កម្ពុជា-អាល្លឺម៉ង់ រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​កម្រិត​បច្ចេកទេស ស្ដីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍

ភ្នំពេញ ៤ តុលា ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេស ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងប្រទេស ទាំងពីរនាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ភ្នំពេញ ៤ តុលា ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេស ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងប្រទេស ទាំងពីរនាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

 

កិច្ចប្រជុំនេះប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Bjorn Schildberg ប្រធានផ្នែកប្រចាំប្រទេសកម្ពុជា នៃក្រសួងសហ ប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ អាល្លឺម៉ង់ និងមានការចូលរួមពីសំណាក់ស្ថានទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា តំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ និងតំណាងធនាគារ អភិវឌ្ឍន៍អាល្លឺម៉ងផងដែរ។

 

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា កិច្ចពិគ្រោះយោបល់នេះផ្តោតសំខាន់ លើវឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងការអនុវត្តគម្រោងកម្មវិធីកំពុងដំណើរការដែលអនុវត្តន៍ ដោយបណ្តាក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងពិនិត្យ ពិភាក្សាលើសំណើ គម្រោងថ្មី សម្រាប់ឆ្នាំ២០១៨-២០២០។

 

សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុង ឆ្នាំសារពើពន្ធ២០១៨-២០២០ ភាគីកម្ពុជាបានលើកសំណើគម្រោងថ្មីចំនួន០៩ ក្នុងរង្វង់ទឹកប្រាក់សរុបប្រមាណ៥២លានអឺរ៉ូ សម្រាប់គាំទ្រដល់ការអនុវត្តគម្រោងក្នុងវិស័យអាទិភាពចំនួន៣ រួមមាន៖ វិស័យសុខាភិបាល វិស័យអភិវឌ្ឍន៍ជនបទ និងអភិបាលកិច្ច (វិស័យយេនឌ័រ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ)។

 

ទន្ទឹមនឹងនេះ ភាគីអាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញវត្ថុ សរុបប្រមាណ៣០លានអឺរ៉ូ (ប្រមាណ៣៤លានដុល្លារអាម៉េរិក) ក្នុងមួយឆ្នាំ។

 

គួរបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៥ ទំហំហិរញ្ញប្បទានសហប្រតិបត្តិ ការទ្វេភាគីទាំង កិច្ចសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញវត្ថុផ្តល់ដោយរដ្ឋាភិបាលអាល្លឺម៉ង់ មានប្រមាណ ៥០០លាន ដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២,៧ភាគរយ នៃហិរញ្ញប្បទានដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់។

 

លើសពីនេះដើម្បីបង្កើនប្រសិទ្ធភាពនៃហិរញ្ញប្បទានសហប្រតិបត្តិការនេះ និងគោរពជាម្ចាស់របស់ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រឹងប្រែងតម្រឹមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ របស់ខ្លួនឱ្យស្របនឹងអាទិភាព នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨ យុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ និងយុទ្ធសាស្រ្តស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូឆ្នាំ២០១៤-២០១៨៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)


ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់