ភ្នំពេញ ២២ មករា ២០១៣៖ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗត្រូវបានបោះឆ្នោតជ្រើសរើស និងបានចូលបំពេញការងារនៅក្នុងរដ្ឋបាល
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗរបស់ខ្លួនកាលពីពាក់កណ្តាលឆ្នាំ២០០៩ កន្លងទៅនេះ។ ដើម្បីធានាឲ្យក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ ក្រោមជាតិនីមួយៗមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញ អាណត្តិការងាររបស់ខ្លួន លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បាន រៀបចំយន្តការ និងប្រព័ន្ធសម្រាប់ការអភិវឌ្ឍសមត្ថភាពដែលមានដូចជា ការរៀបចំ និងការដាក់ពង្រាយមន្រ្តីសម្របសម្រួលក្រុមប្រឹក្សានៃ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងការអនុវត្តការបណ្តុះបណ្តាលក្រុមប្រឹក្សា ព្រមទាំងរៀបចំ និងដាក់ឲ្យប្រើប្រាស់នូវសៀវភៅបច្ចេកទេសនានា ដែល ជាឯកសារជំនួយស្មារតីដល់ក្រុមប្រឹក្សានៅពេលអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន។
កន្លងមកថ្មីៗនេះលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានកិច្ចសហការគាំទ្របច្ចេកទេសពីកម្មវិធីដើម្បីលើកកម្ពស់ការបំពេញ ការងារគណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋដែលគាំទ្រដោយសហភាពអឺរុប (EU-SPACE) បានរៀបចំ និងដាក់ឲ្យប្រើប្រាស់ឯកសារបច្ចេកទេសស្តីពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សានិង ឯកសារបច្ចេកទេសស្តីពីវេទិកាផ្សព្វ ផ្សាយនិងពិគ្រោះយោបល់ក្នុងគោលបំណងជួយគាំទ្រក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ឲ្យបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកនយោបាយ ជាប់ឆ្នោតស្របតាមការកំណត់របស់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាដែលមានជាធរមានកាន់តែមានប្រសិទ្ធភាព។
មុនពេល អនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឯកសារបច្ចេកទេសទាំងពីរនេះត្រូវបានយកទៅអនុវត្តសាកល្បងជាមួយ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកមួយចំនួនដែលជាខេត្ត ក្រុង ស្រុកគោលដៅរបស់កម្មវិធី EU-SPACE។ លទ្ធផលនៃការអនុវត្តសាកល្បងគឺជាធាតុចូលយ៉ាងសំខាន់ក្នុងការពិនិត្យ និងកែសម្រួលចុងក្រោយលើឯកសារបច្ចេកទេសទាំងពីរនេះ។
ក្នុងពិធីប្រកាសដាក់ឲ្យប្រើបា្រស់ឯកសារបចេ្ចកទេសទាំងពីរនេះ លោក សុខ សុទ្ធី អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានគូសបញ្ជាក់ថា ថ្វីត្បិតតែឯកសារបច្ចេកទេសនេះត្រូវបានរៀបចំដោយការយកចិត្តទុកដាក់ និងបានអនុវត្តសាកល្បងជាច្រើនក៏ដោយ ក៏ចំណុចខ្វះខាតនៅតែមាន។ លើសពីនេះទៀត ឯកសារបច្ចេកទេសដែលបានដាក់ឲ្យប្រើប្រាស់នេះ គឺជាឯកសារជំនួយស្មារតី មិនមែនជាបទបញ្ជា ឬជាគោលការណ៍សេចក្តីណែនាំដែលត្រូវតែអនុវត្តតាមឡើយ។ ដូច្នេះ នៅពេលអនុវត្តជាក់ស្តែង ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗអាចធ្វើការបត់បែនឲ្យស្របតាម ស្ថានភាពនៃរដ្ឋបាលរបស់ខ្លួននីមួយៗ។
ជាមួយគ្នានេះ លោក Gereon Kaus ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពរបស់ក្រុមប្រឹក្សានៃកម្មវិធី EU-SPACEបានបញ្ចាក់ថា ការអភិវឌ្ឍសម្ថភាពដល់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិមានសារៈសំខាន់ណាស់ ហើយលោកបានសម្តែងនូវភាពសោមនស្សរីករាយយ៉ាងខ្លាំងដែលឯកសារបច្ចេកទេសទាំងពីរនេះ ត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់ដោយឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។ លោក Gereon Kaus សង្ឃឹមថា ឯកសារបច្ចេកទេសនេះនឹងជួយឲ្យក្រុមប្រឹក្សាអាចរៀបចំកិច្ចប្រជុំរបស់ ខ្លួនបានកាន់តែមានប្រសិទ្ធិភាពព្រមទាំងជួយគាំទ្រដល់ពួកគាត់ក្នុងការរៀប ចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់បានល្អ។
ក្នុងនាមជាតំណាងក្រុមប្រឹក្សានៃរដ្ឋបាលខេត្ត ក្រុង ស្រុកគោលដៅ ឯកឧត្តម អ៊េ សារុម សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងបានបញ្ជាក់ថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដោយ សារមានឯកសារបចេ្ចកទេសនេះជាជំនួយ។ ជាមួយគ្នានេះ ឯកឧត្តមបានសំដែងនូវការស្វាគមន៍ចំពោះការ គាំទ្រផ្នែកប្រឹក្សាយោបល់របស់កម្មវិធី EU-SPACE ក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកន្លងមក។
ឯកឧត្តម ម៉ែន ធឿន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានស្នើសុំឲ្យបន្តការអភិវឌ្ឍ សមត្ថភាពបន្ថែមទៀតពីលេខាធិការដ្ឋាន គ.ជ.អ.ប ជាពិសេសវិធីសាស្រ្តសម្រាប់ប្រឹក្សាយោបល់ដែលបានអនុវត្តសាកល្បងជាមួយ កម្មវិធី EU-SPACE ដើម្បីសម្រេចបាននូវការបំពេញការងារកាន់តែប្រសើរឡើងសម្រាប់ក្រុម ប្រឹក្សាទាំងអស់៕