ខេត្តបាត់ដំបង៖ តំណាងអាជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍សុទ្ធតែមើលឃើញដូចគ្នាថា ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ ក្រោយការអនុវត្តមុខងារជាជម្រើសដែលឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់។
លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី ខេត្តសៀមរាបបានទទួលស្គាល់ថា ការអនុវត្តមុខងារជាជម្រើសពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ប្រធានក្រុមប្រឹក្សាដែលកំពុងកាន់តំណែងក្នុងអាណត្តិទី២របស់ខ្លួនវ័យ ៦២ឆ្នាំរូបនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានជាង ៤ម៉ឺននាក់ស្មើនឹងជាង ៦០ភាគរយបានទទួលប្រយោជន៍ពីវិស័យទេសចរណ៍ និងទំនាក់ទំនងបដិសណ្ឋារកិច្ចក្រោយពីអាជ្ញាធរ និងដៃគូអភិវឌ្ឍន៍រៀបចំឱ្យមានសហគមន៍ទេសចរណ៍នៅស្រុកបន្ទាយស្រីដែលជាការអនុវត្តមុខជាជម្រើសរួចមក។
លោកមានប្រសាសន៍ថា”…ចាប់តាំងពីឆ្នាំ២០១០ដល់២០១៧នេះ ប្រជាពលរដ្ឋសហគមន៍មូលដ្ឋានមានជីវភាពប្រសើរ។ ពួកគាត់ចេះផលិតផលិតផលអនុស្សាវរីយ៍លក់និងដាំដុះបន្លែផ្លែឈើជាដើម ពិសេសអ្នកលក់នំបញ្ចុកកើនពី១០គ្រួសារ មុនឆ្នាំ២០១០រហូតដល់១០០ទៅ២០០គ្រួសារនាពេលបច្ចុប្បន្ន។ ក្រៅពីនេះ ពួកគាត់ក៏បានរៀបចំឱ្យមានផ្ទះស្នាក់ជាលក្ខណៈបុរាណនៅតាមសហគមន៍ រហូតដល់ផ្ទះស្នាក់លំដាប់ប៊ូទិក។ ពួកគាត់អាចនាំអ្នកទេសចរដើរទស្សនាប្រាសាទ ភូមិដ្ឋាន កសិដ្ឋាន ជិះរទេះគោ ជិះទូកមើលទេសភាពធម្មជាតិព្រៃព្រឹក្សា ជិះកង់កម្សាន្តដែលចេញពីការឡើងភ្នំនិងការជិះកង់ឆ្លងកាត់ភូមិមួយទៅភូមិមួយទៀតនិងទីកន្លែងសក្ការៈនានា…”។
ក្រៅពីការជួយលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋ គំនិតផ្តួចផ្តើមទេសចរណ៍មូលដ្ឋានក្នុងស្រុកបន្ទាយស្រីក៏បានជួយចូលរួមកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋទៀតផង។ នេះបើតាមប្រសាសន៍របស់លោក ថាប់ សារ៉ន។
ជាមួយគ្នានេះដែរ លោក ឈាន តឿន ប្រធានក្រុមប្រឹក្សាស្រុកបាណន់ ខេត្តបាតប់ដំបង ដែលកំពុងរៀបចំអនុវត្តមុខងារជាជម្រើសពាក់ព័ន្ធនឹងការលើកកម្ពស់អនាម័យចំណីអាហារ និងភេសជ្ជៈនៅតាមសាលារៀនផងនោះ បានចាត់ទុកការអនុវត្តមុខងារនេះជាជម្រើសអាទិភាពសម្រាប់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ចំពោះការងារជាអាទិភាពនេះ ប្រធានក្រុមប្រឹក្សាស្រុកបាណន់វ័យ៦៤ឆ្នាំដែលកំពុងកាន់តំណែងក្នុងអាណត្តិទី២របស់លោកជឿជាក់ថា សិស្សានុសិស្សតាមសាលារៀនក្នុងស្រុកនឹងកាន់តែមានអនាម័យ និងសុខភាពល្អជាងមុន នៅពេលពួកគាត់ចុះបញ្ជ្រាបយុទ្ធសាស្ត្រអនាម័យនៅដើមឆ្នាំ២០១៨ខាងមុខនេះ។
លោកមានប្រសាសន៍ថា“សិស្សានុសិស្សជាទំពាំងស្នងឬស្សី ដូច្នេះយើងត្រូវថែរក្សាទំពាំងឱ្យបានល្អ។ សុខភាពជារឿងសំខាន់ណាស់។ ខ្ញុំចង់ឃើញពួកគាត់មានសុខភាពល្អ និងក្លាយជាធនធានឆ្នើមសម្រាប់អភិវឌ្ឍខ្លួនគេ គ្រួសារ និងស្រុកទេសវិញ”។
ថ្លែងក្នុងឱកាសសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងមុខងារជាជម្រើស ដែលប្រព្រឹត្តិឡើងក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី៥-៦ខែធ្នូលោក ជ័យ សម្បត្តិផល្លា អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ និងជាតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា“ការអនុវត្តមុខងារនេះធ្វើឱ្យការអភិវឌ្ឍមាននិរន្តរភាព ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងទាំងជីវភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋទូទាំងប្រទេស”។
កញ្ញា ANNA Klienschroth ប្រធានគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EUDAR)បានទទួលស្គាល់ថា ការអនុវត្តមុខងារជាជម្រើសពិតជាឆ្លើយតបនឹងតម្រូវការពលរដ្ឋ។ កញ្ញាមើលឃើញថា ទាំងអាជ្ញាធរ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋសុទ្ធតែបានចូលរួមសម្រេចចិត្តរួមគ្នាក្នុងដំណើរការអភិវឌ្ឍន៍ឱ្យមាននិរន្តរភាព។ ការងារទាំងនោះ រួមមាន ការគ្រប់គ្រងសំរាមសំណង់រឹង ការអប់រំ សេវាសង្គម និងការបញ្ជ្រាបយេនឌ័រជាដើម។ កញ្ញាបញ្ជាក់ថា “យើងសង្កេតឃើញថា គ្រប់ភាគីទាំងអស់មានឆន្ទៈបំពេញការងារតាមភារកិច្ចរៀងៗខ្លួន។ យើងនឹងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានតាមតំបន់ជនបទគ្រប់កន្លែងនៅថ្ងៃអនាគតប្រកបដោយផ្លែផ្កា”។
ការអនុវត្តមុខជាជម្រើសមានគោលបំណងលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការប្រើប្រាស់នូវសិទ្ធិអំណាចរបស់ខ្លួនប្រកប ដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិអាចផ្តួចផ្តើមជ្រើសរើសមុខងារជាជម្រើសមកអនុវត្តដោយផ្អែកលើតម្រូវការរបស់ប្រជាពលរដ្ឋ ឬអាទិភាពនៃមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្អែកទៅតាមសមត្ថភាពផ្នែករដ្ឋបាល បច្ចេកទេស និងហិរញ្ញវត្ថុដែលខ្លួនមាន។ គួររំលឹកថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើសដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤៕