កំពង់ធំ ២៦ កុម្ភៈ ២០១៣៖ ក្រុមនិស្សិតស្ម័គ្រចិត្តចំនួន០៨នាក់ (ស្រី០៣នាក់) មកពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ បានចុះធ្វើទស្សនកិច្ចសិក្សានៅតំបន់ដីសម្បទានសង្គមកិច្ច
កំពង់ធំ ២៦ កុម្ភៈ ២០១៣៖ ក្រុមនិស្សិតស្ម័គ្រចិត្តចំនួន០៨នាក់ (ស្រី០៣នាក់) មកពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ បានចុះធ្វើទស្សនកិច្ចសិក្សានៅតំបន់ដីសម្បទានសង្គមកិច្ច ដែលស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំទីពោធិ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ដំណើរទស្សនកិច្ចនេះមានគោលបំណងដើម្បីស្វែងយល់ពីចំណេះដឹងទាក់ទងនឹងសារៈសំខាន់នៃដើមឈើ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលទទួលបានសម្បទានដីសង្គមកិច្ចពីរាជរដ្ឋាភិបាល តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED)។
ក្រុមនិស្សិតក៏បានជួបសំណេះសំណាលជាមួយប្រធានភូមិ សមាជិកសហគមន៍ និងប្រជាពលរដ្ឋក្នុងភូមិសែនអភិវឌ្ឍន៍ទី១ និងទី២ ចំនួន១២នាក់ (ស្រី៣នាក់) និងបានសាកសួរសុខទុកប្រជាពលរដ្ឋដែលបានចូលមកតាំងទីលំនៅថ្មីក្នុងតំបន់នេះ។ តំណាងប្រជាពលរដ្ឋម្នាក់បានលើកឡើងថា៖ “នេះជាលើកទីមួយហើយដែលយើងបានជួប និងទទួលទស្សនកិច្ចក្រុមនិស្សិតដែលចុះមកសិក្សាក្នុងតំបន់ដីសម្បទានសង្គមកិច្ចរបស់យើង។
នេះជាមោទនភាពមួយដែលឆ្លុះបញ្ចាំងពីការសាមគ្គីភាពគ្នាក្នុងការរស់នៅលើទឹកដីថ្មីនេះដែលបានខិតខំប្រកបរបរចិញ្ចឹមជីវិតស្របតាមគោលបំណង និងទិសដៅរបស់គម្រោងហើយបានទាញការចាប់អារម្មណ៍ពីអ្នកពាក់ព័ន្ធនានា មានទាំងម្ចាស់ជំនួយ និងពេលនេះមានក្រុមនិស្សិតយើងមកចុះទស្សនកិច្ចសិក្សាក្នុងពេលនេះផងដែរ”។
គាត់បានបន្តថា ចំពោះចំណេះដឹងផ្នែកបរិស្ថានវិញ ប្រជាពលរដ្ឋមិនសូវមានការយល់ដឹងស៊ីជម្រៅប៉ុន្មានទេ ហើយគាត់ចង់អោយមានការបណ្តុះបណ្តាលណែនាំ ជាពិសេសដល់ក្មេងៗជំនាន់ក្រោយដើម្បីចូលរួមក្នុងការការពារថែរក្សាធនធានធម្មជាតិក្នុងតំបន់នេះអោយមានភាពល្អប្រសើរបន្ថែមទៀត។
បន្ទាប់មក ក្រុមនិស្សិតក៏បានចុះជួបសិស្សានុសិស្សចំនួនប្រមាណ ៧០នាក់ ក្នុងសាលាបឋមសិក្សាមួយកន្លែង ហើយបានសាកសួរពីការរៀនសូត្រ ការស្រឡាញ់ដើមឈើ និងបរិស្ថាន រួមទាំងបានធ្វើការបង្ហាញនូវរូបភាពគំនូរដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពតំបន់ដែលមានដើមឈើច្រើន និងតំបន់ដែលគ្មានដើមឈើដោយធ្វើការសាកល្បងអោយកុមារធ្វើការជ្រើសរើស។ ជាលទ្ធផលឃើញថា ៩០% បានធ្វើការជ្រើសរើសរូបភាពដែលពោពេញទៅដោយដើមឈើ ចំណែកឯសិស្ស ១០% ទៀតមិនអាចធ្វើការជ្រើសរើសបានដោយសារអាយុរបស់ពួកគេនៅក្មេង។
បន្ទាប់មក ក្រុមនិស្សិតបានធ្វើការចែកជូននូវសំភារៈសិក្សាមួយចំនួន រួមមាន៖ ប៊ិច ខ្មៅដៃ និងនំចំណីដល់សិស្សានុសិស្សផងដែរ និងថតរូបទុកជាអនុស្សាវរីយ៍៕