ក្រសួង​មហាផ្ទៃ​ផ្សព្វផ្សាយ​សារាចរ​ស្ដីពី​ការ​ធ្វើ​និយ័ត​កម្ម​ថ្នាក់​ ឋានន្តរ​ស័ក្ដតាម​អតីតភាព​ការងារ និង​ការ​ដំឡើង​ថ្នាក់​សម្រាប់​ឆ្នាំ​២០១៤ ជូន​មន្ត្រី​រាជការ​ស៊ីវិល​

ភ្នំពេញ ៤ ធ្នូ ២០១៣៖ ក្រសួងមហាផ្ទៃបានផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ ០៦ សរ ស្ដីពីការធ្វើនិយ័តកម្មថ្នាក់ ឋានន្តរស័ក្ដជូនមន្ត្រីរាជការស៊ីវិលតាមអតីតភាពការងារ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ …

 ភ្នំពេញ ៤ ធ្នូ ២០១៣៖ ក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយសារាចរណែនាំ

របស់រាជរដ្ឋាភិបាល លេខ ០៦ សរ ស្ដីពីការធ្វើនិយ័តកម្មថ្នាក់

ឋានន្តរស័ក្ដជូនមន្ត្រីរាជការស៊ីវិលតាមអតីតភាពការងារ កាលពីថ្ងៃទី០៤

ខែធ្នូ ឆ្នាំ២០១៣ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងកិច្ចប្រជុំនៅ

សាលប្រជុំក្រសួងមហាផ្ទៃ។

 

កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការចូលរួមពីអគ្គនាយកនៃ អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ អគ្គនាយករង អភិបាលរងរាជធានី ខេត្ត មន្ត្រីទទួលបន្ទុកការងារបុគ្គលិកទាំង២៤ រាជធានី ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

 

ក្នុងមតិបើកកិច្ចប្រជុំ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងពីការយកចិត្តទុកដាក់របស់ក្រសួងកន្លងមកលើការដំឡើងថ្នាក់ ឋានន្តរស័ក្ដជូនមន្ត្រីរាជការស៊ីវិល តែដោយសារប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការកន្លងមកអនុវត្តដោយដៃ ដូច្នេះមានការយឺតយ៉ាវ ឬ ខកខានដែលតម្រូវឱ្យមានការពិនិត្យឱ្យបានហ្មត់ចត់។ 

 

ឯកឧត្ដម សក់ សេដ្ឋា បានផ្ដាំផ្ញើដល់រាជធានី ខេត្ត ត្រូវផ្សព្វផ្សាយសារាចរនេះដល់មន្ត្រីរាជការទាំងអស់ ដើម្បីឱ្យមន្ត្រីរាជការដែលយឺត ឬខកខានក្នុងការដំឡើងឋានន្តរស័ក្ដ ថ្នាក់ចូលរួមសហការអនុវត្ត  និងត្រូវអនុវត្តកិច្ចការនេះឲ្យមានតម្លាភាព គណនេយ្យភាព យុត្តិធម៌ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិដែលមាន។

 

ក្នុងបទបង្ហាញរបស់តំណាងអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ បានលើកឡើងពីខ្លឹមសារសំខាន់ៗនៃ៖ (១). សារាចរលេខ ០៦ សរ របស់រាជរដ្ឋាភិបាល (២). លិខិតលេខ ១៩៣៨ មស.ត្ររ របស់ក្រសួងមុខងារសាធារណៈ (៣). ដំណើរការរៀបចំការធ្វើនិយ័តកម្មថ្នាក់ និងឋានន្តរស័ក្ដ និងការដំឡើងថ្នាក់ខែមេសា ឆ្នាំ២០១៤ (៤). ការត្រៀមលក្ខណៈរបស់រាជធានី ខេត្ត។

 

បន្ទាប់ពីកិច្ចប្រជុំនេះ ជំហានបន្ទាប់សម្រាប់អង្គភាពចំណុះក្រសួងមហាផ្ទៃ រាជធានី ខេត្តនីមួយៗត្រូវបញ្ជាប់ដំណើរការធ្វើនិយ័តកម្មថ្នាក់ ឋានន្តរស័ក្ដ និងការដំឡើងថ្នាក់សម្រាប់ឆ្នាំ២០១៤ ជូនមន្ត្រីរាជការរបស់ខ្លួនឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ ជាកំហិត។ ករណីនៅមានបញ្ហាមិនទាន់ច្បាស់លាស់ សូមទាក់ទងក្រុមការងារនិយ័តកម្មរបស់ក្រសួងមហាផ្ទៃដែលចុះគាំទ្ររាជធានី ខេត្តនីមួយៗ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់