គេហទំព័រលេខាធិការដ្ឋាន គ.ជ.អ.ប បាននិងកំពុងត្រូវកែសម្រួលថ្មីឱ្យប្រសើរជាងមុន

គ.ជ.អ.ប​​​​​​​​ ត្រូវ​បាន​បង្កើត​ឡើង ដោយ​ព្រះ​រាជក្រឹត្យ​លេខ នស/រកត/១២០៨/១៤២៩​ ចុះ​ថ្ងៃ​ទី ៣១ ខែ​ធ្នូ​ ឆ្នាំ២០០៨។​ គ.ជ.អ.ប មាន​គណនេយ្យ​ភាព​ចំពោះ ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​​អនុវត្ត​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ​ខណ្ឌ (ច្បាប់​រៀបចំ​អង្គការ) ច្បាប់​ស្ដីពី​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​ និងអនុវត្ត​គោលនយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ។

គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.​អ. ប) គឺ​ជា​យន្តការ​អន្តរ​ក្រសួង​សម្រាប់​ការ​លើក​​កម្ពស់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​តាម​រយៈ​កំណែ​ទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។​

ដើម្បី​អនុវត្ត​ច្បាប់​រៀបចំ​អង្គការ និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​ និង​គោលនយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ អោយ​មាន​ប្រសិទ្ធភាព គ.ជ.អ.ប បាន​បង្កើត​អនុ​គណៈកម្មាធិការ​ចំនួន​០៤​គឺ៖ (១).អនុ​គណៈកម្មាធិការ​មុខងារ និង​ធនធាន (២).អនុ​គណៈកម្មាធិការ​សារពើពន្ធ និង​ហិរញ្ញវត្ថុ (៣).អនុ​គណៈកម្មាធិការ​បុគ្គលិក​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ (៤).អនុ​គណៈកម្មាធិការ​ផែនការ​អភិវឌ្ឍន៍​ថ្នាក់​ក្រោម​ជាតិ និង​លេខាធិការដ្ឋាន ដើម្បី​សម្របសម្រួល​ និង​គ្រប់គ្រង​ការ​អនុវត្ត​នេះ។

 

គ.ជ.អ.ប មាន​បេសកកម្ម​សំខាន់ៗ​ដូច​ខាង​ក្រោម៖

 

  • តាក់តែង និង​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​តាមរយៈ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ច្បាប់​ស្ដីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ និង​ច្បាប់​ស្តីពី​របប​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ
  • ផ្អែក​លើ​កម្មវិធី​ជាតិ គ.ជ.អ.ប ត្រូវ​រៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ប្រចាំ​ឆ្នាំ។
  • ពិនិត្យ​ឡើង​វិញ និង​ធ្វើ​បច្ចុប្បន្នភាព​លើ​កម្មវិធី​ជាតិ​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ​ទៀត​ អោយ​បាន​សមស្រប។
  • ពិគ្រោះ ពិភាក្សា សម្របសម្រួល​ជាមួយ​គ្រប់​ក្រសួង ស្ថាប័ន​ក្នុង​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​ទទួល​ខុស​ត្រូវ និង​មុខងារ​របស់​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​កំណត់​មុខងារ ការ​ទទួល​ខុស​ត្រូវ សិទ្ធ​អំណាច និង​គណនេយ្យ​ភាព​សម្រាប់​ផ្ទេរ​ដល់​ក្រុមប្រឹក្សា​នានា​នៅ​ថ្នាក់​ក្រោម​ជាតិ​ ដោយ​រួម​ជាមួយ​នឹង៖
    • ការ​ផ្ទេរ​ធនធាន រួមមាន ចំណូល ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិ និង​សមត្ថភាព ដើម្បី​គ្រប់គ្រង និង​អនុវត្ត​មុខងារ​នីមួយៗ។
    • ការ​ផ្ដល់​លទ្ធភាព និង​អំណាច ដើម្បី​ទទួល​បាន​ធនធាន​ចាំបាច់​រួមមាន​ចំណូល​ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិ និង​សមត្ថភាព​សម្រាប់​គ្រប់គ្រង និង​អនុវត្ត​មុខងារ​នីមួយៗ​នោះ។
    • ការ​ផ្ដល់​អំណាច និង​ភារកិច្ច ដើម្បី​គ្រប់​គ្រង និង​អនុវត្ត​រាល់​មុខងារ​របស់​ខ្លួន​តាម​គោលការណ៍​ស្វ័យភាព​មូលដ្ឋាន និង​គណនេយ្យ​ភាព​នៅ​មូលដ្ឋាន​ក្នុង​កម្រិត​ជា​អតិបរមា។​
  • ក្នុង​ពេល​រង់ចាំ​ការ​ផ្ទេរ​មុខងារ និង​ការ​ទទួល​ខុស​ត្រូវ​ដល់​ក្រុមប្រឹក្សា​នានា​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ គ...ប ត្រូវ​កំណត់​បែបបទ និង​នីតិវិធី​សម្រាប់​ធ្វើ​សមាហរណកម្ម​នូវ​ផែនការ​អភិវឌ្ឍន៍​ និង​ថវិកា​របស់​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​នៅ​ថ្នាក់​ក្រោម​ជាតិ​ទៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍ និង​ថវិកា​របស់​ក្រុមប្រឹក្សា​តាម​ប្រភេទ​នីមួយៗ។
  • អាច​ផ្ដល់​អនុសាសន៍​ដល់​រាជរដ្ឋាភិបាល ឬ​ក្រសួង ស្ថាប័ន​ណា​មួយ​នៃ​រាជរដ្ឋាភិបាល​អំពី​ការ​តាក់​តែង ឬ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ឬ​លិខិត​បទដ្ឋាន​នានា ដើម្បី​អោយ​ស្រប​តាម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​គោលនយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ។
  • ពិគ្រោះ​យោបល់ ពិភាក្សា និង​សម្របសម្រួល​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​នានា​តាម​ការ​ចាំបាច់ ដើម្បី​រៀបចំ​អោយ​មាន​របប​ហិរញ្ញវត្ថុ និង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ រួម​ទាំង​ការ​រៀបចំ​បទដ្ឋាន នីតិវិធី​នៃ​ការ​រៀបចំ ការ​អនុម័ត និង​ការ​អនុវត្ត​ថវិកា​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ ការ​រៀបចំ​ប្រភព​ចំណូល​រួមមាន​ ចំណូល​ពី​ថ្នាក់​ជាតិ និង​ចំណូល​នៅ​មូលដ្ឋាន ការផ្ទេរ​ឧបត្ថម្ភ​ថវិកា រួមមាន​មូលនិធិ​ផ្ទេរ​មាន​ភ្ជាប់​លក្ខខណ្ឌ និង​មូលនិធិ​ផ្ទេរ​គ្មាន​ភ្ជាប់​លក្ខខណ្ឌ​ពី​ថ្នាក់​ជាតិ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ការ​ផ្ទេរ​ទ្រព្យ​សម្បត្តិ​រដ្ឋ ការ​ចាត់ចែង ការ​គ្រប់គ្រង ការ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដែល​ប្រគល់​អោយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​ទ្រព្យ​សម្បត្តិ​ដែល​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​រក​បាន​ដោយ​ខ្លួន​ឯង​ ដោយ​មាន​ផែនការ​ជា​ជំហាន​ៗ​ មាន​សនិទាន​ភាព មាន​ការ​សម្រប​សម្រួល មាន​ការ​ពិគ្រោះ​យោបល់ មាន​តម្លាភាព និង​គណនេយ្យ​ភាព។​
  • សហការ​ជាមួយ​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ដើម្បី​កំណត់​គោលនយោបាយ​យុទ្ធសាស្ត្រ​សម្រាប់​ការ​ពិនិត្យ និង​ការ​កែសម្រួល​ឡើង​វិញ​នូវ​ការ​រៀបចំ​បុគ្គលិក ស្រប​ពេល​ជាមួយ​នឹង​ការ​ផ្ទេរ​មុខងារ​ និង​ការ​ទទួល​ខុស​ត្រូវ ក្នុង​គោលបំណង​បង្កើត​អោយ​មាន​ក្របខ័ណ្ឌ​បុគ្គលិក​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ទៅ​តាម​របៀបរបប​ដែល​មាន​ផែនការ មាន​កម្មវិធី មាន​សនិទាន​ភាព មាន​ការ​ពិគ្រោះ​យោបល់ និង​មាន​តម្លាភាព។
  • កំណត់​អំពី​ប្រភេទ​បុគ្គលិក​សម្រាប់​ប្រភេទ​ក្រុមប្រឹក្សា​នីមួយៗ និង​កំណត់​អំពី​របៀបរបប​ និង​មធ្យោបាយ​ក្នុង​ការ​កែសម្រួល​ឡើង​វិញ​នូវ​ការ​រៀបចំ​បុគ្គលិក ដោយ​ធានា​មិន​អោយ​មាន​ការ​បង្កើន​ចំនួន​បុគ្គលិក​សាធារណៈ។
  • សហការ​ជាមួយ​រដ្ឋលេខាធិការដ្ឋាន​មុខងារ​សាធារណៈ និង​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​តាម​ការ​ចាំបាច់ ដើម្បី​រៀបចំ​សេចក្ដី​ព្រាង​លក្ខន្តិកៈ​ដោយ​ឡែក​សម្រាប់​បុគ្គលិក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។
  • ត្រូវ​ធានា​អោយ​មាន​ការ​សម្រប​សម្រួល និង​ពិគ្រោះ​យោបល់​អំពី​គោលនយោបាយ យុទ្ធសាស្ត្រ និង​កម្មវិធី​កំណែ​ទម្រង់​នានា​ដែល​អនុវត្ត​ដោយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដើម្បី​អោយ​មាន​សង្គតិ​ភាព​ជាមួយ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​កម្មវិធី​ជាតិ។
  • សិក្សា​ស្រាវជ្រាវ និង​កំណត់​ឡើងវិញ​នូវ​ព្រំប្រទល់​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​តាម​ការ​ចាំបាច់។
  • សិក្សា​ស្រាវជ្រាវ​អំពី​កំណើន​ទីក្រុង និង​នគរូបនីយកម្ម សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​បង្កើត​នូវ​គោលនយោបាយ​ រចនាសម្ព័ន្ធ និង​យុទ្ធសាស្ត្រ​គ្រប់គ្រង​ទីក្រុង​បាន​អោយ​សមស្រប។
  • រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ សម្រាប់​ការ​កសាង​សមត្ថភាព​ក្រុមប្រឹក្សា និង​រដ្ឋបាល​របស់​ក្រុម​ប្រឹក្សា​នៅ​ថ្នាក់​ក្រោម​ជាតិ។
  • សហការ​ សិក្សា​ស្រាវជ្រាវ និង​ផ្ដល់​អនុសាសន៍​ដល់​រាជរដ្ឋាភិបាល ក្នុង​ការ​បង្កើត​នូវ​មូលនិធិ​សម្រាប់​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ដ៏​សមស្រប​មួយ ដើម្បី​ប្រមូល​ផ្ដុំ​ប្រភព​ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​សម្រាប់​តម្រូវការ​ផ្នែក​បុគ្គលិក និង​កិច្ច​សហប្រតិបត្តិការ ការ​អភិវឌ្ឍន៍ ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​តម្រូវការ​ចាំបាច់​នានា​នៅ​ថ្នាក់​ក្រោម​ជាតិ​ ព្រមទាំង​ការ​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា។
  • ស្រាវជ្រាវ ពិនិត្យ​ឡើង​វិញ និង​ផ្ដល់​អនុសាសន៍​ដល់​រាជរដ្ឋាភិបាល​អំពី​ទម្រង់​សម្រាប់​កៀរគរ និង​ប្រើប្រាស់​ធនធាន​នៅ​ក្នុង និង​ក្រៅ​ប្រទេសសម្រាប់​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ។
  • ស្រាវជ្រាវ និង​រៀបចំ​នូវ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​គាំទ្រ​ដល់​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​ធានា​អោយ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ជា​ភាគី​នៃ​កិច្ច​ព្រមព្រៀង​នេះ ដែល​ជា​ការ​ធានា​នូវ​ការ​តម្រឹម និង​សុខដុមនីយកម្ម​ក្នុង​ការ​ប្រើប្រាស់​ជំនួយ។
  • បង្កើត​នូវ​វេទិកា​ដ៏​សមស្រប​មួយ​រវាង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​សម្រាប់​សម្រប​សម្រួល​កិច្ច​សហប្រតិបត្តិការ និង​គាំទ្រ​ដល់​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ។​
  • ធានា​អោយ​មាន​ការ​ផ្ទេរ​សិទ្ធិ និង​ការ​ទទួល​ខុស​ត្រូវ​ពី​រដ្ឋបាល​ខេត្ត ក្រុង ស្រុក ខណ្ឌ​បច្ចុប្បន្ន​ទៅ​អោយ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ដែល​បាន​បង្កើត ស្រប​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
  • ធ្វើ​សេចក្ដី​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​រៀង​រាល់​ឆ្នាំ​អំពី​ការ​អនុវត្ត​ច្បាប់​ស្ដីពី​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ។