កិច្ចប្រជុំបច្ចេកទេសស្តីពីការផ្ទេរលទ្ធផលការងារវាងក្រុមហ៊ុនឌីស៊ីអិកស៍(DCx) និងលេខាធិការដ្ឋាន គ.ជ.អ.ប.

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំបច្ចេកទេស ស្តីពីការផ្ទេរលទ្ធផលការងារវាងក្រុមហ៊ុនឌីស៊ីអិកស៍(DCx)  និងលេខាធិការដ្ឋាន គ.ជ.អ.ប. លើការកែសម្រួលគេហទំព័រ គ.ជ.អ.ប. និងការបង្កើតគេហទំព័ររបស់រដ្ឋបាលក្រុងបានលុង ក្រុងកំពង់ចាម និងក្រុងសៀមរាប។

ការកែសម្រួលគេហទំព័រថ្មីរបស់ គ.ជ.អ.ប. និងការបង្កើតគេហទំព័រចំនួន៣របស់រដ្ឋបាលក្រុងគោលដៅ គឺជាសកម្មភាពអាទិភាពនៃគម្រោង “ការពង្រឹងតម្លាភាព និងគណនេយ្យភាពនៅក្នុងអភិបាលកិច្ចមូលដ្ឋាន តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ ហៅកាត់ STA Project”។ សកម្មភាពនេះ ឆ្លើយតបនឹងលទ្ធផលរំពឹងទុកគម្រោងចំនួន២ គឺ (១) ការអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្សព្វផ្សាយព័ត៌មានជាសាធារណៈ (Digital Information Sharing Platform)និង (២) ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (Improving SNA MIS) ដោយបានជ្រើសរើសយកការអភិវឌ្ឍគេហទំព័រថ្មីរបស់ គ.ជ.អ.ប. និងបង្កើតឱ្យមានមុខងារផ្ទាំងព័ត៌មាន (dashboard) ដើម្បីផ្សព្វផ្សាយទិន្នន័យប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (data visualization)។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុននៅកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)ប្រចាំនៅកម្ពុជា បានគាំទ្រថវិកាដល់លេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងការអនុវត្តគម្រោង “ការពង្រឹងតម្លាភាព និងគណនេយ្យភាពនៅក្នុងអភិបាលកិច្ចមូលដ្ឋាន តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ” ដើម្បីរួមចំណែកដល់កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាពិសេសគាំទ្រកម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០) ក្នុងការលើកកម្ពស់ការទទួលបានព័ត៌មាន និងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការអនុវត្តកិច្ចការ និងការគ្រប់គ្រងធនធានដោយស្ថាប័នសាធារណៈ និងជួយជំរុញដល់ការបង្កើតបរិយាកាសអំណោយផលសម្រាប់អន្តរកម្មនៃកិច្ចសន្ទនា និងភាពជាដៃគូប្រកបដោយការស្ថាបនា៕

#NCDD #STA #UNDP #Japan #Digital

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់