ព្រះវិហារ ១២ កក្កដា ២០១៣៖ កាលពីខែមិថុនា ឆ្នាំ២០១៣ ក្រុមការងារផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ខេត្តព្រះវិហារ បានចុះតាមដានត្រួតពិនិត្យការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់…
ព្រះវិហារ ១២ កក្កដា ២០១៣៖ កាលពីខែមិថុនា ឆ្នាំ២០១៣ ក្រុមការងារផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ខេត្តព្រះវិហារ បានចុះតាមដានត្រួតពិនិត្យការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅក្នុងឃុំចំនួនបី ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
ក្រុមការងារនេះរួមមាន លោក គុជ សុវណ្ណារី នាយករងទទួលបន្ទុករួមទីចាត់ការផែនការ និងវិនិយោគ និងជាមន្ត្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធផអ៣ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិប្រចាំខេត្តព្រះវិហារ រួមជាមួយមន្ត្រីបច្ចកទេសហេដ្ឋារចានាសម្ព័ន្ធផអ៣ចំនួន០៣រូបទៀត។ ក្នុងនោះមាន ផ្លូវលំក្រាលក្រួសក្រហមចំនួន១ខ្សែ និងលូ៣កន្លែង ស្ថិតនៅឃុំត្បែងពីរ ផ្លូវ២ខ្សែ និងលូ១កន្លែងនៅឃុំថ្មី និងផ្លូវចំនួន២ខ្សែ និងលូ១កន្លែង នៅឃុំស្រយ៉ង់ ដែលគម្រោងទាំងនេះប្រើប្រាស់មូលនិធិឃុំឆ្នាំ២០១២។
ជាមួយគ្នានេះដែរ ក្រុមការងារក៏បានចុះពិនិត្យគម្រោងសាងសង់ផ្លូវលំក្រាលក្រួសក្រហមចំនួន៣ខ្សែ និងលូ៧កន្លែងផងដែរ នៅឃុំត្បែងពីរដែលប្រើប្រាស់មូលនិធិឃុំឆ្នាំ២០១១ ដើម្បីវាយតម្លៃលទ្ធផលគម្រោងសម្រាប់ដកថវិកាជំហានទី២ ដែលក្នុងនោះ មានផ្លូវចំនួន៣ខ្សែប្រវែង២.៤៥៤ម៉ែត្រ ទទឹង៤ម៉ែត្រ និងលូ៧កន្លែងនៅភូមិក្តាក់ ឃុំត្បែងពីរ។ គម្រោងនេះបានបញ្ចប់១០០%។
ក្រុមការងារបានជួបជាមួយក្រុមប្រឹក្សាឃុំត្បែងពីរ និងអ្នកទទួលការសាងសង់ផ្លូវ រួមជាមួយសមាជិកគណៈកម្មការគ្រប់គ្រងគម្រោងឃុំ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ស្រុក និងមន្ត្រីបច្ចេកទេសគាំទ្រឃុំ ដើម្បីពន្យល់ពីលក្ខណៈខ្វះខាតលើការងារបច្ចេកទេស និងផ្តល់អនុសាសន៍កែលម្អលើការងារសាងសង់ដូចជា៖
I. គម្រោងឆ្នាំ២០១១នៅឃុំត្បែងពីរ
- ស្ថានភាពផ្លូវ ត្រូវចាក់បំពេញអាចម៍ដីទាំង៣ខ្សែ នៅក្នុងភូមិក្តាក់ ប្រវែង២០ម៉ែត្រសងខាង គិតពីចំណុចកណ្តាលរបស់ខ្នងលូ។
- លូដែលប្រេះស្រាំ ត្រូវប្តូរចេញចំនួនពីរកន្លែង។
- លូ៥កន្លែងត្រូវចាក់អណ្តាតលូ និងកែសម្រួលអោយបានសមស្របតាមគំនូសប្លង់បច្ចេកទេស និងដកក្តារពុម្ពចេញអោយបានរៀបរយ។
- ដាំស្មៅតាមជម្រាលជើងទេរផ្លូវទាំង៣ខ្សែអោយបានសមស្រប។
- ខ្សែផ្លូវប្រវែង១.៣៥០ម៉ែត្រ នៅភូមិបរិបូណ៍ ត្រូវកៀរអាចម៍ដីលើខ្នងលូអោយរៀបរយ និងចាក់បំពេញអាចម៍ដីតាមស្ថានភាពជម្រាល២០ម៉ែត្រសងខាងខ្នងលូ ព្រមទាំងដាំស្មៅតាមជើងទេរដូចគំនូសប្លង់។
- លូទាំង៣កន្លែងត្រូវបន្ថែមអណ្តាត និងកែសម្រួលបាតក្រោម១កន្លែង។
II. គម្រោងឆ្នាំ២០១២នៅឃុំថ្មី
- ខ្សែទី១៖ គម្រោងផ្លូវលំក្រោលក្រួសក្រហមប្រវែង១.៣០០ម៉ែត្រ និងលូ២កន្លែងនៅភូមិពង្រ មិនអាចទទួលយកបានទេ ដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ជាអនុសាសន៍កែតម្រូវមានបីចំណុច (១) ជីកប្រឡាយបង្ហូរទឹកដើមផ្លូវខាងស្តាំដៃ ដើម្បីបង្ហូរទឹកចូលលូធំ (២) ស្រោចទឹក និងកិនបង្ហាប់ដីបន្ថែម និង(៣) តម្រឹមជើងទេរអោយបានស្មើតាមលក្ខណៈបច្ចេកទេស។
- ខ្សែទី២៖ គម្រោងផ្លូវលំក្រោលក្រួសក្រហមប្រវែង៧៩៧ម៉ែត្រ និងលូ២ កន្លែង នៅភូមិដំណាក់ន្ទួត។ អនុសាសន៍កែលម្អមាន៖ កែស្ថានភាពផ្លូវប្រវែង៥០ម៉ែត្រដើមខ្សែ (ទាំងដីស និងក្រួសក្រហម) ដើម្បីពង្រីកទទឹងផ្លូវអោយគ្រប់៥ម៉ែត្រតាមគំរូប្លង់ និងស្រោចទឹកកិនបង្ហាប់សារឡើងវិញ។
III. គម្រោងឆ្នាំ២០១២ នៅឃុំស្រយ៉ង់
- ផ្លូវ២ខ្សែប្រវែងជាង៩៩៥ម៉ែត្រ នៅភូមិកោះកេរ ត្រូវកាយយកដីស្អុយចេញអោយអស់ពីបាតដីដែលត្រូវសាងសង់ផ្លូវ និងស្រោចទឹកកិនបង្ហាប់បន្ថែមទៀតលើកំណាត់ផ្លូវដែលមិនទាន់សមស្រប។
- លូ១កន្លែង ត្រូវចាក់អាចម៍ដីបំពេញជម្រាល២០ម៉ែត្រសងខាងខ្នងលូ៕ ដោយៈ លោកស្រី នុត សាមាន ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត