ពោធិ៍សាត់ ២១ ធ្នូ ២០១២៖ ប្រតិភូនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប
បានចុះធ្វើការសិក្សាវាយតម្លៃអំពីស្ថានភាពការគ្រប់គ្រង និងដំណើរការទូទៅរបស់រដ្ឋបាលខេត្តពោធិ៍សាត់រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ខែធ្នូ ឆ្នាំ២០១២។
នេះគឺជាការសិក្សាវាយតម្លៃដែលមានលក្ខណៈស៊ីជម្រៅដោយផ្ដោតសំខាន់លើរចនាសម្ព័ន្ធគ្រប់គ្រង ប្រព័ន្ធគណនេយ្យភាព របៀបរបបការងារ ការអនុវត្តតួនាទីនិងភារកិច្ច ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងថវិកា ស្ថានភាពការិយាល័យធ្វើការងារ និងបរិក្ខារការគាំទ្របច្ចេកទេស និងការរៀបចំអនុវត្តសកម្មភាពផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
គណៈប្រតិភូដែលចុះធ្វើការសិក្សាវាយតម្លៃនេះដឹកនាំដោយ ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ សមាជិកក្រុមការងារនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន និងលេខាធិការដ្ឋានគ.ជ.អ.ប បានជួបជាមួយក្រុមប្រឹក្សាខេត្ត ពោធិ៍សាត់ គណៈអភិបាលខេត្ត គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារ នាយករដ្ឋបាល និងទីចាត់ការទាំងប្រាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ និងជ្រើសរើសយកស្រុកមួយដើម្បីធ្វើការសម្ភាសន៍ទាក់ទងនឹងស្ថានភាពគ្រប់គ្រង និងកាបំពេញតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តពោធិ៍សាត់។
បន្ទាប់មកប្រតិភូបានចុះសិក្សាវាយតម្លៃរដ្ឋបាលស្រុកបាកាន ដោយបានចុះជួបសម្ភាសន៍ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារ នាយករដ្ឋបាល ប្រធានការិយាល័យ និងមន្ត្រីការិយាល័យរបស់ស្រុកបាកានទាក់ទងនឹងការអនុវត្តការងាររបស់រដ្ឋបាលស្រុកនោះផងដែរ។
ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងពិធីជួបជាមួយរដ្ឋបាលខេត្ត និងស្រុកថា ការសិក្សាវាយតម្លៃនេះមានគោលបំណងដើម្បីពិនិត្យមើលឡើងវិញអំពីរចនាសម្ព័ន្ធគ្រប់គ្រងនិងរបៀបរបបធ្វើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលរចនាសម្ព័ន្ធគ្រប់គ្រងនិងរបៀបរបបធ្វើការងារថ្មីនេះ រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តនិងចាប់តាំងពីក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឆ្នាំ២០០៩ កន្លងមក។
ឯកឧត្ដមបន្តថា៖ «ការសិក្សាវាយតម្លៃនេះដើម្បីស្វែងយល់ពីតម្រូវការ សំណូមពរផ្សេងៗរបស់រដ្ឋបាលខេត្ត ស្រុកដែលកំពុងអនុវត្តការងារប្រចាំថ្ងៃ ដើម្បីពិនិត្យមើលនិងរៀបចំលិខិតបទដ្ឋានគតិយុត្តិសម្រាប់អនុវត្តនិងឆ្លើយតបតម្រូវការជាក់ស្ដែងនៅពេលខាងមុខដែលថ្នាក់ជាតិនឹងធ្វើការផ្ទេរមុខងារក៏ដូចជាធនធាន ប្រគល់សិទ្ធិអំណាចជាបណ្ដើរដល់រដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តក្នុងនាមរាជរដ្ឋាភិបាល»។
គួរបញ្ជាក់ថា ការសិក្សាវាយតម្លៃនេះនឹងធ្វើនៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដោយក្រុមការងារវាយតម្លៃរបស់សាលាខេត្ត រាជធានីសាមីបន្ទាប់ពីក្រុមការងារសិក្សាវាយតម្លៃថ្នាក់ជាតិត្រូវបានបញ្ចប់៕