រាជធានីភ្នំពេញ៖ ក្រុមការងារអន្តរក្រសួងសិក្សារួមគ្នាលើការពិនិត្យមើលឡើងវិញអំពី ការប្រើប្រាស់ធនធានសមាសភាគអភិវឌ្ឍន៍មូលដ្ឋានរបស់មូលនិធិក្រុងស្រុក បានរៀបចំកិច្ចប្រជុំរួមគ្នាពិនិត្យលើសេចក្តីព្រាងរបាយការណ៍ស្ដីពី ការសិក្សាលើការប្រើប្រាស់ធនធានសមាសភាគអភិវឌ្ឍន៍មូលដ្ឋានរបស់មូលនិធិក្រុង ស្រុក កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងសាលប្រជុំអគាររដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃក្រសួងមហាផ្ទៃ។
សមាសភាពក្រុមការងារអន្តរក្រសួងដែលមានវត្តមានក្នុងកិច្ចប្រជុំមានចំនួន១៨រូប ក្នុងនោះ រួមមាន ឯកឧត្តម អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប លោក លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន អនុប្រធានអង្គភាព ប្រធានការិយាល័យ ទីប្រឹក្សាគម្រោង និងមន្ត្រីជំនាញមកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអគ្គនាយកដ្ឋានរតនាគារជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គភាពជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំមានគោលបំណងពិនិត្យ និងពិភាក្សារួមគ្នាលើសេចក្តីព្រាងរបាយការណ៍ស្ដីពី ការសិក្សាលើការប្រើប្រាស់ធនធានសមាសភាគអភិវឌ្ឍន៍មូលដ្ឋានរបស់មូលនិធិក្រុងស្រុកដែលរដ្ឋបាលក្រុងស្រុកគោលដៅបានប្រើប្រាស់ធនធានសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋានក្នុងឆ្នាំ២០១៥ និងឆ្នាំ ២០១៦ កន្លងទៅ ដើម្បីអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលថែមទៀត។
សេចក្តីព្រាងរបាយការណ៍សង្ខេបដែលមានកម្រាស់ជាង ២០ទំព័រ បានបង្ហាញពីឱកាសអភិវឌ្ឍ និងបញ្ហាប្រឈមដែលក្រុមការងារអន្តរក្រសួងបានរកឃើញពាក់ព័ន្ធនឹងការប្រើប្រាស់ធនធានសមាសភាគអភិវឌ្ឍន៍មូលដ្ឋានរបស់មូលនិធិក្រុងស្រុកក្នុងនោះ យន្តការគាំទ្រ និងការសម្របសម្រួលថ្នាក់ខេត្ត ការគ្រប់គ្រងចាត់ចែង និងការប្រើប្រាស់ធនធានសមាសភាគអភិវឌ្ឍមូលដ្ឋាន ការរៀបចំថវិកា ការអនុវត្តថវិកា ការរៀបចំគម្រោង និងកិច្ចលទ្ធកម្មគម្រោងក្រុង ស្រុក ជាដើម។
ក្រោយពីពិនិត្យពិភាក្សាខ្លឹមសារតាមទំព័រមួយចំនួនក្នុងសេចក្តីព្រាងរបាយការណ៍រួច ក្រុមការងារអន្តរក្រសួងបានសម្រេចកែសម្រួលពាក្យពេចន៍ និងឃ្លាឃ្លោងមួយចំនួន ព្រមទាំងបានកំណត់ថ្ងៃបន្តប្រជុំនៅសប្តាហ៍ក្រោយទៀត។ ក្រុមការងារអន្តរក្រសួងនឹងដាក់របាយការណ៍ជូនថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីពិនិត្យសម្រេច និងដោះស្រាយនាពេលខាងមុខ។
សូមបញ្ជាក់ថា លេខាធិការដ្ឋាន គ.ជ.អ.ប បានសម្រេចបង្កើតក្រុមការងារសិក្សារួមគ្នាក្នុងការពិនិត្យមើលឡើងវិញអំពី ការប្រើប្រាស់ធនធានសមាសភាគ អភិវឌ្ឍន៍មូលដ្ឋានរបស់មូលនិធិក្រុងស្រុក តាមរយៈសេចក្ដីសម្រេចលេខ ០៧៥ សសរ/គ.ជ.អ.ប ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។ មូលនិធិក្រុង ស្រុក ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ៣៦អនក្រ.បក ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិក្រុង ស្រុក៕