ពិធីប្រកាសតែងតាំងចូលកាន់តំណែងជាអភិបាល អភិបាលរង និង នាយករដ្ឋបាលសាលាស្រុកស្វាយលើ

លោក អៀង ពិសិដ្ឋ ឋានន្តរសកិ្តវរៈមន្ត្រីថ្នាក់លេខ៤ អភិបាលរង​ស្រុកសូទ្រនិគម ត្រូវបានធ្វើការប្រកាសចូលកាន់​តំណែងជា​អភិបាល​ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៣ ខែ តុលា ឆ្នាំ២០១៩ នៅរដ្ឋបាលសាលាស្រុកស្វាយលើ ជំនួសលោក ស៊ិក ប៊ុនស៊ិន អតីតអភិបាលស្រុកដែលត្រូវបានចូលនិវត្ត និង ប្រកាស​អភិបាលរង​ស្រុក១រូប នាយករដ្ឋបាលសាលាស្រុក១រូប ក្រោមអធិបតីភាព​របស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកអភិបាលស្រុកស្តីទី និង សេចក្តីរបាយ​ការណ៍ស្តីពីសមិទ្ធផលដែលបានកសាង និង អភិវឌ្ឍន៍ក្នុងស្រុក ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង បានលើនូវបញ្ហា​ប្រឈម និង ឧបសគ្គមួយចំនួន និង ការកំណត់​ដែនសមត្ថកិច្ចការ​ទទួលខុសត្រូវរវាងស្ថាប័នជាតិ និង ថ្នាក់ក្រោម​ជាតិ ដើមី្បឲ្យការ​អនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់​ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាព ។

លោក សន សេរីវុទ្ធី នាយកទីចាត់ការធនធានមនុស្ស នៃសាលាខេត្ត បានអាននូវអនុក្រិត្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតែង​តាំងលោក អៀង ពិសិដ្ឋ ឲ្យកាន់មុខតំណែងជាអភិបាលនៃ​គណៈអភិបាល​ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីដឹកនាំការអភិវឌ្ឍន៍គ្រប់វិស័យ​បន្តជំនួស លោក ស៊ិក ប៊ុនស៊ិន អតីតអភិបាលស្រុក ដែលត្រូវបានចូលនិវត្ត ។

បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និង ត្រា ព្រមទាំងការប្តេជ្ញា​ចិត្តរបស់​លោកអភិបាល អភិបាលរងស្រុកដែលទើបទទួលបានការតែង​តាំងថ្មីរួចមក ឯកឧត្តម ទៀ សីហា ក៏បានធ្វើការបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារគ្រប់ អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការ ងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ ។ ការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង អាជ្ញាធរខេត្តចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ ។ ម៉្យាងទៀតក៏ជាគោលការណ៍​របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំនូវរចនាសម្ព័ន្ធក្បាលម៉ាស៊ី​ដឹកនាំថ្នាក់ក្រោមជាតិ ដើមី្បឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ក្នុងការបម្រើដល់តម្រូវការផលប្រយោជន៍របស់ប្រជាជន។

ឯកឧត្តម បានលើកនូវសមទ្ធិផលដែលស្រុកទទួលបានមកនេះ ក៏កើតឡើងពីសន្តិភាព ហើយក៏ជាសមទ្ធិផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តម បានក្រើនរំលឹកដល់អភិបាលស្រុកបន្ទាយស្រី ដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការជូន​ប្រជាពលរដ្ឋឲ្យកាន់​តែសកម្មខ្លាំងក្លាថែមទៀត ដោយត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមបន្តថា កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន គឺជាភារកិច្ចស្នូល សុខទុក្ខប្រជា​ពលរដ្ឋជាបញ្ហាចំបង ការងារទប់ស្កាត់រាល់បទល្មើសផ្សេង​ៗក្នុងដែន​សមត្ថកិច្ចរបស់ខ្លួន វាជាការងារដ៏សំខាន់ ។ នៅចំពោះមុខ ការងារអប់រំ​ប្រជាពលរដ្ឋឲ្យអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ គឺជាកាតព្វកិច្ច ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ពាក់ព័ន្ធដល់​ឥទ្ធិពលនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ហើយដែលស្ថិតក្នុងន័យប្រសើរថែមទៀតនោះ ការចូលរួម​បោះឆ្នោត​គឺមានន័យថាស្រឡាញ់ជាតិ រួមគ្នាថែរក្សាសន្តិភាព បន្តនិរន្តរភាពនៃការ​អភិវឌ្ឍប្រទេសជាតិ ។ ម៉្យាងទៀត ត្រូវធ្វើការពង្រីកនូវ លើវិស័យទេសចរណ៍នៅក្នុងសហគមន៍ ដោយមានការរួមសហការជាមួយ​មន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ ដើមី្បជាផលប្រយោជន៍ជូនដល់​ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្វាយលើទាំងមូល និង ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល មន្ត្រីរាជការលើការដឹកនាំ គ្រប់គ្រង ការិយាល័យ និង អង្គភាពក្នុងស្រុកឲ្យបានល្អ និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងសាលាស្រុក ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយបណ្តា ស្ថាប័ន អង្គភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និង ប្រជាជន ដោយខេត្តសៀមរាប ក៏ដូចស្រុកស្វាយលើ ជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ៕

ប្រភពពីរដ្ឋបាលខេត្តសៀមរាប

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់