កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​សេចក្ដី​ព្រាង​ប្រកាស​ស្ដី​ពី​ការ​កំណត់​សមាសភាព​តួនាទី​ភារកិច្ច​ និង​របៀប​របប​ការងារ​របស់​ក្រុមប្រឹក្សាភិបាល​នៃ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់សេចក្ដីព្រាងប្រកាសស្ដីពីការកំណត់សមាសភាពតួនាទីភារកិច្ច និងរបៀបរបបការងាររបស់ក្រុមប្រឹក្សាភិបាលនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប នៅសាលាប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ។

សេចក្ដីព្រាងប្រកាសនេះ ចែងអំពីសមាសភាព តួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមប្រឹក្សាភិបាលនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីផ្ដល់ការណែនាំតម្រង់ទិសជាយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងសាលាជាតិរដ្ឋបាលមូលដ្ឋាន ជាពិសេសពិនិត្យ និងអនុម័តទៅលើការងារសំខាន់ៗរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន។

សាលាជាតិរដ្ឋបាលមូលដ្ឋានមានតួនាទីអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត ព្រមទាំងសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស្វ័យភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ នេះបើតាមអនុក្រឹត្យលេខ១៩២ អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ដីពីការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន។

សូមបញ្ជាក់ថា សាលាជាតិមួយនេះ មិនទាន់លេចចេញជារូបរាងនៅឡើយទេ ពោលគឺស្ថិតនៅក្នុងដំណាក់កាលកំពុងសិក្សា និងរៀបចំបង្កើត ដែលមាននាយកដ្ឋានបណ្ដុះបណ្ដាលនៃអគ្គនាយកដ្ឋានរដ្ឋបាលជាសេនាធិការជូនក្រុមប្រឹក្សាភិបាល និងក្រសួងមហាផ្ទៃនៅក្នុងកិច្ចដំណើរការរៀបចំបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន។

ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ផ្ដោតទៅលើបញ្ហាប្រឈមពីរធំៗនៃការបង្កើតសាលាជាតិនេះ (១) បញ្ហារកទីកន្លែងសម្រាប់សាងសង់អគារ និង (២) កន្លែងស្នាក់នៅរបស់សិក្ខាកាម ពីព្រោះថាការបណ្ដុះបណ្ដាលនេះជាវគ្គមធ្យមខ្លីមួយ ដែលអាចមានរយៈពេលពី ២ សប្ដាហ៍ ទៅ ៨ សប្ដាហ៍៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់