រាជធានីភ្នំពេញ៖ ក្រសួងមុខងារសាធារណៈបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពី បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិដល់មន្ត្រីជំនាញរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីឲ្យពួកគេយល់ដឹងពីខ្លឹមសារនៃលិខិតបទដ្ឋានកាន់តែច្បាស់ និងចូលរួមអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្រសួងបានកំណត់លិខិតបទដ្ឋានសំខាន់ចំនួន៣ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិផ្សព្វផ្សាយទៅកាន់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅទីស្តីការក្រសួង ប្រធាន និងអនុប្រធានមន្ទីរមុខងារសាធារណៈទាំង២៥ រាជធានី ខេត្ត ប្រធានក្រុមប្រឹក្សាខណ្ឌទាំង១២ អភិបាល អភិបាលរង នាយករដ្ឋបាល សាលាខណ្ឌទាំង១២ ចំណុះសាលារាជធានីភ្នំពេញដែលមានវត្តមានសរុបប្រមាណ ៣២០នាក់។
លិខិតបទដ្ឋានទាំង៣នោះ រួមមាន ១).ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ២).សេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និង ៣).លិខិតបទដ្ឋានផ្សេងៗទៀតពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក។
ឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានចាត់ទុកព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាឧបករណ៍គតិយុត្តដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលសម្រាប់បម្រើឲ្យការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ការធ្វើប្រតិភូកម្ម ការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសឆ្លើយតបនឹងតម្រូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ឯកឧត្តម រស់ សូផាន់ បានថ្លែងក្នុងសិក្ខាសាលាដែលរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ថា ព្រះរាជក្រឹត្យនេះបានធ្វើឲ្យមានការផ្លាស់ប្តូរនូវចរន្តនៃការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងទិដ្ឋភាពនៃទំហំបុគ្គលិកដែលត្រូវផ្ទេរមុខងារ និងធនធានរបស់ក្រសួង ស្ថាប័នទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការគ្រប់គ្រងបុគ្គលិកតាមបែបបទ និងនីតិវិធីថ្មី។
«ការគ្រប់គ្រងធនធានមនុស្ស រួមមាន ការធ្វើផែនការ ការជ្រើសរើស ការអភិវឌ្ឍសមត្ថភាព ការតែងតាំង ការបញ្ចប់មុខតំណែង ការដំឡើងថ្នាក់ ឋានន្តរស័ក្តិ ការផ្លាស់ប្តូរទីកន្លែងធ្វើការ ការដាក់ឲ្យនៅក្រៅក្របខណ្ឌដើម ការដាក់ទណ្ឌកម្មវិន័យរហូតដល់ការចូលនិវត្តន៍ គឺត្រូវសម្រេចដោយដីការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសាមីនីមួយៗ»។ ឯកឧត្តម សូផាន់ បញ្ជាក់ពីការផ្លាស់ប្តូរការគ្រប់គ្រងដែលកាន់តែមានប្រសិទ្ធភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការធ្វើប្រតិភូកម្ម និងការផ្ទេរសិទ្ធិអំណាច មុខងារ ព្រមទាំងធនធាន ពិសេសការគ្រប់គ្រងធនធានមនុស្សទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិដោយផ្ទាល់។
បន្ថែមលើសពីនេះ ឯកឧត្តមបានបង្ហើបឲ្យដឹងថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាននៃ គ.ជ.អ.ប នឹងដាក់ឆ្លងសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុក្រឹត្យស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកដែលបំពេញការងារនៅថ្នាក់ក្រោមជាតិទៀត ដើម្បីឲ្យការអនុវត្តខ្លឹមសារនៃព្រះរាជក្រឹត្យគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់សំដៅឆ្លើយតបនឹងតម្រូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍប្រទេសជាតិ។
សូមបញ្ជាក់ថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ មានគោលបំណងចម្បង គឺផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានសមត្ថភាព ផលិតភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅឆ្លើយតបនឹងតម្រូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ចែកចេញជា២១ជំពូក និង៨០មាត្រា៕