រាជធានីភ្នំពេញ ២៨ មករា ២០១៣៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពស្ដីពីការរៀបចំផែនការ សេចក្ដីសម្រេចចិត្តរួម កិច្ចព្រមព្រៀងវិសោធនកម្ម
របាយការណ៍បញ្ចប់ និងការបញ្ចូលទិន្នន័យប្រព័ន្ធទិន្នន័យ ផែនការសកម្មភាពប្រចាំឆ្នាំ (NAD) ដល់មន្ត្រីពាក់ព័ន្ធទូទាំងប្រទេសរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០១៣ នៅសាលប្រជុំក្រសួងមហាផ្ទៃ។
កិច្ចប្រជុំប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការចូលរួមពីមន្ត្រីទីចាត់ការផែនការ និងវិនិយោគនៅថ្នាក់រាជធានីខេត្ត មន្ត្រីទីចាត់ការហិរញ្ញវត្ថុ ដែលទទួលបន្ទុកសម្របសម្រួលកិច្ចព្រមព្រៀងនិងប្រព័ន្ធទិន្នន័យ NADនៅថ្នាក់រាជធានី ខេត្ត ទីប្រឹក្សាតាមដានកម្មវិធីជាតិថ្នាក់រាជធានី ខេត្ត ទីប្រឹក្សាហិរញ្ញវត្ថុថ្នាក់រាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធពីអនុកម្មវិធីទាំង៦របស់ផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលមានចំនួនសរុបប្រមាណ១០០នាក់។
មានមតិសំណេះសំណាលនិងបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍អំពីសារៈសំខាន់នៃវគ្គបណ្ដុះបណ្ដាលដែលតម្រូវឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធផ្ទាល់ដើម្បីទទួលបានការយល់ដឹងបន្ថែម ដោយសារប្រព័ន្ធរបាយការណ៍ក្នុងឆ្នាំ២០១៣នឹងមានការខុសប្លែកគ្នាខ្លះពីរបៀបអនុវត្តកន្លងមក។
ឯកឧត្ដម ង៉ាន់ ចំរើន បានស្នើឲ្យមានការខិតខំបញ្ជាប់សេចក្ដីសម្រេចរួមរវាង គ.ជ.អ.ប និង រាជធានី ខេត្តទាំង២៣ និងអនុកម្មវិធីទាំង៦ ស្ដីពីការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៣ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឲ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០១៣។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ (១). គោលការណ៍ណែនាំនៃការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៣ (២). ការបង្ហាញ និងពិភាក្សាអំពីការរៀបចំទម្រង់ សេចក្ដីសម្រេចរួម និងកិច្ចព្រមព្រៀងឆ្នាំ២០១៣ (៣). ការបង្ហាញ និងពិភាក្សាអំពីរបាយការណ៍បញ្ចប់ ទម្រង់សេចក្ដីសម្រេចរួម និងកិច្ចព្រមព្រៀងឆ្នាំ២០១២ (៤). ការបង្ហាញពីប្រព័ន្ធNAD ដែលកែសម្រួលថ្មីឆ្នាំ២០១៣ (៥). ការបង្ហាញពីចំណុចខ្វះខាត ការរៀបចំកិច្ចសន្យាឆ្នាំ២០១២។
គួរបញ្ជាក់ថា ដើម្បីសម្រួលដល់ការរៀបចំផែនការសកម្មភាពរបស់ភ្នាក់ងារអនុវត្តន៍ដូចជាការត្រួតពិនិត្យ អនុម័ត និងការតាមដានវឌ្ឍនភាពនៃផែនការសកម្មភាព លេខាធិការដ្ឋាន គ.ជ.អ.ប បានកសាងប្រព័ន្ធទិន្នន័យ ផែនការសកម្មភាពប្រចាំឆ្នាំ NAD (National Annual Workplan and Budget Database) ។ ប្រព័ន្ធទិន្នន័យនេះគឺជាឧបករណ៍មានលក្ខណៈសាមញ្ញ ដែលដំណើរការតាមប្រព័ន្ធ Internet ហើយជួយសម្រួលដល់កិច្ចការបូកសរុបទិន្នន័យ និងសម្របសម្រួលបច្ចេកទេសពីក្រុមការងារថ្នាក់ជាតិដោយកាត់បន្ថយចំណាយក្នុងការគាំទ្រប្រតិបត្តិការប្រព័ន្ធនៅថ្នាក់ក្រោមជាតិ៕