ភ្នំពេញ ២៧ មីនា ២០១៣៖ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ បានផ្សព្វផ្សាយ និងដាក់អោយប្រើប្រាស់នូវឯកសារបច្ចេកទេសស្តីពីកិច្ចប្រជុំក្រុមប្រឹក្សា…
ភ្នំពេញ ២៧ មីនា ២០១៣៖ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី២៦
ខែមីនា ឆ្នាំ២០១៣ បានផ្សព្វផ្សាយ និងដាក់អោយប្រើប្រាស់នូវឯកសារ
បច្ចេកទេសស្តីពីកិច្ចប្រជុំក្រុមប្រឹក្សា និងឯកសារបច្ចេកទេសស្តីពីវេទិកា
ផ្សព្វផ្សាយនិងការពិគ្រោះយោបល់សម្រាប់ក្រុមប្រឹក្សារាជធានី
ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
សម្រាប់ជាជំនួយស្មារតីក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា និងការរៀបចំ
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងថា
ឯកសារបច្ចេកទេសទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ក្រុមប្រឹក្សាដែលជាអង្គភាពធ្វើសេចក្តីសម្រេចជាសមូហភាព
ក្នុងការលើកកម្ពស់៖ (១) ប្រសិទ្ធភាពនៃការពិគ្រោះយោបល់ក្នុងចំណោមសមាជិកក្រុមប្រឹក្សាមុនពេលឈានដល់ការធ្វើសេចក្តី
សម្រេច (២) ធានាអោយមានប្រសិទ្ធភាពនៃការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលតាមរយៈការផ្សព្វផ្សាយព័ត៌មាន
និងការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ (៣) ធានាអោយមានប្រសិទ្ធភាពនៃការត្រួតពិនិត្យមើលរបស់ក្រុមប្រឹក្សាលើ
រដ្ឋបាលរបស់ខ្លួនក្នុងការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា និង(៤)ការលើកកម្ពស់គណនេយ្យភាពរបស់ក្រុមប្រឹក្សាចំពោះ
ប្រជាពលរដ្ឋ។
ឯកឧត្ដម សក់ សេដ្ឋា បានថ្លែងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ
និងដាក់អោយប្រើប្រាស់នូវឯកសារបច្ចេកទេសទាំងនេះ ដែលរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប
និងឧបត្ថម្ភគាំទ្រដោយកម្មវិធីលើកកម្ពស់ការចូលរួម គណនេយ្យភាព និងការចូលរួមរបស់
ប្រជាពលរដ្ឋដែលគាំទ្រដោយសហគមន៍អឺរ៉ុប (EU-SPACE)។ សិក្ខាសាលានេះមានការចូលរួមពី
ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាល និងមន្ត្រីសម្របសម្រួលក្រុមប្រឹក្សា
ដែលមានចំនួនសរុប៣២១នាក់ (ស្រ្តីប្រមាណ១៥នាក់)។
ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាជាមួយប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធគឺដើម្បីផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផលដែលរដ្ឋបាលរបស់ខ្លួនសម្រេចបាន និងបញ្ហាប្រឈមនានា។
ឯកឧត្ដម សក់ សេដ្ឋា បានថ្លែងថា រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាមិនទាន់បានរៀបចំវេទិកាផ្សព្វផ្សាយនិង
ពិគ្រោះយោបល់នេះនៅឡើយទេ ដោយសារមូលហេតុមួយចំនួនដូចជាពុំទាន់មានឯកសារបច្ចេកទេសណែនាំ
និងពុំទាន់មានថវិកាសម្រាប់រៀបចំជាដើម។
ជាមួយគ្នានេះដែរ ឯកឧត្តម សក់ សេដ្ឋា ក៏បានស្នើដល់រដ្ឋបាលថ្នាក់ក្រោមជាតិលើកជាគម្រោងថវិកាប្រចាំឆ្នាំសម្រាប់ការចំណាយ
រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះដើម្បីអោយស្របជាមួយគោលការណ៍នៃច្បាប់ លិខិតបទដ្ឋានគតិយុត្ត ព្រមទាំង
លើកកម្ពស់តម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ និងដាក់អោយប្រើប្រាស់នូវឯកសារបច្ចេកទេស លោកស្រី Pamila Jawad
តំណាងកម្មវិធី EU-SPACEបានមានប្រសាសន៍ថា ថ្ងៃនេះគឺជាជំហានសំខាន់មួយនៅក្នុងការសម្រេច
បាននូវគោលបំណងនៃឯកសារបច្ចេកទេសចំនួនពីរស្តីពីកិច្ចប្រជុំក្រុមប្រឹក្សា និងឯកសារបច្ចេកទេស
ស្តីពីវេទិកាផ្សព្វផ្សាយនិងការពិគ្រោះយោបល់នឹងត្រូវបានដាក់អោយប្រើប្រាស់នៅថ្នាក់រាជធានី ខេត្ត ក្រុង
ស្រុក និងខណ្ឌនៅក្នុងប្រទេសកម្ពុជា។ សៀវភៅទាំងនោះនឹងផ្តល់នូវជម្រើសសម្រាប់រដ្ឋបាល និង
ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិអំពីរបៀបនៃការធ្វើ”អោយប្រសើរឡើងនូវកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា
និងសម្រាប់ការត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់។
លោកស្រី Pamila Jawad មានប្រសាសន៍ថា៖ “ដោយមានការគាំទ្រពីមន្ត្រីសម្របសម្រួលក្រុមប្រឹក្សា យើងជឿជាក់ថា
ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិនឹងបានធ្វើការសាកល្បងនូវជម្រើស និងឧបករណ៍មួយចំនួនដែលមាននៅក្នុងសៀវភៅនេះ
និងធ្វើការកែសម្រួលទៅតាមតម្រូវការជាក់ស្តែងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឯកសារទាំងនេះគឺជាឯកសាររស់
និងជាឯកសារជាជម្រើស”៕
ទាញយកឯកសារបច្ចេកទេសស្តីពីកិច្ចប្រជុំក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ