កិច្ចប្រជុំបូកសរុបរបាយការណ៏អំពីលទ្ធផលនៃការចុះសិក្សាវាយតម្លៃមុខងារអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ

ខេត្តសៀមរាប៖ ថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងរៀបចំសេចក្តីព្រាងរបាយការណ៍បឋមស្តីពីលទ្ធផលនៃការសិក្សាវាយតម្លៃលើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានផ្ទេរទៅឱ្យ​រដ្ឋបាលក្រុង ស្រុក ខណ្ឌ​ តាមបែបផែននៃការប្រគល់(វិមជ្ឈការ) និងការធ្វើប្រតិភូកម្ម(វិសហមជ្ឈការ) ដោយផ្អែកតាមលទ្ធផលដែលបានរកឃើញពីការចុះប្រមូលព័ត៌មាននិងសិក្សាវាយតម្លៃនៅតាមសាលារៀន និងរដ្ឋបាលក្រុង ស្រុកគោលដៅសរុបចំនួន១៣ ក្នុងខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង ខេត្តក្រចេះ និងខេត្តកំពត ។ ក្នុងនោះ អ្នកផ្តល់ព័ត៌មានសម្រាប់ការសិក្សានេះ មានចំនួនប្រមាណ៧០០នាក់ ដែលសមាសភាពជាមន្ត្រីថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក ថ្នាក់ដឹកនាំការិយាល័យពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីនៃការិយាល័យអប់រំ យុវជន និងកីឡា តំណាងនាយកសាលាបឋមសិក្សា នាយកសាលាមត្តេយ្យ តំណាងគ្រូបង្រៀនសាលាបឋមសិក្សា និងសាលាមត្តេយ្យ មេឃុំ ចៅសង្កាត់ ព្រមទាំងតំណាងគណៈកម្មាធិការគ្រប់គ្រងសាលារៀន និងតំណាងមាតាបិតាសិស្ស។

ការសិក្សាវាយតម្លៃនេះបានរៀបចំដោយអនុលោមតាមគោលការណ៍ណែនាំតម្រង់ទិសរបស់
ម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ដោយមានការរៀបចំនូវឯកសារទស្សនទាន និងសេចក្តីសម្រេចបង្កើតក្រុមការ​ងារបច្ចេកទេសអន្តរក្រសួងសម្រាប់សិក្សាវាយតម្លៃនេះ ដែលមានសមាជិកសរុបចំនួ​ន៣២នាក់ដែលមានសមាសភាពមកពីលេខាធិការដ្ឋានគ.ជ.អ.ប. ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។ ការសិក្សាវាយតម្លៃនេះក៏មានការចូលរួម និងគាំទ្របច្ចេកទេសពីកម្មវិធីISD/GIZផងដែរ។

ជូនភ្ជាប់នូវឯកសារ៖

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់