កិច្ចប្រជុំលើកទី៩ របស់ គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រ
គណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.)
កិច្ចប្រជុំលើកទី៩ របស់គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម (គ.គ.អ.ស) ១ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នេះមានការអញ្ជើញចូលរួមពីសមាជិក គ.គ.អ.ស អ្នកអង្កេតការណ៍ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានាចំនួន៥២រូប (ស្រ្តី១៣រូប)។ ខ្ញុំសូមថ្លែងអំណរគុណចំពោះការចូលរួម ការធ្វើបទបង្ហាញ និងការពិគ្រោះយោបល់នានា ដែលបានបង្កើតឱ្យបរិយាកាសកិច្ចប្រជុំមានសេចក្តីសោមន្សរីករាយ និងទទួលបានលទ្ធផលជាផ្លែផ្កាដ៏ត្រចះត្រចង់គួរជាទីមោទន។
ជាក់ស្តែងកិច្ចប្រជុំបានប្រព្រឹត្តទៅស្របតាមរបៀបវារៈដែលបានគ្រោងទុក ដោយក្នុងនោះអង្គប្រជុំមានការធ្វើបទបង្ហាញសំខាន់ៗរួមមាន៖ សៀវភៅណែនាំប្រតិបត្តិស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ផ្នែកផ្គត់ផ្គង់ សៀវភៅណែនាំប្រតិបត្តិស្តីពីការងារគណនេយ្យភាពសង្គមថ្នាក់ឃុំ សង្កាត់ និងឯកសារបច្ចេកទេសគណនេយ្យភាពសង្គមលើសេវារដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់ផ្នែកតម្រូវការ ល័ក្ខខ័ណ្ឌការងាររបស់ក្រុមការងារបច្ចេកទេសគណនេយ្យភាពសង្គមនៅថ្នាក់ជាតិ ផែនការសកម្មភាពនៃនិរន្តរភាពការអនុវត្តការងារគណនេយ្យភាពសង្គម និងការសុំពន្យាពេលការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ ដល់ឆ្នាំ២០២៥ បានយ៉ាងក្បោះក្បាយ និងមានការចូលរួមមតិយោបល់យ៉ាងផុសផុល។
ឆ្លងតាមការធ្វើបទបង្ហាញ ពិភាក្សា ពិគ្រោះយោបល់ ទៅតាមរបៀបវារៈ ក្នុងកិច្ចប្រជុំពេញមួយព្រឹកនេះ យើងទទួលបាននូវលទ្ធផលសំខាន់ៗដែលត្រូវយកចិត្តទុកដាក់បន្តអនុវត្ត ដូចនេះខ្ញុំសូមគូសបញ្ចាក់ឡើងវិញនូវចំណុចមួយចំនួនដូចខាងក្រោម៖
១)ចំពោះសៀវភៅណែនាំប្រតិបត្តិស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ផ្នែកផ្គត់ផ្គង់៖ ផ្អែកតាមស្មារតីអង្គប្រជុំ បានឯកភាពក្នុងការបែងចែកឯកសារជាពីរគឺ៖ ទី១). សៀវភៅណែនាំប្រតិបត្តិស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ផ្នែកផ្គត់ផ្គង់ គណៈកម្មាធិការ គ.គ.អ.ស. រួចហើយ និងទី២) សៀវភៅណែនាំស្តីពីការអនុវត្តសាកល្បងការងារគណនេយ្យភាពសង្គមផ្នែកផ្គត់ផ្គង់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលការងារនេះពុំមានការប៉ះពាល់ដល់ការអនុវត្តសកម្មភាពផ្នែកតម្រូវការរបស់អង្គការសង្គមស៊ីវិលដែលកំពុងអនុវត្តបច្ចុប្បន្ននោះទេ។ ការងារនេះ លេខាធិការដ្ឋាន គ.ជ.អ.ប. នឹងធ្វើការអនុវត្តសាកល្បងនៅតំបន់គោលដៅដែលពុំមានអង្គការសង្គមស៊ីវិលអនុវត្តសកម្មភាព។
២)ចំពោះសៀវភៅណែនាំប្រតិបត្តិស្តីពីការងារគណនេយ្យភាពសង្គមថ្នាក់ឃុំ សង្កាត់ និងឯកសារបច្ចេកទេសគណនេយ្យភាពសង្គមលើសេវារដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់ផ្នែកតម្រូវការ៖ អង្គប្រជុំបានពិនិត្យ និងអនុម័តសៀវភៅណែនាំប្រតិបត្តិស្តីពីការងារគណនេយ្យភាពសង្គមថ្នាក់ឃុំ សង្កាត់ និងបានស្តាប់ការបង្ហាញអំពីឯកសារបច្ចេកទេសគណនេយ្យភាពសង្គមលើសេវារដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់ផ្នែកតម្រូវការយើងបានឯកភាពគ្នាក្នុងការដាក់អោយអនុវត្តសាកល្បង ។
៣)ល័ក្ខខ័ណ្ឌការងាររបស់ក្រុមការងារបច្ចេកទេសគណនេយ្យភាពសង្គមនៅថ្នាក់ជាតិ៖ អង្គប្រជុំបានពិនិត្យ និងអនុម័ត ក្រុមការងារលេខាធិការដ្ឋាន គួររៀបចំសេចក្តីសម្រេចបង្កើតក្រុមការងារនេះ។
៤) ផែនការសកម្មភាពនៃនិរន្តរភាពការអនុវត្តការងារគណនេយ្យភាពសង្គម៖ អង្គប្រជុំបានពិនិត្យ និងអនុម័ត
៥) ការពន្យាពេលអនុវត្តនផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ ដល់ឆ្នាំ២០២៥៖ ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. រៀបចំឯកសារពាក់ព័ន្ធនានាដើម្បីស្នើសុំការសម្រេចពីថ្នាក់ដឹកនាំ សម្តេចក្រឡាហោម ដើម្បីធ្វើការពន្យាពេលការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមដំណាក់កាលទី២ រហូតដល់ឆ្នាំ២០២៥ ដើម្បីអោយស្របទៅនឹងផែនការអនុវត្ត០៥ ឆ្នាំដំណាក់កាលទី១ (ផអ៥ទី១)។ អង្គប្រជុំបានពិនិត្យ និងអនុម័ត
អនុសាសន៍បន្ថែមសំខាន់ៗ
១) លើកទឹកចិត្តក្រុមការងារបន្តខិតខំយកចិត្តទុកដាក់អនុវត្តការងារគណនេយ្យភាពសង្គម
២) លើរាល់ឯកសារដែលបានអនុម័តក្នុងអង្គប្រជុំពេលនេះ សូមក្រុមការងារបច្ចេកទេសបន្តរៀបចំជាសៀវភៅឱ្យមានទម្រង់ជាស្តង់ដារ និងមានជាអត្តសញ្ញាណការងារគណនេយ្យភាពសង្គម។
៣) ចំពោះក្រុមការងារបច្ចេកទេសដែលបានរៀបចំឡើង គួររៀបចំនូវកិច្ចប្រជុំរួមគ្នាដំបូងឡើងដើម្បីពិនិត្យលើកិច្ចការបច្ចេកទេសពាក់ព័ន្ធនានាសំដៅធានាដល់ការគាំទ្រការងារគណនេយ្យភាពសង្គមរបស់យើងអោយមានដំណើរការទៅមុខបានល្អបន្ថែមទៀត
៤) ស្នើរសូមអោយដៃគូរអភិវឌ្ឃន៍បន្តគាំទ្រការងារគណនេយ្យភាពសង្គមបន្ថែមទៀត
៥) ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. សហការគ្នារៀបចំរបាយការណ៍លទ្ធផលកិច្ចប្រជុំនេះ ដូចដែលបានរៀបចំយ៉ាងល្អកាលពីកិច្ចប្រជុំលើកទី៨ កន្លងទៅ និងធ្វើការចែករំលែកដល់សមាជិក គ.គ.អ.ស ក៏ដូចជាអ្នកពាក់ព័ន្ធ។