ខេត្តកំពង់ធំ៖ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញដល់គ្រូបង្គោលថា្នក់រាជធានី ខេត្ត ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅខេត្តកំពង់ធំ ដែលមានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែកុម្ភៈ ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះ មានសមាសភាពចូលរួមមកពី តំណាងក្រសួងផែនការ រដ្ឋបាលរាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ស្ពឺ ក្រចេះ មណ្ឌលគីរី ព្រៃវែង រតនគីរី ព្រះសីហនុ ស្ទឹងត្រែង តាកែវ ត្បូងឃ្មុំ កណ្តាល កែប តំណាងអង្គការទស្សនពិភពលោក (WVI-C) តំណាងអង្គការCare តំណាងអង្គការស្តារកម្ពុជា និងអ្នកពាក់ព័ន្ធ ប្រមាណជា ៨០រូប។
គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ គឺផ្តល់ចំណេះដឹងមូលដ្ឋានអំពី «ផែនការយុទ្ធសាស្ត្រស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» ដល់គ្រូបង្គោលថ្នាក់រាជធានី ខេត្ត ដើម្បីមានលទ្ធភាពបណ្តុះបណ្តាលបន្តទៅដល់អង្គភាពផ្តល់សេវា អំពី «ផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ការសម្របសម្រួល និងការពង្រឹងសមត្ថភាព និងការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។
សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅតាមវិធានការសុវត្ថិភាព ការពារ Covid-19 ៣ការពារ៣កុំ និង២ចូលរួម របស់ក្រសួងសុខាភិបាល៕





