តាងនាមឱ្យគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ខ្ញុំសូមស្វាគមន៍ លោកអ្នកដែលបានចូលមកកាន់គេហទំព័ររបស់យើង។ តាមរយៈគេហទំព័រនេះ លោក អ្នកអាចស្វែងរកព័ត៌មានជាច្រើន អំពី គ.ជ.អ.ប គោលនយោបាយ ច្បាប់ កម្មវិធី ផែនការ សកម្មភាព និងការវិវឌ្ឍន៍នានា។

គ.ជ.អ.ប ត្រូវបានបង្កើតឡើងដើម្បីជំរុញការអនុវត្តច្បាប់រៀបចំអង្គការឆ្នាំ២០០៨ (ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ)។ ច្បាប់នេះ នឹងនាំមកនូវការផ្លាស់ប្ដូរយ៉ាងសំខាន់ក្នុងដំណើរការអភិបាលកិច្ចនៅកម្ពុជា និងដំណើរការនៃការផ្តល់សេវានានាជូនប្រជាពលរដ្ឋ។ ច្បាប់រៀបចំអង្គការមានឥទ្ធិពលដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដូចដែលបានកំណត់នៅក្នុង

ក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយច្បាប់នេះ ផ្ដល់អាណត្តិដល់ គ.ជ.អ.ប ដើម្បីឈានឆ្ពោះទៅរកកំណែទម្រង់នេះ។

រាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ជនងាយរងគ្រោះ និងជនពិការ។ យើងបានធ្វើឱ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលខ្លីទាក់ទងនឹងស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរីនីយកម្មសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍនានានៅក្នុងវិស័យកសិកម្ម អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត។ ទោះបីជាយ៉ាងណាក៏ដោយ យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញ។ យើងចង់ឃើញកូនចៅរបស់យើងទាំងអស់ទទួលបាននូវការអប់រំប្រកបដោយគុណភាពខ្ពស់ ទទួលបានសេវាសុខភាពប្រកបដោយគុណភាព។ យើងចង់បានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារដែលអាចឱ្យវិស័យកសិកម្មមានការរីកចម្រើន។ យើងចង់ឲ្យប្រព័ន្ធអភិបាលកិច្ចដែលជំរុញឱ្យមានការរីកចម្រើនខាងសហគ្រាស និងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីបង្កើតការងារ និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ទាំងអស់នេះគឺជាឧទាហរណ៍នៃគោលដៅនានាដែលជាផ្នែកនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។

ដើម្បីសម្រេចបានគោលដៅទាំងនេះ របៀបរបបបំពេញការងាររបស់រដ្ឋាភិបាលកម្ពុជានឹងត្រូវផ្លាស់ប្តូរ ដោយបង្កើតប្រព័ន្ធអភិបាលកិច្ចថ្មី ដែលបង្ខិតការផ្ដល់សេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ។ ទស្សនវិស័យរបស់រាជរដ្ឋាភិបាលបានកំណត់ថា៖ «ប្រព័ន្ធនេះត្រូវដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាព ដើម្បីជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។

យើងជឿជាក់ថា ប្រព័ន្ធអភិបាលកិច្ចថ្មីគឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រទេស។ យើងបានរៀបចំឲ្យមានក្រុមប្រឹក្សាជាប់ឆ្នោតនៅថ្នាក់ក្រោមជាតិ ហើយយើងនឹងផ្ដល់ការទទួលខុសត្រូវឱ្យពួកគាត់ជាបណ្ដើរៗ រួមជាមួយនឹងធនធានមនុស្ស និងហិរញ្ញវត្ថុ ដើម្បីផ្ដល់សេវាសាធារណៈឱ្យបានទូលំទូលាយ។ ពួកគេនឹងក្លាយជាអ្នកអនុវត្តតាមបែបប្រជាធិបតេយ្យ ប្រកបដោយប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព ដែលអាចដោះស្រាយបញ្ហាយេនឌ័រ និងវិសមភាពផ្សេងៗបានកាន់តែប្រសើរ និងអាចប្រឆាំងអំពើពុករលួយបានទៀតផង។ យើងទទួលស្គាល់ថា ការអភិវឌ្ឍមិនមែនបានមកពីរដ្ឋាភិបាលតែឯកឯងនោះទេ ប៉ុន្តែវាត្រូវការការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ហើយប្រព័ន្ធថ្មីនឹងធ្វើការសម្របសម្រួលលើកិច្ចការនេះ។

កំណែទម្រង់នេះនឹងជួបការលំបាក ភាពសាំញ៉ាំ ការចំណាយនូវពេលវេលា និងថវិកា។ រាជរដ្ឋាភិបាលមានការតាំងចិត្តក្នុងការអភិវឌ្ឍការផ្ដល់ថវិកា និងការអនុវត្តកម្មវិធីកំណែទម្រង់រយៈពេល១០ឆ្នាំដ៏មានសារៈសំខាន់នេះ។ យើងពិតជាមានភ័ព្វសំណាងដោយមានដៃគូអភិវឌ្ឍន៍គាំទ្រគោលនយោបាយ និងផែនការរបស់យើងយ៉ាងខ្លាំងក្លា និងផ្ដល់ជំនួយហិរញ្ញវត្ថុ និងប្រភេទជំនួយផ្សេងទៀត ដើម្បីជួយយើងក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ជាតិរបស់យើង។ យើងក៏សូមថ្លែងអំណរគុណចំពោះការគាំទ្រ និងការផ្ដល់ជំនួយនេះផងដែរ។

យើងនឹងប្រើប្រាស់គេហទំព័រ គ.ជ.អ.ប នេះដើម្បីផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីកិច្ចការរបស់យើង។ យើងចង់អោយលោកអ្នកបានដឹងនូវអ្វីដែលយើងកំពុងធ្វើការ របៀបដែលយើងបំពេញការងារ និងការវិវឌ្ឍន៍ដែលយើងសម្រេចបាន។ ខ្ញុំជឿជាក់ថា យើងនឹងទទួលបាននូវមេរៀនបទពិសោធន៍នានាដើម្បីចែករំលែកដល់លោក អ្នក។ យើងនឹងផ្ដល់ឯកសារទាំងភាសាខ្មែរ និងភាសាអង់គ្លេសតាមដែលអាចធ្វើទៅបាន តាមរយៈគេហទំព័រនេះ។ យើងក៏សូមស្វាគមន៍រាល់មតិ យោបល់ និងការស្នើសុំនានារបស់លោកអ្នកទាក់ទងនឹងទិដ្ឋភាពនៃការបំពេញការងាររបស់យើង៕

 

សម្តេចក្រឡាហោម ស ខេង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប