ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពអភិវឌ្ឍន៍ និងគោលនយោបាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ៥ នៃក្រុមការងារប្រឹក្សាយោបល់របស់គម្រោង “ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ” ដោយមានការអញ្ជើញចូលរួមពីលោកស្រី Dana Avram លេខាទី១ នៃស្ថានទូតនូវែលហ្សេឡង់ប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ និងលោកស្រី Meloney Lindberg នាយិកានៃអង្គការមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធានសមាគមន៍ក្រុមប្រឹក្សា និងតំណាងរដ្ឋបាលខេត្តគោលដៅ សរុបចំនួន២៣នាក់ (ស្រ្តី០៨នាក់)។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដូចជា៖
– ធ្វើបច្ចុប្បន្នភាពអំពីសមិទ្ធផលសម្រេចបានសំខាន់ៗ និងលទ្ធផលនៃការចុះស្ទង់មតិវាយតម្លៃ ក្រោយការអនុវត្តគម្រោងជូនដល់ក្រុមការងារប្រឹក្សាយោបល់របស់គម្រោង
– ចែករំលែកមេរៀនបទពិសោធន៍ និងការអនុវត្តល្អៗជូនដល់ក្រុមការងារប្រឹក្សាយោបល់គម្រោង
– ពិភាក្សាអំពីនិរន្តរភាពនៃការអនុវត្តគម្រោង និងការទទួលបាននូវអនុសាសន៍នានាពីក្រុមការងារប្រឹក្សាយោបល់របស់គម្រោង ក្នុងការរៀបចំកិច្ចសន្ទនាថ្នាក់ជាតិស្តីពី “ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ”៕



