ខេត្តកំពត៖ ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ លេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំរៀបចំកិច្ចប្រជុំឆមាសទី១ ឆ្នាំ២០២៥ នៃក្រុមការងារបច្ចេកទេសគណនេយ្យភាពសង្គម ក្រោមអធិបតីភាពឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជាប្រធានក្រុមការងារបច្ចេកទេសគណនេយ្យភាពសង្គម (ក.ប.គ.ស.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី សមាជិក សមាជិកា តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទីភ្នាក់ងារអភិវឌ្ឍកិច្ចសហប្រតិបត្តិការបច្ចេកទេសអាល្លឺមង់(GIZ) ធនាគារពិភពលោកប្រចាំកម្ពុជា អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា អង្គការឃែរអន្តរជាតិប្រចាំកម្ពុជា អង្គការអុកស្វាមអន្តរជាតិប្រចាំកម្ពុជា អង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ អង្គការគណៈកម្មការសហប្រតិបត្តិការកម្ពុជា អង្គការស្តារកម្ពុជា អង្គការហេក្សប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ សរុបចំនួន ៥០នាក់ ស្រី ១០នាក់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងកែសម្រួលលើឯកសារ និងឧករណ៍មួយចំនួនពាក់ព័ន្ធនឹងការងារគណនេយ្យភាពសង្គម ដូចជា(១)សៀវភៅណែនាំប្រតិបត្តិ ស្តីពីការងារគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក ខណ្ឌ (២) យុទ្ធសាស្រ្តនិរន្តរភាពការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ (៣) ការអភិវឌ្ឍកម្មវិធីទូរសព្ទដៃគណនេយ្យភាពសង្គម(Social Accountability Mobile App)។
គូសបញ្ជាក់ផងដែរថា ក្រុមការងារបច្ចេកទេសគណនេយ្យភាពសង្គម ត្រូវរៀបចំកិច្ចប្រជុំជាទៀងទាត់រៀងរាល់២ដងក្នុងមួយឆ្នាំ ដើម្បីគាំទ្របច្ចេកទេស និងជំរុញដល់ដំណើរការអនុវត្តការងារគណនេយ្យភាពសង្គមប្រកបដោយប្រសិទ្ធភាព ដែលជាកិច្ចការដ៏មានសារៈសំខាន់មួយ ក្នុងការរួមចំណែកដល់ការអនុវត្តកម្មវិធីជាតិដំណាក់ទី២។



















