កំពង់ចាម ៦ មីនា ២០១៣៖ ក្រសួងមហាផ្ទៃបានប្រកាសដាក់អោយប្រើប្រាស់សាកល្បងនូវកាចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈប្រព័ន្ធព័ត៌មានវិទ្យាកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយជ្រើសរើសយកខេត្តកំពង់ចាម…
កំពង់ចាម ៦ មីនា ២០១៣៖ ក្រសួងមហាផ្ទៃបានប្រកាសដាក់អោយប្រើប្រាស់សាក
ល្បងនូវការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈប្រព័ន្ធព័ត៌មានវិទ្យាកាលពីថ្ងៃទី២៦
ខែកុម្ភៈ ឆ្នាំ២០១៣ ដោយជ្រើសរើសយកខេត្តកំពង់ចាម ដែលមានសង្កាត់ចំនួន៤
នៅក្នុងក្រុងកំពង់ចាម និងឃុំចំនួន៧ នៅក្នុងស្រុកអូរាំងឪ សម្រាប់ការអនុវត្ត
សាកល្បងរយៈពេល១២ ខែ។
ឯកឧត្តម លេង វី អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃបាន
មានប្រសាសន៍ថា នេះជាការរីកចំរើនមួយលើការងារអត្រានុកូលដ្ឋានដែលជាមោទនភាពរបស់កម្ពុជាដែលបានចាប់ផ្តើមប្រើប្រាស់
ព័ត៌មានវិទ្យាលើការងារអត្រានុកូលដ្ឋាន ដែលប្រទេសមួយចំនួនបាននឹងកំពុងប្រើប្រាស់ និងឈានឆ្ពោះទៅរកការប្រើប្រាស់ព័ត៌មាន
វិទ្យាលើគ្រប់វិស័យ។ ព័ត៌មានវិទ្យានិងជួយសម្រួលការងារ និងបង្កើនប្រសិទ្ធភាពការងារលើការគ្រប់គ្រង និងប្រើប្រាស់ទិន្នន័យនានា។
ឯកឧត្តម លេង វី ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសាកល្បងដល់មន្ត្រីអាត្រានុកូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុក ក្នុងខេត្តកំពង់ចាម
ស្តីពីដាក់ឱ្យប្រើប្រាស់ការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា កាលពីថ្ងៃទី២៦-២៨ ខែកុម្ភៈ ឆ្នាំ២០១៣។ វគ្គបណ្តុះ
បណ្តាលនេះត្រូវបានរៀបចំដោយក្រសួងមហាផ្ទៃ និងសហការជាមួយអង្គការ URC តាមរយៈគម្រោងធ្វើឲ្យសេវាសុខភាពកាន់តែ
ប្រសើរ ហៅកាត់ថា ប៊ី អេជ អេស (BHS)ដែលមានប្រភពថវិកាពីជំនួយសប្បុរសធម៌របស់ប្រជាជនអាមេរិកតាមរយៈទីភ្នាក់ងារសហរដ្ឋ
អាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID ក្នុងការបង្កើតឱ្យមានការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈប្រព័ន្ធ
អេឡិចត្រូនិច ដើម្បីសម្រួលដល់ការចុះបញ្ជីឱ្យបានទាន់ពេលវេលា និងប្រើប្រាស់តាមតម្រូវការចាំបាច់។
ឯកឧត្តម លេង វី មានប្រសាសន៍បន្តទៀតថា គោលបំណងនៃការសាកល្បងនេះគឺដើម្បី៖
- អនុវត្តសាកល្បងនូវការភ្ជាប់បញ្ជីអត្រានុកូលដ្ឋាននិងស្ថិតិសំខាន់ៗតាមរយៈព័ត៌មានវិទ្យានៃគេហទំព័រ គ.ជ.អ.ប ទៅកាន់ថ្នាក់កណ្តាល (ក្រសួងមហាផ្ទៃ) ដើម្បីចុះបញ្ជីទិន្នន័យអត្រានុកូលដ្ឋាន និងស្ថិតិសំខាន់ៗ ឲ្យបានទាន់ពេលវេលា។
- អនុវត្តសាកល្បងនូវការគ្រប់គ្រងគុណភាពលើប្រព័ន្ធដើម្បីសម្រេចបានភាពត្រឹមត្រូវក្នុងកម្រិតខ្ពស់។
- ពង្រឹងសមត្ថភាពបុគ្គលិកឃុំ សង្កាត់ ក្នុងមូលដ្ឋានឲ្យចេះប្រើប្រាស់ប្រព័ន្ធថ្មីប្រកបដោយប្រសិទ្ធភាពដើម្បីកែលម្អដល់ការផ្តល់សេវាសាធារណៈ។
ក្នុងឱកាសនេះដែរ ឯកឧត្តម លេង វី បានប្រគល់សម្ភារៈសម្រាប់ដំណើរការអនុវត្ត
ការងារចុះបញ្ជីអត្រានុកូលដ្ឋានសាកល្បងដល់ឃុំចំនួន៧ និងសង្កាត់ចំនួន៤
រួមមាន៖ កុំព្យូទ័រយួរដៃ ម៉ាស៊ីន Printer Modem ម៉ាស៊ីនស្គែនម្រាមដៃនិង
Webcam។
លោក វេជ្ជបណ្ឌិត មាន រតនសម្បត្តិ ប្រធានផ្នែកត្រួតពិនិត្យវាយតម្លៃ/ព័ត៌មានវិទ្យា
នៃអង្គការ URC បានថ្លែងថា ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាផ្នែកអាត្រានុកូល
ដ្ឋាន និងជួយបង្កើតលើកស្ទួយគុណភាពផែនការប្រើប្រាស់ទិន្នន័យអោយបានប្រសើរឡើង។បច្ចុប្បន្នបច្ចេកវិទ្យា និងព័ត៌មានបាន នឹង
កំពុងរីកចម្រើន និងបញ្ច្រៀតចូលគ្រប់វិស័យ ដើម្បីជាជំនួយលើការគ្រប់គ្រង់ និងសម្រួលការងារគ្រប់ផ្នែក។
លោក បន្តថា សព្វថ្ងៃនេះផ្នែកព័ត៌មាវិទ្យាបាននឹងកំពុងរីកលូតលាស់គួរអោយកត់សំគាល់ ហើយនេះក៏ជាឱកាសដ៏ប្រពៃមួយ
ដែលក្រសួងមហាផ្ទៃបានផ្ដួចផ្ដើមសាកល្បងប្រើប្រាស់ប្រព័ន្ធស្ថិតិអាត្រានុកូលដ្ឋាន តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ដោយមានការ
គាំទ្រផ្នែកថវិកាពី USAID តាមរយៈអង្គការ URC។
គួរបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានបានចាប់ផ្តើមអនុវត្តឡើងវិញជាផ្លូវការក្នុងឆ្នាំ ២០០២ ដែលមានការកត់ត្រាដោយដៃ
នៅលើសៀវភៅ និងក្រដាសអត្រានុកូលដ្ឋាន រួមមានបញ្ជីកំណើត បញ្ជាក់កំណើត អាពាហ៍ពិពាហ៍ និងមរណភាព។ មកដល់
ដំណាច់ឆ្នាំ២០១២នេះ ក្រសួងមហាផ្ទៃបានដំណើរការវាយបញ្ជូលទិន្នន័យអត្រានុកូលដ្ឋានកំណើត និងបញ្ជាក់កំណើត ដែលបាន
អនុវត្តចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៦ ទៅក្នុងប្រព័ន្ធកុំព្យូទ័របានប្រមាណចំនួនជាង៦លានបញ្ជី។ ក្រសួងមហាផ្ទៃក៏បានស្នើឱ្យ
រាជធានី ខេត្តទាំងអស់ ចុះប្រមូលសៀវភៅអត្រានុកូលដ្ឋានគ្រប់ប្រភេទ ដែលបានអនុវត្តចាប់ពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១២
ដើម្បីបន្តវាយបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យា៕