ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញជា​​អធិបតី​​ដ៏ខ្ពង់ខ្ពស់​​ក្នុងពិធី​​ចុះ​​អនុស្សារណៈ​​យោគយល់​​ក្នុងការអនុវត្ត​​គម្រោងគណនេយ្យ​​​​ភាពសង្គម​​​ ​​ដើម្បីធ្វើឱ្យប្រសើរឡើ​ង​​នូវសេវាសាធារណៈ​​

រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ​​​គ្រប់គ្រង​​​​​ការអនុវត្ត​​​​​​ផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម (គ.គ.អ.ស) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​​​​ក្នុងពិធី​​​ចុះអនុស្សារណៈ​យោគយល់​​ក្នុងការអនុវត្តគម្រោង​​គណនេយ្យភាពសង្គម ដើម្បីធ្វើឱ្យប្រសើរ​​​ឡើងនូវ​​​សេវាសាធារណៈរវាងអង្គការទស្សនៈពិភពលោកកម្ពុជា និងតំណាងអង្គការអនុវត្តគម្រោងគណនេយ្យភាពសង្គមចំនួន១១ ក្រោមការគាំទ្រ​​មូលនិធិពីសហភាពអឺរ៉ុប និង​​​អង្គការទស្សនៈ​​​​​ពិភពលោកប្រចាំប្រទេសអាល្លឺម៉ង់ នៅក្នុងសណ្ឋាគារហ៊ីម៉ាវ៉ារី។ ពិធីនេះមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងរដ្ឋបាលថ្នាក់ក្រោម​ជាតិ តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអ្នកសម្របសម្រួលគណនេយ្យ​​​​ភាពសហគមន៍ស័្មគ្រចិត្ត (CAFs) សរុបប្រមាណ ១០០រូប​។

ពិធីចុះអនុស្សារណៈយោគយល់នេះមានគោលបំណង គឺដើម្បីជួយ​​​ដល់អង្គការដៃគូទាំង ១១ ឱ្យបំពេញ​​​​​ការងាររួម​គ្នា​​​​​ក្នុងគោលដៅធ្វើឱ្យ​​​​មានភាពប្រសើរឡើងនូវ​​​សេវាសាធារណៈ​​​​រវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវានៅតាមតំបន់​​​​គោលដៅ​​​របស់អង្គការទាំងអស់នៅទូទាំងប្រទេស។

ក្នុងនាមគណៈកម្មាធិការ​​គ្រប់គ្រង​​​​ការអនុវត្តផែនការ​​​​គណនេយ្យភាពសង្គម ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស បានបង្ហាញ​សេចក្តីសោមនស្សរីករាយ​​​ដែលបាន​​​​ចូលរួមជាមួយឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី​​ តំណាងដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលជាដៃគូរបស់រាជរដ្ឋាភិបាល​​​​ក្នុង​ពិធី​បើកកម្មវិធីចុះអនុស្សារណៈ​​​​យោគយល់​​រវាង​​​អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជាជាមួយ​​​អង្គការដៃ​​គូ​​​​​ចំនួន ១១ដែលនឹងត្រូវ​​​​អនុវត្តការងារ​គណនេយ្យភាព​សង្គម​​​​ក្នុងខេត្តតាកែវ កំពង់ចាម និង​​​ខេត្តពោធិសាត់​​​​​​​​ក្រោម​កិច្ច​គាំទ្រមូលនិធិពីសហភាពអឺរ៉ុប នាពេលនេះ។

​​​​​ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការបានចូលរួមអបអរសាទរជាមួយនឹង​​​សមិទ្ធផលការងារជាផ្លែផ្កា​គួរឱ្យកត់សម្គាល់​ដែលគម្រោងសម្រេចបាន កន្លងមក​ ក្នុងនោះ រួមមាន៖ ១. ការលើកកម្ពស់តម្លាភាព និងលទ្ធភាពទទួលបានព័ត៌មាន​​​​​​អំពីស្តង់ដារសេវា ថវិកា និងការបំពេញការងារ ២. ការចូលរួម​​​តាមដាន​ត្រួតពិនិត្យរបស់ប្រជាពលរដ្ឋ និង៣. ការកសាងសមត្ថភាព។ បន្ថែមលើសពីនេះ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍតាម​បែប​ប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ និង​ គ.គ.អ.ស ឯកឧត្តមរដ្ឋលេខាធិការ​​បានសំដែង​​នូវ​​ការ​អរគុណ និងសរសើរ​​​ចំពោះ​​​​ការខិតខំប្រឹងប្រែង​​បំពេញតួនាទី ភារកិច្ចរៀងៗខ្លួនអនុវត្តការងារ​​​​តាមផែនការសកម្មភាពដែលបានគ្រោងទុករបស់បុគ្គលិក និងអ្នកស័្មគ្រចិត្តសហគមន៍។

ឯកឧត្តម ងី ច័ន្ទ្រផល បានប្រសាសន៍បញ្ជាក់ថា៖‍«ការចូលរួមរបស់អាជ្ញាធរ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និង​​ដៃគូអភិវឌ្ឍទាំងអស់​​​បាននាំមកនូវភាពជោគជ័យដ៏ធំ​​​មួយទៀត​​​​សម្រាប់ការអនុវត្ត​​​ផែនការ​​យុទ្ធសាស្រ្ត​​គណនេយ្យ​​ភាព​​សង្គម​​នៅកម្ពុជា។ យើងនឹង​​​អាចសម្រេច​​បាននូវការធ្វើឱ្យ​​​ប្រសើរឡើង​​​​នូវគុណភាព​​នៃសេវាសាធារណៈ​​​ថ្នាក់មូលដ្ឋាន​​​​ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេស»។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស បានមានប្រសាសន៍បន្ថែមថា ដើម្បីឈានទៅ​​សម្រេច​បាន​​​នូវប្រសិទ្ធភាព​នៃការផ្តល់សេវាសាធារណៈតាមគោលដៅ និងផែនការ​​​​​ទាមទារចាំបាច់នូវ៖

១. ភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត​​ទាំងនៅក្នុងវិស័យសាធារណៈ ទាំងវិស័យឯកជន

២. ការកសាងមូលដ្ឋាននៃធនធានមនុស្ស​​ និង​​ការកសាង​​នូវស្ថាប័ន ទាំងមូលដ្ឋានច្បាប់ វិធាន និងអភិបាលកិច្ច

និង៣. ការលើកកម្ពស់គុណតម្លៃនៃសង្គម និងគុណធម៌នៃបុគ្គល។​

ជាមួយនេះដែរ លោក ឡេង វីរៈ នាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោកកម្ពុជាបានមានប្រសាសន៍ថា អង្គការ​ទស្សនៈពិភពលោក​​​បានចូលរួម​​​​​គាំទ្រដល់​​ការអនុវត្ត​​ផែនការយុទ្ធសាស្រ្ត​​​គណនេយ្យសង្គមនៃរាជរដ្ឋាភិបាលកម្ពុជា​​​​ចាប់តាំងពីឆ្នាំ ២០១៥មក ដោយ​​​បានចូលរួមចំណែក​​​ក្នុងការជួយ​​​ឱ្យគុណភាព​​​​​នៃការផ្គត់ផ្គង់​​​សេវាកម្ម​សាធារណៈ​​​​មានភាពប្រសើរឡើង។

ទន្ទឹមនេះដែរ លោកស្រី Francesca Cicomartino តំណាង​​សហភាពអឺរ៉ុប​ប្រចាំកម្ពុជា​បានមានប្រសាសន៍ថា ការអនុវត្តផែនការ​​​​យុទ្ធសាស្រ្ត​​​​គណនេយ្យភាពសង្គម​​​​កំពុងត្រួសត្រាយ​​​ផ្លូវឆ្ពោះ​​​​ទៅកាន់​​ការផ្តល់សេវា​​​​សាធារណៈ​​​​ឆាប់​រហ័ស​​​ មានគណនេយ្យភាព ​និងប្រកបដោយតម្លាភាព។​​​

សូមជម្រាបជូនថា គណនេយ្យភាពសង្គមក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានគោលបំណង​ផ្តល់នូវសិទ្ធិ​អំណាច​ដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេស ក្រុមដែលតំណាងឲ្យផលប្រយោជន៍របស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួម​ពង្រឹងការ​ចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាម​ដានលើ​ការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់