ភ្នំពេញ ៣១ តុលា ឆ្នាំ២០១៧៖ កិច្ចប្រជុំអន្តរលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់ទាំង៣ ដែលរួមមាន៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (លេខាធិការដ្ឋាន គ.ជ.អ.ប.) អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងលេខាធិការដ្ឋាននៃគណៈកម្មាធិការកំណែទម្រង់រដ្ឋបាលសាធារណៈ ( លេខាធិការដ្ឋាន គ.ក.រ.) ក្រោមអធិបតីភាពដឹកនាំដោយ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានអ្នកចូលរួមប្រមាណជា ៣០នាក់។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្ដោតលើរបៀបវារៈសំខាន់ៗរួមមាន៖ (១) ការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួមនៃកំណែទម្រង់ទាំង៣ (២) ការត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍នៃការចុះសិក្សាពិនិត្យមើលឡើងវិញអំពីការប្រើប្រាស់ធនធាននៃសមាសភាគអភិវឌ្ឍន៍មូលដ្ឋានរបស់មូលនិធិក្រុង ស្រុក (៣) ការផ្ដល់យោបល់បន្ថែមលើសេចក្ដីព្រាងយុទ្ធសាស្ត្រកែទម្រង់ថវិកាឆ្នាំ២០១៧-២០២៥ (៤) ការពិភាក្សាអំពីការរៀបចំចុះសិក្សារួមគ្នាអំពីធនធាននានាពាក់ព័ន្ធនឹងមុខងារដែលគ្រោងផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ (៥) បញ្ហាផ្សេងៗ។
ឯកឧត្ដម ចាន់ សុធា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើបទបង្ហាញអំពីរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួមនៃកំណែទម្រង់ទាំង៣ សម្រាប់ត្រីមាសទី៣ឆ្នាំ២០១៧។ ផែនការសកម្មភាពទាំងអស់មាន ៩ចំនុច ដូចជា៖ (១) ពង្រឹងការបើកផ្ដល់បៀវត្ស និងប្រាក់លាភការផ្សេងៗទៀតតាមធនាគារ ឬតាបប្រព័ន្ធ E-Transfer (២) រៀបចំក្របខណ្ឌ និងយន្តការអនុវត្តទណ្ឌកម្មចំពោះការគ្រប់គ្រងធនធានសាធារណៈ (៣) កែសម្រួលរចនាសម្ព័ន្ធស្ថាប័នឲ្យមានសមានគតិភាពជាមួយនឹងប្រព័ន្ធដំណើរការការងារថ្មីដែលរួមមាន ផ្នែករដ្ឋបាលបុគ្គលិក ហិរញ្ញវត្ថុ និងបច្ចេកទេស ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ (៤) ត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធអធិការកិច្ច សវនកម្ម និងសវនកម្មផ្ទៃក្នុងនាពេលបច្ចុប្បន្ននៅគ្រប់ក្រសួង ស្ថាប័ន ដើម្បីធានាសុខដុមនីយកម្ម (៥) បង្កើនគុណភាពលើការកសាងសមត្ថភាព និងការបណ្ដុះបណ្ដាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (៦) រៀបចំក្របខណ្ឌរួមនៃការគ្រប់គ្រង និងបែងចែកប្រាក់រង្វាន់ពីចំណូលមិនមែនសារពើពន្ធប្រកបដោយសមធម៌ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (៧) រៀបចំ និងដាក់ឲ្យដំណើរការនូវយន្តការផ្ដល់ព័ត៌មានត្រឡប់ និងបណ្ដឹងតវ៉ារបស់អ្នកប្រើប្រាស់សេវានៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ (៨) រៀបចំ និងដាក់ឲ្យអនុវត្តក្របខណ្ឌវិមជ្ឈការហិរញ្ញវត្ថុ និង (៩) រៀបចំ និងដាក់ឲ្យអនុវត្តយន្តការស្ថាប័នគាំទ្រភាពជាអ្នកដឹកនាំការលើកទឹកចិត្តលើការងារកំណែទម្រង់។
សមិទ្ធផលសម្រាប់ត្រីមាសទី៣ មានដូចតទៅ៖ (១) បានរៀបចំ និងដាក់ឲ្យអនុវត្តការបើកបៀវត្សមន្ត្រីរាជការក្របខណ្ឌថ្មី និងមន្ត្រីជាប់កិច្ចសន្យាតាមប្រព័ន្ធធនាគារ (២) បានរៀបចំបញ្ចប់សេចក្ដីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រស្ដីពីអធិការកិច្ចនៅថ្នាក់ក្រោមជាតិ (៣) រៀបចំកម្មវិធីបណ្ដុះបណ្ដាលវគ្គ (វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ និងមធ្យម វគ្គគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា វគ្គអគ្គនាយករង ប្រធាននាយកដ្ឋាន វគ្គអភិបាលរងខេត្ត រាជធានី អភិបាលក្រុង ស្រុក ខណ្ឌ វគ្គប្រធានមន្ទីរមកពីបណ្ដាខេត្ត រាជធានី) (៤) បានបង្កើតក្រុមប្រឹក្សាភិបាលនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន (៥) បានរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រ និងផែនការអនុវត្តរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានសម្រាប់ការចាប់ផ្ដើមអនុវត្តការបណ្ដុះបណ្ដាលពីឆ្នាំ២០១៨តទៅ (៦) បានរៀបចំសេចក្ដីព្រាងក្របខណ្ឌយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសមត្ថភាពនៅថ្នាក់ក្រោមជាតិ (៧) រៀបចំ និងអនុវត្តការបណ្ដុះបណ្ដាលជាកាតព្វកិច្ចដល់ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពីការលើកកម្ពស់បរិយាប័ន្ននិងសមធម៌សង្គម (៨) អនុក្រឹត្យស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ (៩) រាជធានី ខេត្តបាននិងកំពុងរៀបចំបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋ (១០) រៀបចំបង្កើតមជ្ឈមណ្ឌលទូរស័ព្ទផ្ដល់ព័ត៌មានសេវាសាធារណៈ (Call Center) (១១) ពង្រឹង និងពង្រីកការអនុវត្តយន្តការផ្ដល់ព័ត៌មានត្រឡប់ និងបណ្ដឹងតវ៉ារបស់អ្នកប្រើប្រាស់សេវានៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលក្រោមជាតិ (១២) ដាក់ឲ្យអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល និងប្រព័ន្ធលើកទឹកចិត្តនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (១៣) រៀបចំការពិនិត្យប្រតិបត្តិការឡើងវិញនៅរដ្ឋបាលថ្នាក់ស្រុកដោយសហការជាមួយ លេខាធិការដ្ឋាន គ.ជ.អ.ប និង (១៤) រៀបចំកម្មវិធីបណ្ដុះបណ្ដាលសម្រាប់មន្ត្រីរាជការកម្រិតជាន់ខ្ពស់មធ្យមនិងក្របខណ្ឌថ្មីៗ៕