ក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់សិក្សាវាយតម្លៃលើការអនុវត្តមុខងារវិស័យអប់រំ​ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ (ខេត្តបាត់ដំបង)

នៅថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់សិក្សាវាយតម្លៃលើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារវិស័យអប់រំ​ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តម ចាន់ សុធា អនុប្រធានលេខាធិការដ្ឋានគ.ជ.អ.ប. បាននិងកំពុងចុះជួបពិភាក្សាជាមួយតំណាងក្រុមប្រឹក្សា អភិបាល គណៈអភិបាល នាយករដ្ឋបាល ការិយាល័យអប់រំ ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ការិយាល័យគ្រប់គ្រងធនធានមនុស្សនៃរដ្ឋបាលក្រុង  ចៅសង្កាត់ តំណាងគណៈកម្មការទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារ នាយកសាលាបឋមសិក្សានិងសាលាមត្តេយ្យសិក្សា តំណាងគ្រូបង្រៀនបឋមសិក្សា មត្តេយ្យ និងគ្រូអប់រំក្រៅប្រព័ន្ធនៃរដ្ឋបាលក្រុងបាត់ដំបង ព្រមទាំងតំណាងមាតាបិតាសិស្សដែលជាសមាជិកនៃគណៈកម្មការទ្រទ្រង់សាលារៀន ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីប្រមូលព័ត៌មានសម្រាប់វាយតម្លៃលើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារវិស័យអប់រំ​ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុងបាត់ដំបង។

ជាកិច្ចចាប់ផ្តើមនៃការសិក្សាវាយតម្លៃនេះ ឯកឧត្តម ចាន់ សុធា អនុប្រធានលេខាធិការដ្ឋាន  គ.ជ.អ.ប. បានមានប្រសាសន៍លើកឡើងថា គោលបំណងនៃការចុះសិក្សាវាយតម្លៃនេះ គឺដើម្បីស្វែងយល់អំពីស្ថានភាព វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្ត ការគ្រប់គ្រង និងការចាត់ចែងមុខងារទាំង៦នៃ
វិស័យអប់រំដែលបានផ្ទេរ (ប្រគល់ និងប្រតិភូកម្ម)ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់ជាមូលដ្ឋានក្នុងការវាយតម្លៃអំពីគុណភាព ប្រសិទ្ធភាពនៃការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារទាំងនោះ និងធ្វើជាមូលដ្ឋានសម្រាប់ពិចារណាលទ្ធភាពក្នុងការពង្រីកការប្រគល់មុខងារទាំងនោះទៅឱ្យដល់
រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងលទ្ធភាពនៃការផ្លាស់ប្តូរពីមុខងារប្រតិភូកម្មនៃវិស័យអប់រំឱ្យក្លាយជាមុខងារប្រគល់វិញ ជាពិសេសដើម្បីបន្តផ្តល់កិច្ចអន្តរាគមន៍គាំទ្របន្ថែមលើការអនុវត្ត ការគ្រប់គ្រង និងការចាត់ចែងមុខងារទាំងនោះដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់សិក្សាវាយតម្លៃលើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារវិស័យអប់រំ​ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដែលមានសមាសភាពថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប (៧នាក់) ក្រសួងអប់រំ យុវជន និងកីឡា (៦នាក់) ក្រសួងមហាផ្ទៃ (៦នាក់) ក្រសួងមុខងារសាធារណៈ (៣នាក់) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (៣នាក់) និងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ (៣នាក់)។ ការចុះសិក្សាវាយតម្លៃនេះ ក៏បានទទួលការគាំទ្រផ្នែកបច្ចេកទេសពីកម្មវិធីធ្វើឲ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD/GIZ)។

ដោយឡែក វិធីសាស្ត្រសំខាន់ៗដែលត្រូវប្រើប្រាស់ក្នុងការសិក្សាវាយតម្លៃនេះ រួមមាន៖

  • ការសិក្សាលើលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារក្នុងវិស័យអប់រំទៅឱ្យរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដើម្បីកំណត់នូវលក្ខខណ្ឌចាំបាច់នានាសម្រាប់ធ្វើជាមូលដ្ឋានក្នុងការវិភាគ
  • ការប្រមូលព័ត៌មានសំខាន់ៗទាំងនេះអាចធ្វើឡើងតាមរយៈការជួបសម្ភាសន៍ដោយផ្ទាល់ជាមួយក្រុមអ្នកផ្តល់ព័ត៌មាន និងការផ្តល់បញ្ជីសំណួរទៅក្រុមផ្តល់ព័ត៌មាននានា ដើម្បីបំពេញចម្លើយរបស់ខ្លួន។
  • ការវិភាគព័ត៌មានដែលត្រូវធ្វើឡើងដោយក្រុមការងារបច្ចេកទេសអន្តរក្រសួង ដោយឈរលើគោលការណ៍មិនលំអៀង​និងភាពជាក់ស្តែងនៃការអនុវត្ត ដើម្បីកំណត់នូវចំណុចវិជ្ជមាន និងបញ្ហាប្រឈមនានានៃការអនុវត្តមុខងារទាំងនោះ
  • ការរៀបចំកិច្ចប្រជុំ និងសិក្ខាសាលាជាមួយអ្នកពាក់ព័ន្ធនានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពិគ្រោះយោបល់ទៅលើព័ត៌មាន និងចំណុចសំខាន់ៗដែលក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរកឃើញ និងប្រមូលធាតុចូលបន្ថែមពីអ្នកពាក់ព័ន្ធនានា
  • រៀបចំរបាយការណ៍បូកសរុបអំពីលទ្ធផលនៃការសិក្សាវាយតម្លៃសម្រាប់ធ្វើសេចក្តីរាយការណ៍ជូនគ.ជ.អ.ប. ដើម្បីពិនិត្យ និងសម្រេច។

ការចុះសិក្សានេះ គ្រោងប្រព្រឹត្តទៅនៅក្រុង០១ ស្រុកចំនួន០៦ នៃខេត្តបាត់ដំបង ចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ផ្អែកលើលទ្ធផលនៃការចុះសិក្សានេះ កិច្ចប្រជុំក្រុមការងារបច្ចេកទេស និងសិក្ខាសាលាពិគ្រោះយោបល់ជាមួយនឹងអ្នកពាក់ព័ន្ធនានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងត្រូវរៀបចំឡើង ដើម្បីពិគ្រោះយោបល់ទៅលើព័ត៌មាន និងរបកគំហើញសំខាន់ៗនៃការចុះសិក្សានេះ ព្រមទាំងប្រមូលធាតុចូលបន្ថែមពីអ្នកពាក់ព័ន្ធនានា សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងរបាយការណ៍ជូនគ.ជ.អ.ប.។

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់