ភ្នំពេញ ២០ ធ្នូ ២០១៣៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១២ បានរៀបចំផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ២០១៣ដើម្បីអនុវត្តកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ក្នុងឆ្នាំ២០១៣ ថវិការបស់រាជរដ្ឋាភិបាលដែលបានវិភាជន៍ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ រួមមាន មូលនិធិឃុំ សង្កាត់ចំនួនប្រមាណ ៥០,៥លានដុល្លារ មូលនិធិក្រុង ស្រុកចំនួនប្រមាណ១៤,៧ លានដុល្លារ និងថវិការាជធានី ខេត្តមានចំនួន ១២៤លានដុល្លារ។ ដូច្នេះ ថវិកាជាតិដែលនឹងត្រូវវិភាជន៍សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០១៣ នេះ មានចំនួនប្រមាណ ១៨៩,២ លានដុល្លារអាមេរិក។ នេះជាសេចក្ដីរាយការណ៍របស់ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ដែលបានថ្លែងនៅក្នុងសិក្ខាសាលាជាតិស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៣ របស់ គ.ជ.អ.ប កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២។
ឯកឧត្ដម សក់ សេដ្ឋា បានថ្លែងបន្តថា ពាក់ព័ន្ធនឹងការអនុវត្តផែនការសកម្មភាពក្នុងឆ្នាំ២០១៣ មានថវិកាចំនួនប្រមាណ២២៧,៤លានដុល្លារ ដែលក្នុងនោះរួមមានការរួមចំណែកពីដៃគូអភិវឌ្ឍន៍ចំនួនប្រមាណ៣៤,២លានដុល្លារ ដើម្បីធ្វើការវិភាជន៍បែងចែកឲ្យទៅក្រសួង ស្ថាប័នអនុវត្តផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សិក្ខាសាលាជាតិរយៈពេលពីរថ្ងៃនេះ ថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១២ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្ដម គាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាន គ.ជ.អ.ប និងឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ដោយមានអ្នកចូលរួមចំនួន ៤២១ នាក់ (ស្ត្រី៦៧នាក់) ដែលមានសមាសភាពមកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានានៅថ្នាក់ជាតិ សម្ព័ន្ធភាពជាតិឃុំ សង្កាត់ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងសមាសភាពមកពីតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ សិក្ខាសាលានេះមានគោលបំណង៖
– ឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០១២។
– បង្ហាញអំពីសេចក្ដីព្រាងនៃការវិភាជន៍មូលនិធិដល់ស្ថាប័នអនុវត្តអនុកម្មវិធីទាំង៦ និងរាជធានី ខេត្តទាំង២៤ ដើម្បីរៀបចំជាផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០១៣។
– ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងនៃលទ្ធផលរំពឹងទុក និងសកម្មភាព សម្រាប់ឆ្នាំ២០១៣ ដែលបានរៀបចំឡើងដោយស្ថាប័នអនុវត្តនានារបស់ គ.ជ.អ.ប. និងជាពិសេសសកម្មភាពនានាដែលត្រូវទទួលខុសត្រូវអនុវត្តដោយរដ្ឋបាលថ្នាក់ក្រោមជាតិ។
– ពិភាក្សាដើម្បីស្វែងរកការកែលម្អ និងដំណោះស្រាយលើបញ្ហាពាក់ព័ន្ធនឹងការងារគ្រប់គ្រង និងការអនុវត្តកម្មវិធីជាតិ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្ដម គាត ឈន់ បានមានប្រសាសន៍ថា ការអនុវត្តនូវរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចថ្មីនៃរដ្ឋបាលថ្នាក់ក្រោមជាតិតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យតម្រូវឲ្យមានការរៀបចំអភិវឌ្ឍ និងការអនុវត្តយុទ្ធសាស្ត្រវិមជ្ឈការហិរញ្ញវត្ថុដ៏មានលក្ខណៈច្បាស់លាស់ និងប្រទាក់ក្រឡាគ្នាមួយ ដែលត្រូវផ្អែកលើមូលដ្ឋានសំខាន់ចំនួនបី៖ទី១-ការផ្ទេរមុខងារ និងការផ្តល់សេវាសាធារណៈឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ទី២-ការរៀបចំឲ្យមានចំណូលសមស្របសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងទី៣-ការរៀបចំ និងអនុវត្តនូវយន្តការផ្ទេរហិរញ្ញវត្ថុអន្តររដ្ឋបាលដ៏សមស្របមួយដើម្បីធានា ថា រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានការផ្ទេរធនធានហិរញ្ញវត្ថុពីថវិកាជាតិ។
ឯកឧត្ដម គាត ឈន់ បានថ្លែងថា ប្រសិទ្ធភាពនៃការអនុវត្តក្របខ័ណ្ឌការងារវិមជ្ឈការហិរញ្ញវត្ថុ វាអាស្រ័យជាសំខាន់ទៅលើប្រព័ន្ធ និងនីតិវិធីនានានៃការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីធានាឲ្យបានថា ធនធាន និងទ្រព្យសម្បត្តិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានប្រើប្រាស់ដោយអនុលោមទៅតាមច្បាប់ស្តីពីរបបហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
«បច្ចុប្បន្ននេះយើងបានអនុវត្តមូលនិធិផ្ទេរឲ្យឃុំ សង្កាត់ចំនួន ២.៨០% នៃចំណូលថវិកាចរន្តនៃថវិកាជាតិ ហើយមូលនិធិក្រុង ស្រុកត្រូវបានបង្កើត មានប្រមាណ ០.៨០% សម្រាប់បីឆ្នាំដំបូង២០១២ ២០១៣ និង ២០១៤។ មូលនិធិផ្ទេរឲ្យឃុំសង្កាត់ និងក្រុង ស្រុក នេះមិនមែនសម្រាប់ការផ្ទេរមុខងាររណាមួយនៅឡើយទេ គឺគ្រាន់តែជាមូលនិធិផ្ទេរគ្មានភ្ជាប់លក្ខខណ្ឌសម្រាប់ប្រើប្រាស់តាមឆន្ទានុសិទ្ធិ ឬក្នុងអាណត្តិកិច្ចរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះ។ ក្រៅពីមូលនិធិក្រុង ស្រុក និងឃុំសង្កាត់ នៅក្នុងរយៈពេល១០ឆ្នាំនៃការអនុវត្តកម្មវិធីជាតិ ប្រព័ន្ធអន្តររដ្ឋបាលនៅមានការរៀបចំបង្កើតយន្តការផ្តល់ហិរញ្ញប្បទានមួយចំនួនថែមទៀតសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ»។
ថ្លែងក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តម ស ខេង បានមានប្រសាសន៍ដោយលើកឡើងនូវសមិទ្ធផលសំខាន់ៗជាច្រើនដែលយើងសម្រេចបានក្នុងឆ្នាំ២០១២ ក្នុងនោះរួមមាន៖ សមិទ្ធផលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តការរៀបចំឡើងវិញ និងការពង្រឹងនូវរចនាសម្ព័ន្ធសា្ថប័ននៃរដ្ឋបាលថ្នាក់ក្រោមជាតិ,ការរៀបចំយន្តការ និងការផ្តល់អន្តរាគមន៍សម្រាប់ការអភិវឌ្ឍន៍សមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការរៀបចំកិច្ចដំណើរការផ្ទេរមុខងារ និងធនធានទៅឲ្យដល់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការបង្កើតមូលនិធិ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រុង ស្រុក,ការពង្រឹងយន្ដការនៃការបញ្ជ្រាបយេនឌ័រនៅក្នុងកិច្ចដំណើរការកំណែទម្រង់ និងការពង្រឹងសមត្ថភាព និងយន្តការគណនេយ្យភាពរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ឯកឧត្តម ស ខេង បានថ្លែងបន្តថា ទន្ទឹមនឹងការសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈនេះ ក៏នៅមានកិច្ចការ និងបញ្ហាប្រឈមជាច្រើនដែលត្រូវផ្តល់អាទិភាព និងផ្តោតការយកចិត្តទុកដាក់ដោះស្រាយតាមរយៈផែនការសកម្មភាព និងថវិកាឆ្នាំ២០១៣ ដើម្បីធានាដល់ការជំរុញឲ្យកិច្ចដំណើរការកំណែទម្រង់សម្រេចបាននូវគោលដៅរយៈពេលមធ្យម ដែលបានកំណត់នៅក្នុងផអ៣ និងឈានទៅសម្រេចបាននូវគោលដៅរយៈពេលវែង ដែលបានកំណត់នៅក្នុងកម្មវិធីជាតិ និងច្បាប់រៀបចំអង្គការ។
ឯកឧត្តម ស ខេង បានគូសបញ្ជាក់នូវបញ្ហាគន្លឹះមួយចំនួនដែលត្រូវបន្តយកចិត្តទុកដាក់អនុវត្ត និងដោះស្រាយនៅក្នុងឆ្នាំ២០១៣ដែលរួមមាន៖
• ការពង្រឹងភាពជាម្ចាស់ និងការទទួលខុសត្រូវលើកម្មវិធីកំណែទម្រង់
• ការៀបចំប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
• ការផ្ទេរមុខងារ និងធនធានទៅឲ្យដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
• ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងអភិវឌ្ឍស្ថាប័ន
• ការពង្រឹងក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ
• ការរៀបចំប្រព័ន្ធគ្រប់គ្រងបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
• ការពង្រឹងប្រព័ន្ធកសាងផែនការថ្នាក់ក្រោមជាតិ
• ការបញ្ជ្រាបយែនឌ័រ
• ការពង្រឹងយនុ្តការត្រូតពិនិត្យការបំពេញការងារ និងនិត្យានុកូលភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
• ការបន្តការគាំទ្រដល់ឃុំ សង្កាត់ និង
• ការបន្តពង្រឹងភាពជាដៃគូ។
ឯកឧត្ដម ស ខេង ក៏បានលើកឡើងនូវប្រសាសន៍របស់ឯកឧត្តម គាត ឈន់ ដែលបានថ្លែងក្នុងពិធីបើកសិក្ខាសាលាថា ក្នុងឆ្នាំ២០១៣នេះ ត្រូវផ្តល់អាទិភាពខ្ពស់ និងផ្តោតការយកចិត្តទុកដាក់ជាសំខាន់ ទៅលើការរៀបចំនិងដាក់ឲ្យអនុវត្តនូវប្រព័ន្ធមូលនិធិ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រុងស្រុក ដែលក្នុងនោះយើងត្រូវតែធានាឲ្យបានថា លិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំពាក់ព័ន្ធនានាសម្រាប់ការអនុវត្តប្រព័ន្ធនេះ នឹងត្រូវរៀបចំបញ្ចប់ឲ្យបានរួចរាល់យ៉ាងយូរបំផុតនៅក្នុងត្រីមាសទី១នៃឆ្នាំ២០១៣។
លើសពីនេះ យន្តការគាំទ្រផ្នែកបច្ចេកទេសដល់រដ្ឋបាលក្រុង ស្រុក ត្រូវតែបានពង្រឹងឡើងវិញ ដើម្បីធានាឲ្យបាននូវការទទួលខុសត្រូវតាមខ្សែគណនេយ្យភាពច្បាស់លាស់ ព្រមទាំងធានាបាននូវប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិនៃការចាប់ផ្តើមអនុវត្តប្រព័ន្ធមូលនិធិ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រុង ស្រុកនៅក្នុងឆ្នាំ២០១៣ខាងមុខនេះហើយកិច្ចការនេះ ត្រូវតែបានកំណត់ជាអាទិភាពខ្ពស់បំផុតនៅក្នុងផែនការសកម្មភាព និងថវិកាឆ្នាំ២០១៣។
លោកស្រី Kristina Kühnel ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស៊ុយអែដ (SIDA) ប្រចាំនៅកម្ពុជា បានថ្លែងថា ភាពជោគជ័យនៃកិច្ចដំណើរការ វិមជ្ឈការអាចនាំឱ្យមានការផ្លាស់ប្ដូរ និងការលើកកម្ពស់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងក្នុងក្របខ័ណ្ឌនៃសេវាកម្មដែលត្រូវបានធ្វើឱ្យកាន់តែប្រសើរឡើង និងតាមរយៈលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានដែលត្រូវបានលើកកម្ពស់។ «ខ្ញុំក៏មានការជឿជាក់ដែរថា យើងទាំងអស់គ្នាទទួលស្គាល់ពីភាពស្មុគស្មាញ និងភាពទូលំទូលាយនៃកំណែទម្រង់របស់យើង។ អាស្រ័យហេតុនេះ វាជាការលើកទឹកចិត្តក្រៃលែង ដែលយើងទាំងអស់គ្នាបានមើលឃើញពីវឌ្ឍនភាពដែលយើងសម្រេចបានចាប់តាំងពីពេលចាប់ផ្ដើម ផែនការអនុវត្តរយៈពេលបីដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិ មកម្ល៉េះ»៕