ព្រឹកថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.គ.អ.ស. លើកទី៨ និងបូកសរុបលទ្ធផលការត្រួតពិនិត្យ វាយតម្លៃពាក់កណ្តាលអាណត្តិនៃគម្រោងរបស់ធនាគារពិភពលោក ដោយមានការអញ្ចើញចូលពីតំណាងក្រសួង តំណាងធនាគារលោកពិភពលោក និងដៃគូអភិវឌ្ឍនានា ប្រមាណជា១០០រូប។
ឯកឧត្តម ងី ច័ន្ទ្រផលមានប្រសាសន៍ថា គណនេយ្យភាពសង្គមគឺជាធាតុដ៍ដំសំខាន់មួយសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមគឺដើម្បីបង្កើនវប្បធម៌ប្រជាធិបតេយ្យដោយមានការចូលពីប្រជាពលរដ្ឋ និងការទទួលខុសត្រូវខ្ពស់ក្នុងការឆ្លើយតបនឹងតម្រូវការ សំណើ និងសំណូមពរទាំងនោះដោយរដ្ឋបាលថ្នាក់ក្រោមជាតិ។
គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមត្រូវបានអនុវត្តសាកល្បងរយៈពេល០២ឆ្នាំ ពីឆ្នាំ២០១៤-២០១៥។ ឆ្លងតាមការប្រមូលចងក្រងមេរៀនបទពិសោធន៍ដែលទទួលបានពីការអនុវត្តសាកល្បងការងារគណនេយ្យភាពសង្គមនេះ គ.ជ.អ.ប. បានដាក់ចេញនូវផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី១ រយៈពេល០៣ឆ្នាំ (២០១៦-២០១៨)ដែលផ្តោតលើសេវានៅមូលដ្ឋានចំនួន០៣គឺ ៖
- ការបំពេញការងាររបស់ក្រុមប្រឹក្សារដ្ឋបាលឃុំ
- ការផ្តល់សេវានៅសាលាបឋមសិក្សា និង
- ការផ្តល់សេវានៅមណ្ឌលសុខភាព
បន្ទាប់មកផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២រយៈពេល០៥ឆ្នាំ (២០១៩-២០២៣)ក៏ត្រូវការអនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមរវាងភាគីរដ្ឋ រួមមានតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនិងភាគីអង្គការសង្គមស៊ីវិលនៅក្នុងឆ្នាំ២០១៩ដែលនឹងបន្តលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពលើកសេវាទាំង៣ ដែលបានអនុវត្តនៅដំណាក់កាលទី១ និងពង្រីកវិសាលភាពគ្របដណ្តប់លើការផ្តល់សេវារដ្ឋបាលក្រុង ស្រុក ខណ្ឌ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនិងសេវាផ្សេងៗទៀត។
ការអនុវត្តការងារគណនេយ្យភាពសង្គមអនុវត្តលើសេវា ចំនួន៣នៅមូលដ្ឋាន គឺ គ្របដណ្តប់លើរដ្ឋបាលឃុំ សង្កាត់ចំនួន១៤២៣ (៨៦%នៃចំនួនឃុំ សង្កាត់ទូទាំងប្រទេស) សាលារៀនចំនួន៦.២៣១ និងមណ្ឌលសុខភាពចំនួន១.១១០។
រហូតដល់ឆ្នាំ២០២២នេះ បានពង្រីកការអនុវត្តការងារគណនេយ្យភាពសង្គមគ្របដណ្តប់លើរដ្ឋបាលឃុំ សង្កាត់ចំនួន១៤២៣ (៨៦%នៃចំនួនឃុំ សង្កាត់ទូទាំងប្រទេស) សាលារៀនចំនួន៦.២៣១ និងមណ្ឌលសុខភាពចំនួន១.១១០។
តាមរយៈការអនុវត្តការងារគណនេយ្យភាពសង្គមបានធ្វើឱ្យរដ្ឋបាលឃុំ សង្កាត់ និងអង្គភាពផ្តល់សេវាទាំងនេះ មានការផ្លាស់ប្តូរជាវិជ្ជមាន រួមមាន (១) ការផ្តល់សេវាកាន់តែមានភាពល្អប្រសើរឡើងស្របតាមស្តង់ដាដែលបានកំណត់ (២) ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើនអំពីស្តង់ដានៃការផ្តល់សេវា នីតិវិធីនៃការបំពេញការងារ ការប្រើប្រាស់ថវិការបស់រដ្ឋបាលឃុំ សង្កាត់ និងអង្គភាពផ្តល់សេវា (៣) ប្រជាពលរដ្ឋបានចូលរួមកាន់តែសកម្មក្នុងដំណើរការអនុវត្តគណនេយ្យភាពសង្គម (ប្រមាណ៩២០.០០០នាក់) (៤) ផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម(JAAP)ដែលត្រូវបានគាំទ្រ និងអនុវត្ត មានចំនួនកាន់តែច្រើន (៤៦%) ក្នុងនោះអង្គភាពផ្តល់សេវាចំនួន២៣%បានប្រើប្រាស់ថវិការបស់ខ្លួន ដើម្បីគាំទ្រដល់ការអនុវត្តផែនការសកម្មភាពរួមនេះ និងរដ្ឋបាលឃុំ សង្កាត់ចំនួន១០%បានវិភាជមូលនិធិរបស់ខ្លួនដើម្បីអនុវត្តសកម្មភាពគណនេយ្យភាពសង្គមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕