម្មវិធីទី៣ [ផអ៣] ) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អនុកម្មវិធីទី៤ [ផអ៣] ) ក្រសួងផែនការ (អនុកម្មវិធីទី៥[ផអ៣] ) សម្ព័ន្ធភាពជាតិឃុំ សង្កាត់ (អនុកម្មវិធីទី៦ [ផអ៣] ) និងមន្ត្រីពាក់ព័ន្ធដែលមានចំនួនសរុប២៦នាក់ (ស្រ្តី៣រូប)។
ក្របខ័ណ្ឌយុទ្ធសាស្ត្រនេះមានគោលបំណង ដើម្បីផ្ដល់ចំណេះដឹង និងការណែនាំអំពីការអនុវត្តការអភិវឌ្ឍសមត្ថភាពទាំងនៅថ្នាក់ជាតិ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្របខ័ណ្ឌអភិវឌ្ឍសមត្ថភាព នឹងធានាឱ្យមានការសម្របសម្រួល និងការតម្រឹមនូវរាល់សកម្មភាពអភិវឌ្ឍសមត្ថភាពនៅក្រោមក្របខ័ណ្ឌផអ៣ ព្រមទាំងធានាឱ្យមានសង្គតិភាព និងភាពស្របគ្នាក្នុងការប្រើប្រាស់យន្តការ លំហូរ និងវិធីសាស្ត្រសម្រាប់ការអភិវឌ្ឍសមត្ថភាព។
ក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពនេះនិងធ្វើការតម្រង់ទិសដល់រាល់កិច្ចអន្តរាគមន៍អភិវឌ្ឍសមត្ថភាពទាំងអស់ដែលត្រូវអនុវត្តដោយអនុកម្មវិធីនានា និងដោយរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងដោយទីភ្នាក់ងារអនុវត្តការអភិវឌ្ឍសមត្ថភាពផ្សេងៗទៀត ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាស្ថាប័នទទួលបន្ទុកអភិបាលកិច្ចនិងអភិវឌ្ឍមូលដ្ឋានអាចអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែប្រសើរជាងមុន។
ជំរើស៣នៃការបណ្តុះបណ្តាលការអភិវឌ្ឍសមត្ថភាពសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ បានស្នើរឡើងនូវជំរើស៣គឺៈ
១. ការអភិវឌ្ឍសមត្ថភាព និងការគាំទ្រដោយផ្ទាល់ៈ គឺជាការអនុវត្តសកម្មភាពអភិវឌ្ឍសមត្ថភាពរបស់អ្នកទទួលបន្ទុកអភិវឌ្ឍសមត្ថភាពដល់ក្រុមគោលដៅចុងក្រោយដោយផ្ទាល់
២. ការអភិវឌ្ឍសមត្ថភាព និងការគាំទ្រដោយពាក់កណ្ដាលផ្ទាល់ៈ សម្រាប់ប្រធានបទនៃការបណ្ដុះបណ្ដាល ឬអភិវឌ្ឍសមត្ថភាពមួយចំនួនអាចអនុវត្តតាមរបៀបនៃការអភិវឌ្ឍសមត្ថភាព និងការគាំទ្រពាក់កណ្ដាលផ្ទាល់។ ការអនុវត្តតាមរបៀបនេះត្រូវបែងចែកផ្សេងគ្នារវាងក្រុមប្រឹក្សា គណៈ អភិបាលរាជធានី ខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ខណ្ឌ និងមន្ត្រីបច្ចេកទេសរាជធានី ខេត្ត និងមន្ត្រីបច្ចេកទេសក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់។ លើសពីនេះទៀត ក្នុងករណីមួយចំនួនអាចធ្វើការអភិវឌ្ឍសមត្ថភាពផ្សេងគ្នារវាងក្រុមប្រឹក្សា និងគណៈអភិបាល រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗផងដែរ។
៣. ការអភិវឌ្ឍសមត្ថភាព និងការគាំទ្រមិនផ្ទាល់ៈ សម្រាប់ប្រធានបទនៃការបណ្ដុះបណ្ដាល ឫអភិវឌ្ឍសមត្ថភាពមួយចំនួនអាចអនុវត្តតាមរបៀបនៃការអភិវឌ្ឍសមត្ថភាព និងការគាំទ្រដោយមិនផ្ទាល់ទាំងស្រុង។ ការអនុវត្តតាមរបៀបនេះត្រូវបែងចែកផ្សេងគ្នារវាងក្រុមប្រឹក្សា គណៈអភិបាលរាជធានី ខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ខណ្ឌ និងមន្ត្រីបច្ចេកទេសរាជធានី ខេត្ត និងមន្ត្រីបច្ចេកទេសក្រុង ស្រុក ខណ្ឌ។ ក្នុងករណីខ្លះក៏មានការអភិវឌ្ឍសមត្ថភាពផ្សេងគ្នារវាងក្រុមប្រឹក្សា និងគណៈអភិបាលផងដែរ។
ផែនការសកម្មភាពនៃសេចក្ដីព្រាងលើកទី៤ បានបង្ហាញនូវកិច្ចការសំខាន់ៗដែលត្រូវអនុវត្តរួមមានដូចខាងក្រោម៖
១. ផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រស្ដីពីក្របខ័ណ្ឌអភិវឌ្ឍសមត្ថភាពសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
២. រៀបចំ និងបង្កើតក្រុមគ្រប់គ្រងការអភិវឌ្ឍសមត្ថភាពថ្នាក់ជាតិ
៣. រៀបចំ និងបង្កើតក្រុមអភិវឌ្ឍសមត្ថភាពរបស់អនុកម្មវិធី
៤. ណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត កែសម្រួលសមាសភាព និងតួនាទី ភារកិច្ចក្រុមអភិវឌ្ឍសមត្ថភាពរាជធានី ខេត្ត និងបង្កើតមន្ត្រីទទួលបន្ទុកអភិវឌ្ឍសមត្ថភាពថ្នាក់ក្រុង ស្រុក ខណ្ឌ
៥. កែសម្រួលសមាសភាព និងតួនាទី ភារកិច្ចក្រុមអភិវឌ្ឍសមត្ថភាពរាជធានី ខេត្ត និងបង្កើតមន្ត្រីទទួលបន្ទុកអភិវឌ្ឍសមត្ថភាពថ្នាក់ក្រុង ស្រុក ខណ្ឌ
៦. ផ្ដួចផ្ដើមលើកជម្រើសអំពីការបង្កើតវិទ្យាស្ថានជាតិសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
៧. បង្កើតប្រព័ន្ធទិន្នន័យនៃការអភិវឌ្ឍសមត្ថភាព
៨. អនុវត្តការផ្ទេរចំណេះដឹង